ដោយ រ៉ាណេត
កណ្តាល៖ តំបន់ជ្រៃធំ ដែលរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ ដើម្បីកែប្រែមុខមាត់ក្នុងនាមជាច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា – វៀតណាម នាពេលបច្ចុប្បន្ននេះ នឹងក្លាយទៅមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញ និងជាបេះដូងយ៉ាងសំខាន់របស់ខេត្តកណតាលទាំងមូល។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តកណ្តាល។
ផ្អែកតាមសន្ទុះនៃភាពរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យសំណង់ធំៗក្រោមការបណ្តាក់ទុនវិនិយោគ ពីសំណាក់អ្នកជំនួញទាំងក្នុង និងក្រៅស្រុកជាពិសេសក្រុមហ៊ុនចិនតែម្ដង បានជំរុញឱ្យតំបន់ជ្រៃធំកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងនោះមានតំបន់សេដ្ឋកិច្ច និងជាច្រកទ្វារអន្តរជាតិសម្រាប់ដោះដូរទំនិញ។
លោកនៃ ចារី អភិបាលរងខេត្តកណ្តាល មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាលថា តំបន់ព្រំដែនជ្រៃធំ និងផ្លាស់ប្ដូរមុខមាត់ថ្មី ប្រែក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត បន្ទាប់ពីអនុវត្តត្រឹមត្រូវទៅតាមប្លង់គោល។
លោកបានបញ្ជាក់ថា “ទៅថ្ងៃអនាគតតំបន់ជ្រៃធំ និងក្លាយជាទីប្រជុំជន ដែលមានលក្ខណៈស្តង់ដារតាមរយៈការកំណត់តំបន់ប្រើប្រាស់ដីសមស្រប ដូចជា តំបន់លំនៅឋាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ រដ្ឋបាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យតំបន់ព្រំដែនជ្រៃធំ ផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត”។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ លោកមាន ច័ន្ទវ៉ាន់នី បានលើកឡើងថា ប្លង់គោលដីទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសេចក្ដីសម្រេចលេខ ០០៥ សសរ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោកបានបន្តថា “ការរៀបចំដែនដី និងនគរូបនីយកម្ម ត្រឹមត្រូវបានរួមចំណែកក្នុងការធានាការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយចីរភាព តុល្យភាព និងសមធម៌ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត អឹព្រេហ្សល (KAT APPRAILSAL) អ្នកនាង ចេវ សុឃុន បានប្រាប់តាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅនេះថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន តម្លៃដី និងអចលនទ្រព្យនានាកើនឡើងថ្លៃស្ទើរមិនគួរឱ្យជឿ ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរីកលូតលាស់ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។
អ្នកនាងបានបញ្ជាក់ថា “ហេតុផលដែលធ្វើឱ្យតម្លៃអចលនទ្រព្យ នៅតំបន់នេះកើនឡើងខ្លាំង ក៏ព្រោះតែតំបន់ច្រកជ្រៃធំមានការអភិវឌ្ឍលឿន ដែលវាក្រៅពីជាច្រកចេញចូល និងដឹកជញ្ជូននូវទំនិញរវាងកម្ពុជា -វៀតណាម វាក៏ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ ជាពិសេសជនជាតិចិន និងម៉ាឡេស៊ី ដែលភាគច្រើនពួកគេផ្តោតសំខាន់ លើការវិនិយោគផ្នែកវិស័យសំណង់”។
អ្នកនាងបន្តថា “វិស័យសំណង់ធំៗដែលកំពុងសម្រុកសាងសង់ រួមមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ មណ្ឌលកម្សាន្ត អាហារដ្ឋាន និងហាងលក់ទំនិញ ហើយក៏មានការវិនិយោគផ្នែករោងចក្រផងដែរ”៕