ដោយគង់ សូរិយា
ភ្នំពេញៈ គេហទំព័រ Propertyarea.asia បានចុះកិច្ចព្រមព្រៀងសហការជាមួយគេហទំព័ររបស់សាលាអចលនទ្រព្យកម្ពុជា (realestateschool.com.kh) ដើម្បីផ្សព្វផ្សាយព៌តមានទាក់់ទងនឹងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា។

ដោយគង់ សូរិយា
ភ្នំពេញៈ គេហទំព័រ Propertyarea.asia បានចុះកិច្ចព្រមព្រៀងសហការជាមួយគេហទំព័ររបស់សាលាអចលនទ្រព្យកម្ពុជា (realestateschool.com.kh) ដើម្បីផ្សព្វផ្សាយព៌តមានទាក់់ទងនឹងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា។

ដោយលោកយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia និងលោកខាត់ បូរ៉ា នាយកសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានចុះហត្ថលេខាលើកិច្ចសហការនេះ ដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់១នាព្រឹកថ្ងៃទី៤ ធ្នូនេះ។
លោកខាត់ បូរ៉ា នាយកសាលាអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំសាលា និងក្នុងនាមលោក អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអចលនទ្រព្យកម្ពុជា មានសេចក្តីរីករាយក្នុងការសហការ ជាមួយនឹងគេហទំព័រ Propertyarea.asia ក្នុងការផ្សព្វផ្សាយព៌័ត៌មានដ៏មានសារៈសំខាន់ ដែលផ្តល់់ជូនអ្នកអាននូវព័ត៌មានអាចទុកចិត្តបាន និងមានមូលដ្ឋានវិទ្យាសាស្រ្ត។
លោកបន្តថា “គេហទំព័រ Propertyarea.asia បាននិងកំពុងឈានមុខគេ ក្នុងការផ្សព្វផ្សាយពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ដោយមើលឃើញនូវទស្សនទាននៃការផ្សព្វផ្សាយដោយភាពវិជ្ជមាននេះហើយ ទើបយើងសហការគ្នា ដើម្បីឈរលើមូលដ្ឋាន ឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកបន្តថា “គេហទំព័រ Propertyarea.asia នឹងផ្តល់នូវព័ត៌មានមានប្រយោជន៍ជាច្រើនប្រចាំសប្តាហ៍ ដល់ realestateschool.com.kh ដោយផ្តោតលើព័ត៌មានសំខាន់ៗចំនួន៧”។

ព័ត៌មានសំខាន់ៗចំនួន៧ ដែលនឹងត្រូវយកទៅធ្វើការផ្សព្វផ្សាយលើគេហទំព័រ realestateschool.com.kh ដូចជា៖ 1- បច្ចុប្បន្នភាពវិស័យខុនដូ និងអាផាតមិន 2- បច្ចុប្បន្នភាពវិស័យលំនៅឋាន 3- បច្ចុប្បន្នភាពវិស័យដីធ្លី និងដីឡូតិ៍ 4- បច្ចុប្បន្នភាពវិស័យជួលការិយាល័យ 5- បច្ចុប្បន្នភាពច្បាប់ និងគោលនយោបាយសម្រាប់វិស័យអចលនទ្រព្យ។ 6- បច្ចុប្បន្នភាពវិស័យអគារពាណិជ្ជកម្ម និងផ្សារទំនើប 7- បច្ចប្បន្នភាពបច្ចេកវិទ្យាសម្រាប់វិស័យអចលនទ្រព្យ។
លោកយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានថ្លែងអំណរគុណដល់សហសេវិក និងក្រុមការងារគេហទំព័រ Propertyarea.asia ដែលបានខិតខំយកអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញការងារ ដែលជាលទ្ឋផលបានធ្វើឲ្យគេហទំព័រនេះ ទទួលបានទំនុកចិត្តពីអ្នកអានជាតិ និងអន្តរជាតិ ពិសេសបានទទួលការគាំទ្រពីរដ្ឋាភិបាល តាមរយៈថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយក្រសួងបានផ្តល់ការអនុញ្ញាត្តឲ្យគេហទំព័រនេះ ផ្សព្វផ្សាយពីមូលដ្ឋានច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីផ្សព្វផ្សាយដល់សាធារណៈជនបានសិក្សាស្វែងយល់។
លោកបន្តថា“ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម បច្ចុប្បន្នគេហទំព័រនេះទទួលបានអ្នកអាន បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំនួនអ្នកចូលអានមានចន្លោះពី ១៥០០០នាក់ ទៅជិត ៣០០០០នាក់ជារៀងរាល់ថ្ងៃ”។ លោកបន្តថា “យើងចង់ដើរតួនាទីជាវេទិកាមួយរបស់រដ្ឋាភិបាល ដោយផ្តល់ព័ត៌មានអាចទុកចិត្តបាន ដើម្បីអ្នកវិនិយោគជាតិ និងអន្តរជាតិអាចយកប្រើប្រាស់ជាមូលដ្ឋានពិចារណា ដើម្បីសម្រេចចិត្តក្នុងការវិនិយោគ”។
ជាមួយនឹងភាពជោគជ័យនេះ គេហទំព័រ Propertyarea.asiaបាន និងកំពុងផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ និងអង់គ្លេស ហើយនឹងពង្រីកការផ្សព្វផ្សាយជាភាសាចិននៅពេលអនាគត។
លោកយិន លាងគង់ បានបន្តទៀតថា បច្ចុប្បន្នក្រុមការងារគេហទំព័រនេះ បាននិងកំពុងធ្វើការយ៉ាងសកម្មផងដែរ ដើម្បីផលិតជាវីដេអូចំណេះដឹង និងព៌តមានថ្មីៗទាន់ហេតុការណ៍ ដើម្បីពង្រីកផលិតផលរបស់យើង ទៅកាន់អតិថិជនកាន់តែសម្បូរបែប និងមានជម្រើសច្រើនសំរាប់ការអាន ការទស្សនា និងស្តាប់។

លោកបន្តថា “គេហទំព័រនេះផ្តោតលើការផ្សព្វផ្សាយរឿងវិជ្ជមាន និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីផ្តល់ជូនអ្នកអាននូវទស្សនវិជ្ជមាន និងមានចក្ខុវិស័យវែងឆ្ងាយ ជាជាងផ្សព្វផ្សាយពីឧក្រិដ្ឋកម្ម និងភាពអសកម្មនានានៅក្នុងសង្គម”៕