ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ចំណុច ទៅក្នុងគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥- ២០២៥ ដោយផ្តោតទៅលើការតម្រង់ទិសដៅទីផ្សារ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។
នៅក្នុងគោលនយោបាយឧស្សាហកម្មខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្រចំនួន៤ចំណុច រួមមាន៖ ទី១ ការបញ្ចុះថ្លៃអគ្គិសនី និងការបង្កើតតំបន់នៅការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាព កសិកម្ម និងឧស្សាហកម្ម ដោយជួយបង្កើតផលិតភាពទាក់ទាញ ការវិនិយោគ និងបង្កើនទំនុកចិត្តផ្នែកអាជីវកម្ម។
ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមដងផ្លូវដឹកជញ្ជូនទាំង៣ ដែលមានអាទិភាពខ្ពស់ និងចាំបាច់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និងតម្រូវការរបស់វិស័យឯកជន។
ទី៣ ការបង្កើតយន្តការពង្រីកទីផ្សារពលកម្ម និងជំនាញជាឯកទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ និងផលិតភាពកាន់តែប្រសើរទ្បើងនិងទី០៤ ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសស និងអភិវឌ្ឍឧស្សាហកម្មបៃតងទៅថ្ងៃអនាគត។
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពសំខាន់ៗ មួយចំនួនទៀតមានដូចជា ការពង្រឹង និងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត ការអភិវឌ្ឍកំពង់ផែសមុទ្រ និងកំពង់ផែទន្លេ និងការកាត់បន្ថយការចំណាយឡូជីស្ទីក (Logistic) ជាដើម៕