ក្រសួង​សាធារណៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ China​ Railway​ International​ Group​ C, Ltd​ ដើម្បី​សិក្សា​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិ​សាស្រ្ត​ភ្នំពេញ​ បាវិត​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ គម្រោង​ដែល​នឹង​ចុះហត្ថលេខា​នៅ​រសៀល​នេះ​ គ្រាន់តែ​ជា​គម្រោង​ក្របខណ្ឌ​របស់​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ សម្រាប់​សិក្សា​ប៉ុណ្ណោះ​ បន្ទាប់ពី​សិក្សា​ និង​ដឹងពី​តម្លៃ​ថ្លៃ​អស់​ប៉ុន្មាន​រួចរាល់​ហើយ​នោះ​ នឹង​ធ្វើ​កុងត្រា​មួយទៀត​ចាប់ផ្តើម​សាងសង់​ហើយ​។

លោក​បន្ត​ថា​ “នេះ​គឺជា​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ ដែល​សិក្សា​រួចហើយ​ គឺ​សាងសង់​ដោយក្រុម​ហ៊ុន​ China​ Rail​ Way​ International​ Group​ .,Ltd​ នេះ​”។ លោក​បន្ត​ថា​ “មានន័យថា​ ក្រសួង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ​ គឺ​ក្រុមហ៊ុន​ដែល​នឹង​ចុះហត្ថលេខា​នៅ​រសៀល​នេះ​”។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ (Phnom​ Penh​-Bavet​ Expressway​) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ មាន​ប្រវែង​សរុប​ប្រហែល​ ១៣៥​ គ.ម​។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា​ ០៤គន្លង​ តួ​ផ្លូវ​មាន​ទទឹង​ ២៥​,៥ ម៉ែត្រ​។ ខ្សែ​ផ្លូវ​នេះ​ នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កាត់តាម​ខេត្តកណ្តាល​ ខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ឆ្ពោះទៅ​ក្រុង​បាវិត​ ព្រំដែន​កម្ពុជា​-វៀតណាម​។

យោង​តាម​របាយការណ៍​សិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន ​(JICA​) ផ្លូវ​ល្បឿន​លឿន​នេះ​ ជា​ប្រភេទ​ផ្លូវ​លើ​អាកាស​ (Viaduct​) ប្រវែង​ប្រហែល​ ១២​ គ.ម​ មាន​លូ​ប្រអប់​ (Box​ Culvert​) ប្រវែង​ប្រហែល​ ២៨​,៤ គ.ម​ និង​ជា​ប្រភេទ​ ផ្លូវ​លើកកម្ពស់​ (Embankment​) ប្រវែង​ប្រហែល​ ៨៥​,៨ គ.ម​។ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-បាវិត​ មានផ្លូវ​បំបែក​ ប្តូរ​ទិស​ (Inter​-Change​) ចំនួន​ ៧ កន្លែង​ កន្លែង​ឈប់សម្រាក​ ៦កន្លែង​ និង​ច្រក​ទ្វារ​ ព្រំដែន​ថ្មី​ចំនួន១ផង​ដែរ​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ ត្រូវ​បាន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ និង​កំពុង​ស្ថិត​ក្នុង​ ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង​ និង​ប្រភព​ថវិកា​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម​ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ស្តី​ពី​ការជំរុញ​ការសិក្សា​ និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-ម៉ុ​កបៃ​ រួចរាល់​ផង​ដែរ​។

ព៌​តមាន​លំអិត​ពី​ការ​ចុះហត្ថលេខា​នេះ​ គេហទំព័រ ​Propertyarea.asia ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូន​នា​ពេលរសៀល​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here