ដោយគង់ សូរិយា
ភ្នំពេញៈ ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរនៅតំបន់់ឆ្នេរកម្ពុជា ពិសេសខេត្តកំពត ក្រុមហ៊ុន Forest Hamony Co, Ltd បានសម្រេចបោះទុន ១៨លានដុល្លារអាមេរិក ដើម្បីសាងសង់វីឡាលំ ហែរកាយនៅលើផ្ទៃដីជាង១៣ហិកតា ក្បែរទីក្រុងកំពត។

-->
គំរោងប្រកបដោយប្រណីតភាពនេះ បាននិងកំពុងជំរុញបន្ថែមទៀតលើសក្តានុពលដែលមានស្រាប់នៅក្នុងខេត្តកំពត ដែលជាតំបន់កំពុងមានការវិនិយោគយ៉ាងច្រើនលើលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍរបស់គំរោង Forest Hamony ជាស្ទីលថ្មីមួយ ដែលផ្តល់ឲ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញនិងសំរាប់ការលំហែរកំសាន្ត ប្រកបភាពស្រស់ស្រាយ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Forest Hamony បានឲ្យដឹងថា គំរោង Forest Hamony នឹងមានផ្ទះវីឡាលំហែរ ដែលសាងសង់នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ឋ ។ គំរោងនេះមានផ្ទះសរុបចំនួន៩០ ដោយផ្ទះនិមួយៗមានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួន ជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។

ដោយផ្តោតលើការសម្របខ្លួនជាមួយនឹងលក្ខខ័ណ្ឌប្រែប្រួលអាកាសធាតុ គំរោងនេះត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើងដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅមានផាសុខភាព។

លើសពីនេះគំរោង Forest Hamony ក៏រួមបញ្ជូលនូវទីលានវាយតេន្នីស កន្លែងទាត់បាល់ និងកីឡាផ្សេងៗទៀត។

លោក Saraj Shutton តួនាទីជា COO of Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ការអភិវឌ្ឍលើទឹកដីខេត្តកំពត បាននិងកំពុងបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ហើយការចាប់ផ្តើមគំរោងដ៏ប្រណីតនេះ ជាការឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋ ក៏ដូចជាឆ្លើយតបនឹងការអភិវឌ្ឍជាក់ស្តែងរបស់ខេត្ត ពិសេសវិស័យឯកជនបាន និងកំពុងគាំទ្រគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល ខណៈពេលវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា ហើយនិន្នាការនៃការរីកចម្រើននេះ នឹងបន្តរយៈពេលវែងបន្តទៀត។

ផ្ទះនិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី ៣៦០ ទៅ ៧២០ម៉ែត្រការ៉េ កំពស់២ជាន់ និងមានការរៀបចំសួនច្បារយ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡាលំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ហើយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ។
លោក Saraj Shutton បានមានប្រសាសន៍ឲ្យដឹងទៀតថា គំរោង Forest Hamony បាន និងកំពុងប្រែក្លាយតំបន់ស្ថិតនៅក្បែរទីរួមខេត្តកំពត កាន់តែមានភាពរីកចម្រើន ខណៈកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង បានក្លាយជាកំលាំងចលករដ៏សំខាន់ ក្នុងការធ្វើឲ្យទីរួមខេត្តកំពត កាន់តែពង្រីកវិសាលភាពរបស់ខ្លួនមួយកម្រិតទៀត។
បច្ចុប្បន្នក្រុមហ៊ុន Forest Hamony បាននិងកំពុងទទួលការកក់ប្រាក់ពីអតិថិជនបណ្តើរៗហើយ។
គំរោងនេះ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ និងប្រកាសសម្ភោធជាផ្លូវការនៅថ្ងៃទី៣០ វិច្ឆិកានេះ ដោយគ្រោងចំណាយពេលសាងសង់់រយៈពេល២៤ខែ។

ខេត្តកំពតមានចម្ងាយ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគនារតីនៃប្រទេស ជាខេត្តដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿនលើគ្រប់វិស័យ ដោយបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពង្រីកផ្លូវជាតិលេខ៣ជាបួនគន្លងរថយន្ត និងជាខេត្តដែលនឹងទទួលរៀបចំពិធីបុណ្យសមុទ្រនៅចុងឆ្នាំនេះ៕
