អ្នកជំនាញ​៖ ផ្លូវជាតិ​លេខ១​ បាន​និង​កំពុង​ស្រូប​ទាញ​គម្រោង​អចលន​ទ្រព្យ​ធំៗ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ គម្រោង​វិ​និ​យោ​គធំៗ​បាន​និង​កំពុង​ចាប់ផ្តើម​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដែល​បាន​និង​កំពុង​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ស្ថានភាព​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ នៅពេល​បច្ចុប្បន្ន​នេះ​ មិនមែន​ដូច​កាលពី​ឆ្នាំមុន​នោះ​ទេ​។ បច្ចុប្បន្ន​នេះ​ ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ គឺ​មាន​ល្បឿន​លឿន​លើស​ពី​ការ​រំពឹង​ទុក​។

លោក​បានឱ្យ​ដឹង​ថា​ “បើ​គិត​ចាប់ពី​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ សង្កាត់​ច្បារអំពៅ​រហូត​ម្ដុំ​បុរី​ប៉េង​ហួត​ គឺ​មាន​ភាព​រីកចម្រើន​ខ្លាំង​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​ ក្រៅពី​មានការ​កកើត​នូវ​មណ្ឌល​ពាណិជ្ជកម្ម​ និង​វិស័យ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ ក៏​មាន​គម្រោ​ងម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​កម្រិតខ្ពស់​ ដូចជា​ជា​គម្រោង​ខុន​ដូ​ជាដើម​ ដែល​បាន​និង​កំពុងតែ​មាន​សកម្មភាព​សាងសង់​”។

លោក​វ៉ា​ វីរៈ​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​ ផ្លូវជាតិ​លេខ១​ មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​សិប្បនិម្មិត​ របស់​ក្រុមហ៊ុន ​OCIC ​មួយ​បន្ថែម​ទៀត​ ដែល​កាន់តែ​ជួយ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​ កាន់តែ​មាន​សក្ដានុពល​។ លោក​បន្ត​ទៀត​ថា​ ដោយឡែក​ចំពោះ​តំបន់​ផ្សេងទៀត​ ដែល​ស្ថិតនៅ​តាន​បណ្តោយ​ផ្លូវជាតិ​លេខ១​ ក៏​មាន​តម្រូវការ​ និង​សក្ដានុពល​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ជាច្រើន​ កំពុងតែ​បោះ​ជំ​ហ៊ាន​ វិនិយោគ​លើ​វិស័យ​លំនៅឋាន​នៅ​តំបន់​នេះ​ ជាពិសេស​ក្រុមហ៊ុន​ចិន​ The​ Prince​ ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា​ ក៏​មាន​វត្តមាន​នៅ​តំបន់​ខាងលើ​នេះ​ផង​ដែរ​”។

ជាមួយគ្នា​នេះ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ ដែល​កំពុង​បោះទុន​វិនិយោគ​ និង​អភិវឌ្ឍ​បុរី​កៀនស្វាយ​ ផាក​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ផ្លូវជាតិ១ នា​ពេលនេះ​ កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​យ៉ាង​គំហុក​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនេះ​ មានការ​កើ​ឡើង​យ៉ាង​ខ្លាំង​។

លោក​ឧកញ៉ា​បន្ត​ថា​ ដោយសារ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ នៅ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មា​នកំនើន​ជាប្រចាំ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ តំបន់​នេះ​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ជាច្រើន​ ដែល​រួមមាន​ដូចជា​ ការ​សង់​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ សំណង់​បុរី​ មណ្ឌល​កម្សាន្ត​កែច្នៃ​ ជាដើម​ ហើយ​អ្នក​វិនិយោគ​មួយចំនួន​ ក៏​កំពុង​វិនិយោគ​ដោយ​ផ្ទាល់​ជាមួយ​ការ​ពុះ​ដី​ឡូត៍​ផង​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ ជាក់ស្ដែង​ ពេលនេះ​គម្រោង​បុរី​ កៀនស្វាយ​ ផាក​ បាន​ចាប់​បុក​គ្រឹះ​ដំណើរការ​សាងសង់​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ នឹង​មាន​គម្រោង​សាងសង់​សំណង់​លំនៅឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​បន្ត​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here