ដោយ វុត្ថា
ទីក្រុងអាកាបា៖ អាជ្ញាធរអាកាសចរស៊ីវិលកម្ពុជា និងហ្សកដានី បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MOU) ជំរុញឱ្យមានការហោះហើររវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិលផងដែរ។
យោងតាមការចុះផ្សាយពីគេហទំព័ររដ្ឋលេខាអាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៩ នេះថា ការចុះ ហត្ថលេខាត្រូវបានធ្វើឡើង ខណៈ លោកបណ្ឌិត លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាស៊ីវិល នៅក្នុងឪកាសចូលរួមសន្និសីទ ស្តីពីការចរចាសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលសហការរៀបចំដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រហ្សកដានីចាប់ពីថ្ងៃទី០២ ដល់០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានតំណាង៧៦ ប្រទេសចូលរួម។
-->
លោក ម៉ៅ ហាសវ រដ្ឋមន្ត្រី ក៏បានស្នើសុំទៅ លោកH.E.DR. KHALID SAIF រដ្ឋមន្ត្រីដឹកជញ្ជូន នៃព្រះរាជាណាចក្រហ្សកដានី ឱ្យជួយស្វែងរកគ្រប់លទ្ធភាព ជុំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិហ្សកដានី (Royal Jordanian Airlines) ដែលកំពុងហោះហើរមកកាន់រាជធានីបាងកក ឱ្យពង្រីកផ្លូវហោះហើររបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រៅពីកិច្ចប្រជុំទ្វេភាគីជាមួយប្រទេសម្ចាស់ផ្ទៈរៀបចំសន្និសីទ និងចូលរួមសន្និសីទ លោកបណ្ឌិត រដ្ឋមន្ត្រី ក៏បានជួបប្រជុំទ្វេភាគី ជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាតា កូឡ៊ុប៊ៀ ឈីលី បង់ក្លាដេស និងអូម៉ង់ ជាដើម ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល និងស្វែងរកលទ្ធភាពចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។

មកទល់ពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាលក្ខណៈទ្វេភាគី បានចំនួន ៤៤ប្រទេស និងកិច្ចព្រមព្រៀងពហុភាគីអាស៊ានមួយចំនួនផងដែរ ដែលអាចជួយជុំរុញឱ្យមានកំណើនដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែទូលំទូលាយថែមទៀត និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ និងអន្តរតំបន់ថែមទៀតផង៕