ដោយស៊ីវ ម៉េង
ភ្នំពេញៈ ពីមុនផ្ទៃដីដែលត្រូវបានចាក់បំពេញដោយខ្សាច់នេះ បាននិងកំពុងវិវត្តន៍ជាបណ្តើរៗទៅជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ខណៈទឹកប្រាក់ប្រមាណ ៣០០០លានដុល្លារនឹងចាក់បញ្ចូលក្នុងតំបន់នេះ ដោយក្រុមហ៊ុន OCIC និងអ្នកវិនិយោគដទៃទៀត។

-->
ជាថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង តែងតែស្វាគមន៍ជាមួយបណ្តាញសារព័ត៌មាន ឆ្លើយទាក់ទងនឹងគំរោងអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុន។ លោកសំណាង បានផ្តល់ព័ត៌មានលំអិត ពីគំរោងទីក្រុងរណបដ៏មានសក្តានុពលនាពេលអនាគតនេះ។
លោកសំណាង បានមានប្រសាសន៍ឲ្យដឹង នៅការិយាល័យរបស់លោកកាលពីពេលថ្មីៗនេះថា បន្ទាប់ពីយើងបានធ្វើការសិក្សាជាមួយអាជ្ញាធរ ក្រុមហ៊ុនបានកាត់ដីជូនប្រជាពលរដ្ឋចំនួន ១០២ហិកតា លើផ្ទៃដីដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលទំហំ ៣៨៧ហិកតា និងបានកាត់លើកទី២បន្ថែមទៀត សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដូចជាផ្លូវ សួនច្បារ ប្រព័ន្ធលូ ទើបយើងនៅសល់ផ្ទៃដីចុងក្រោយ ១៤០ហិកតា ក្នុងនោះផ្ទៃដី១០ភាគរយ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលមានទំហំប្រមាណ ៣០ហិកតា។
លោកបន្តថា ផ្ទៃដីនៅសល់ប្រមាណ ១១០ហិកតានេះ រដ្ឋាភិបាលគ្រោងប្រើប្រាស់ដីនេះសម្រាប់សាងសង់សាលាឧទ្ទរណ៍ សាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ សាលាគយ សហព័ន្ធយុវជន និងសាលាខណ្ឌបន្ថែមទៀត ដូច្នេះផ្ទៃដីនៅសល់មានទំហំប្រមាណ ១០០ហិកតា សម្រាប់អភិវឌ្ឍន៍។
តើគម្រោងទីក្រុងរណប ដែលគ្រោងចំណាយលុយដ៏ច្រើននេះ កំពុងមានការវិវត្តន៍បែបណា? លោកទូច សំណាង បានឲ្យដឹងថា បន្ទាប់ពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធជិតបញ្ចប់ ដោយមានផ្លូវប្រវែងសរុបប្រមាណ ៣០គីឡូម៉ែត្រ និងប្រព័ន្ធលូប្រវែង ៦០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ប្រមាណ ១៥០លានដុល្លារ ពេលនេះក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែង លក់ក្នុងតម្លៃចន្លោះ ១៥ ទៅ ២៥ម៉ឺនដុល្លារ និងបានបើកលក់បណ្តើរៗហើយ ។ ក្រុមហ៊ុនក៏កំពុងសាងសង់អាគារពាណិជ្ជកម្មកំពស់ ១០ ទៅ១២ជាន់ លក់ក្នុងតម្លៃ ៣ទៅ ៤លានដុល្លារ និងអាគារិយាល័យកណ្តាលរបស់ OCIC កំពស់ ២០ជាន់ នៅតំបន់នេះ ដែលបោះទុនវិនិយោគតិចជាង ៣០លានដុល្លារអាមេរិក។
លោកបន្តថា “យើងគ្រោងរៀបចំតំបន់នេះ ជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ហេតុនេះទើបយើងមិនសាងសង់វីឡា ឬផ្ទះល្វែងច្រើននោះទេ ប៉ុន្តែយើងស្វាគមន៍អ្នកវិនិយោគបរទេស ដែលចង់ទិញដីដើម្បីសាងសង់មជ្ឈមណ្ឌល ពាណិជ្ជកម្មនៅក្នុងទីក្រុងនេះ”។ លោកបន្តថា “យើងចង់ឲ្យទីក្រុងនេះក្លាយជាតំបន់ពាណិជ្ជកម្មទី២ ដូចតំបន់ពាណិជ្ជកម្មស្ថិតនៅតាមមហាវិថីព្រះមុនីវង្សនាពេលអនាគត”។
លោកទូច សំណាង បានបន្តថា ទីក្រុងនេះនឹងត្រូវអភិវឌ្ឈន៍ តាមបែប Smart City ដោយមានការកប់ខ្សែរភ្លើងក្រោមដី អំពូលបំភ្លឺ LED បំពាក់ដោយកាមេរ៉ា និងទឹកកខ្វក់ចេញពីអាគារនិមួយៗ សុទ្ធតែឆ្លងកាត់ប្រព័ន្ធចម្រោះ មុនបង្ហូរចេញទៅកាន់ទន្លេ។
ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើទឹកដីក្នុងសង្កាត់ចំនួនបី គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ។
ជាមួយនឹងព័ត៌មានលេចលឺថា ក្រុមហ៊ុននឹងការរើសាលពិព័រណ៍ និងសន្និបាតកោះពេជ្រទៅកាន់ទីក្រុងជ្រោយចង្វារផងដែរ លោកទូច សំណាង បានឲ្យដឹងផងដែរថា ក្រុមហ៊ុនពិតជាមានគំរោងរុះរើរោងការ សាលពិព័រណ៍ និងបង្កើតកន្លែងកំសាន្តនានាចេញពីតំបន់កោះពេជ្រ មកកាន់ទីក្រុងរណបនេះផងដែរ ប៉ុន្តែពេលនេះយើងកំពុងសិ្ថតក្នុងការសិក្សាថា តើប្រជាពលរដ្ឋនឹងមកតាមយើងដែរ ឬយ៉ាងណា នៅពេលយើងផ្លាស់ប្តូរទីតាំងរោងការ និងសាលសន្និសីទចេញពីកោះពេជ្រមកតំបន់នេះ និងកំពុងសិក្សាពីលំហូរចរាចរណ៍នាពេលអនាគតផងដែរ។
ងាកមើលអតីតកាលបន្តិចវិញ ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ក៏បានសាងសង់បុរីរ៉ុងរឿង និងបានផ្តល់ផ្ទះសមរម្យសម្រាប់សហគមន៍ប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅតំបន់នេះប្រមាណ ៣០០គ្រួសារផងដែរ ដែលបច្ចុប្បន្នក្រុមហ៊ុនក៏នៅតែមើលថែរ និងទំនុកបំរ៉ុងពួកគេជាប្រចាំផងដែរ ដើម្បីធ្វើឲ្យប្រាកដថា គំរោងអភិវឌ្ឈន៍របស់យើងពិតជាបានចូលរួមក្នុងការងារសង្គម និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ លោកទូច សំណាងបញ្ជាក់ឲ្យដឹង។
លំហូរចរាចរណ៍ពិតជាមានសារៈសំខាន់ ដែលនេះទំនងជាអ្វីដែលក្រុមហ៊ុន OCIC បានផ្តោតការយកចិត្តទុកដាក់ផងដែរ ដោយលោកទូច សំណាងបានឲ្យដឹងថា ដោយសារស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា ជប៉ុនត្រូវការជួសជុលរយៈពេលវែង ទើបក្រុមហ៊ុនបានសាងសង់ស្ពានដែកបាឡេ ដែលប្រើប្រាស់ថវិកាក្រៅគំរោងប្រមាណ ៩លានដុល្លារ មុនពេលយើងសាងសង់ស្ពានយោងដោយខ្សែកាប ស្រដៀងគ្នានឹងស្ពានអ្នកលឿងដោយស្ពាននេះមានទទឹងជាង ២០ម៉ែត្រ បណ្តោយជាង ៥០០ម៉ែត្រ និងចំណាយទុនវិនិយោគសាងសង់ ៣៥លានដុល្លារ។ ស្ពាននេះនៅពេលខាងមុខឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ចេញពីតំបន់នេះ ចូលក្រុងភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួល និងចរាចរចេញចូលទីក្រុងរណបជ្រោយចង្វារ មានភាពរលូននាពេលអនាគត។
អ្នកនាំពាក្យរដ្ឋបាលក្រុងភ្នំពេញលោកម៉េត មាសភ័ក្តី បានថ្លែងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុន OCIC អភិវឌ្ឍន៍តំបន់នេះជាទីក្រុងរណប ហើយជាលទ្ធផលខ្សាច់ត្រូវបានចាក់បំពេញរួចហើយ ប៉ុន្តែការអភិវឌ្ឍរបស់វិស័យឯកជនត្រូវតែធ្វើតាមប្លង់គោលអភិវឌ្ឍន៍ក្រុង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ធលូចម្រោះទឹកកខ្វក់ជាដើម ដើម្បីធ្វើឲ្យប្រាកដថា ការអភិវឌ្ឈធ្វើឡើងប្រកបដោយនិរន្តរភាព និងធានាបាននូវនិរន្តរភាពបរិស្ថាន។
លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍតំបន់នេះ ជាគំរោងរបស់ក្រុមហ៊ុនដែលត្រូវអនុវត្តន៍តាមផែនការរបស់ខ្លួន ព្រោះទីតាំងនេះ គឺជាទីក្រុងរណបដែលនឹងបណ្តុំដោយប្រជាពលរដ្ឋ ដែលនឹងរីកដុះដាលចេញពីទីក្រុង”។ លោកបន្តថា “តំបន់
នីមួយៗមានមានសក្តានុពល និងភាពពិសេសដោយឡែកៗពីគ្នា ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានាភ្ជាប់ទៅតំបន់នេះនាពេលអនាគត នឹងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើននាពេលអនាគត”៕