ចំនួន​ផ្សារ​ទំនើប​នឹង​កើនឡើង​ដល់ ២១ទីតាំងនៅ​ដំណាច់ឆ្នាំ២០១៩​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​កម្លាំង​ នៃ​ការ​បញ្ជាទិញ​មានការ​កើនឡើង​ខ្ពស់​បាន​ជំរុញ​ឱ្យ​ការ​ផ្គត់ផ្គង់​ ផ្សារ​ទំនើប​គ្រប់​ប្រភេទ​មាន​កំណើន​យ៉ាងច្រើន​ ដែល​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ចំនួន​ផ្សារ​ទំនើប​មាន​រហូតដល់២១ទីតាំង​ ស្មើនឹង​ប្រមាណ ៣៣៧​,៤០០​ ម៉ែត្រការ៉េ​ ដែល​នឹង​ដាក់បញ្ចូល​នៅ​លើ​ទីផ្សារ​រួម​។

ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​អាច​រក្សា​បាន​នូវ​កំណើន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ជាប្រចាំ​ ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រកបាន​ចំណូល​ខ្ពស់​ និង​មានលទ្ធភាព​ល្អ​ប្រសើរ​នោះ​ បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​លើ​វិស័យ​ផ្សារ​ទំនើប​ មានការ​កើនឡើង​ជាបន្តបន្ទាប់​ ជាមួយនឹង​ការប្រកួត​ប្រជែង​គ្នា​ ដើម្បី​ដណ្ដើមយក​ចំណែក​ទីផ្សារ​ផង​ដែរ​។

តាម​ការ​ឱ្យ​ដឹងពី​សំណាក់​អ្នកជំនាញ​ ក្នុង​វិស័យ​ផ្សារ​ទំនើប​នៅ​កម្ពុជា​បាន​លើកឡើង​ថា​សម្រាប់​តែ​នៅក្នុង​ឆ្នាំ២០១៩​ កំណើន​ផ្សារ​ទំនើប​បាន​កើនឡើង​ស្ទើរ​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ជាពិសេស​នៅ​ត្រឹម​ដំណាច់​ចុងឆ្នាំ​នេះ​ ផ្សារ​ទំនើប​គ្រប់​ប្រ​ ភេទ​មាន​ចំនួន​រហូតដល់២១ទីតាំង​ ខណៈ​ដែល​នៅ​ឆ្នាំ​បន្ទាប់​ នឹង​មាន​គម្រោ​ងថ្មី​ៗមួយចំនួន​ទៀត​កំពុង​ត្រៀមខ្លួន​បើក​ដំណើរការ​បន្ថែម​ទៀត​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ថា​ “ការ​កើនឡើង​នូវ​ទំហំ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ ខណៈ​ដែល​កម្ពុជា​ គឺជា​ទីផ្សារ​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដោយ​ពួកគេ​មើលឃើញ​ឳកាស​ច្រើន​នៅ​ទីនេះ​ ។

​លោកស្រី​បន្ត​ថា​ “អំណាច​នៃ​ការ​បញ្ជាទិញ​បាន​កើនឡើង​នៅ​កម្ពុជា​ ហើយ​ កំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ជា​មូលហេតុ​នៃ​ការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​ន៍​ថ្មី​ៗជាច្រើន​ឱ្យ​ចូល​មកកាន់​ទីផ្សារ​មួយ​នេះ​”។

ផ្អែក​តាមរយៈ​ការដែល​សិក្សា​ស្រាវជ្រាវ​ ដោយក្រុម​អ្នកជំនាញ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​បាន​បង្ហាញថា​ ក្នុងចំណោម​ផ្សារ​ទំនើប​ទាំង២១​ ស្មើនឹង​ប្រមាណ​ ៣៣៧៤០០ម៉ែត្រការ៉េ​ ដែល​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៩​ នេះ​ត្រូវ​បាន​បែកចែក​ជា៤ប្រភេទ​ផ្សេងគ្នា​ ដូចជា​ប្រភេទ​ Shopping​ Mall​ មាន​ចំនួន៣​ ស្មើនឹង​ប្រមាណ​ ១៦៧៧២១​ ម៉ែត្រការ៉េ​ ប្រភេទ​ Shopping​ Center​ មាន​ចំនួន៧​ ស្មើនឹង​ប្រមាណ​ ៩៤៨០០​ ម៉ែត្រការ៉េ​ ​ប្រភេទ​ Retail​ Podium​ មាន​ចំនួន​ ៣ ស្មើនឹង​ប្រមាណ​ ៣២៣៤០​ ម៉ែត្រ​ និង​ប្រភេទ ​Community​ Mall​ មាន​ចំនួន៨​ ស្មើនឹង​ប្រមាណ​៤២៥៣៩ម៉ែត្រការ៉េ​ ។

អគ្គនាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B Park​ ដែល​គ្រោង​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ខាងមុខនេះ​ លោក​ ធួន​ ស៊ី​ណាន​ បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ចំពោះ​កំណើន​នៃ​ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ ជាមួយនឹង​ការ​លើកទឹកចិត្ត​ដល់​បណ្តា​ អ្នក​វិនិយោគ​បង្កើន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​បន្ថែម​ ខណៈ​ដែល​កម្ពុជា​នៅ​មាន​តម្រូវការ​ផ្សារ​ទំនើប​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត​។

លោក​បន្ត​ថា​ “ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​នោះ​ទេ​ ដែល​យើង​ទាមទារ​ឱ្យ​មាន​បន្ថែម​ទៀត​”។ លោក​បាន​បន្ត​ទៀត​ “កម្ពុជា​មិន​អាច​បង្កើន​ផ្សារ​លក្ខណៈ​ប្រពៃណី​ ដូចជា​ផ្សារដើមគរ​ ផ្សារ​អូ​ឫស្សី​ ឬផ្សារ​បឹង​កេង​ នោះ​ទៀត​បានទេ​ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ផ្សារ​ទំនើប​ បែប​ទាន់សម័យ​ មក​ជំនួស​ផ្សារ​ប្រពៃណី​ទាំងអស់​នោះ​ ដែល​ស្រប​ទៅ​នឹង​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​”។

លោក​បាន​បញ្ជាក់​ថា​ ជាមួយនឹង​តម្រូវការ​វត្តមាន​ផ្សារ​ទំនើប​នេះ​ ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ ក៏​ត្រូវតែ​មាន​ចក្ខុវិស័យ​ ក្នុង​ការចាត់ថ្នាក់​អតិថិជន​គោលដៅ​របស់​ខ្លួន​ និង​ទាមទារ​ឱ្យ​ផែនការអាជីវកម្ម​ឱ្យ​បាន​ច្បាស់​ ជៀសវាង​ការ​ធ្វើអាជីវកម្ម​ ឬមុខ​ជំនួញ​តាម​គ្នា​ ដែល​អាច​បង្ក​ជា​ហានិភ័យ​នៅពេលអនាគត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here