ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិចំនួន២០៧ នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ឧស្សាហកម្មសំណង់នៅកម្ពុជា-អន្តរជាតិលើកទី៦ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០១៩ នៅសប្តាហ៍នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
លោកជីវ ស៊ីវផេង លេខាផ្ទាល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ នេះថា មកដល់ពេលនេះមានក្រុមហ៊ុនជាតិ និងអន្តរជាតិ ស្ទើរតែគ្រប់ប្រភេទពាក់ព័ន្ធក្នុងវិស័យសំណង់មានចំនួនប្រមាណ២០៧ ក្រុមហ៊ុនដែលមានប្រភេទជាសម្ភារៈជិត១០០០ ; នឹងចូលរួមដាក់តាំងបង្ហាញ នូវផលិតផលរបស់ខ្លួនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ។
-->
លោកបន្តថា “ការចូលរួមរបស់ក្រុមហ៊ុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនពោលកាលពីឆ្នាំ២០១៨ មានចំនួន១៨៦ ក្រុមហ៊ុនដោយសារការរីកចម្រើនដ៏ឆាប់រហ័ស នៃវិស័យសំណង់នៅកម្ពុជាពីមួយឆ្នាំៗទៅមួយឆ្នាំ”។
លោកបន្ថែមថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលជិតដាច់ឆ្នាំ២០១៩នេះ យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី មានទុនវិនិយោគលើវិស័យសំណង់ជាង៥០០០លានដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិដែលមានការគាំទ្រដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងទទួលបានផលប្រយោជន៍ដូចជា ទី១ទទួលបានព័ត៌មានអំពីការវិនិយោគ និងការអភិវឌ្ឍន៍វិស័យសំណង់របស់កម្ពុជាបច្ចុប្បន្ន ទី២ អាចស្វែងរកដៃគូរសម្រាប់ធ្វើការវិនិយោគ និងអភិវឌ្ឍន៍ទាំងអ្នកក្នុងប្រទេស និងមកពីបរទេស ទី៣ អាចស្វែងរកអាជីវកម្មសម្រាប់ផ្តល់ឱ្យក្រុមគ្រសារមានមុខរបរ។

ទី៤ អាចស្វែងយល់ និងស្គាល់សម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រ និងបច្ចេកវិទ្យាសំណង់គ្រប់ប្រភេទេ ដែលសុទ្ធសឹងតែមានគុណភាពល្អៗ ទំនើបៗ មានដាក់លក់នៅក្នុងទីផ្សារកម្ពុជា និងពិភពលោក ទី៥ អាចស្វែងរកកម្ចីប្រាក់ពីធនាគារ ដើម្បីទិញអចលនទ្រព្យដែលមានការប្រាក់ទាបសមរម្យ និងទី៦ អាចរកទិញលំនៅឋានមានតម្លៃសមរម្យ និងមានការបញ្ចុះតម្លៃជាច្រើន៕