ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងគោលបំណងបង្ហាញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា នៃការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ដែលកម្ពុជាកំពុងតែទទួលបាន នូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia បានចូលរួមអបអរសាទរ ជាមួយនឹងការផ្តល់នូវរង្វាន់ជាទឹកប្រាក់លើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ទៅដល់ក្រុមជម្រើសជាតិកម្ពុជាដែលអាចទទួលបានជ័យជំនះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអេស្ទេត និង KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៤ ធ្នូកន្លងមកថា ក្នុងគោលដៅ និងទឹកចិត្តជាអ្នកស្នេហាវិស័យបាល់ទាត់ លោកសូមកោតសរសើរដល់ក្រុមកីឡាករខ្មែរ ដែលលេងបានល្អ នៅក្នុងកីឡាស៊ីហ្គេម។
-->
លោកបន្តថា សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia នឹងផ្តល់រង្វាន់ដល់ U22 កម្ពុជាដូចខាងក្រោមៈ
១. នឹងផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល សម្រាប់វគ្គនេះ!
២. នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល បើបានលេខ ៣!
៣. នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល បើបានលេខ ២!
៤. នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល បើបានលេខ ១!
៥. KW Cambodia ពិតជាមានមោទនៈភាព ចំពោះការឧបត្ថម្ភនេះ បើទោះជាមិនច្រើន តែយើងចង់បង្ហាញពីការគាំទ្ររបស់យើង ចំពោះវិស័យបាល់ទាត់នៅកម្ពុជា និងទៅអនាគត!។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា បានយកឈ្នះម៉ាឡេស៊ី ៣-១ នាការប្រកួតចុងក្រោយនៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈហ្វីលីពីនឈ្នះទីម័រខាងកើត ៦-១។ លទ្ធផលនេះ នាំឲ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រជាមួយក្រុមកំពូលតារាង មីយ៉ាន់ម៉ា៕