ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) នឹងធ្វើការជួបជុំសមាជិករបស់ខ្លួនដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានសមាគមថ្មីសម្រាប់អាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Le Royal Phnom penh ចាប់ពីម៉ោង២រសៀល។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អ្នកស្រី នុត រត្ថា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងជានាយិកាក្រុមហ៊ុនរៀបចំកម្មវិធី រំដួល បានមានប្រសាសន៍ថា “ការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិសម្រាប់ដឹកនាំនេះ គឺជាលើកទី១ ដែលអាស្រ័យដោយបានជាលទ្ធផលពីការប្រជុំទាំងក្រុមប្រឹក្សា ទាំងគណៈកម្មាធិកា ទាំងខាងគណៈគ្រប់គ្រងនៃសមាគម គឺបានសម្រេចគ្នាជាផ្លូវការ តម្រូវឱ្យប្រធានសមាគមទាំងអស់ គួរតែមានអាណត្តិនៅក្នុងការដឹកនាំរបស់ខ្លួន” ។
-->
អ្នកស្រី បានបន្តទៀតថា “យើងតម្រូវឱ្យប្រធានសមាគម មានអាណត្តិគ្រប់គ្រង ក្នុងការដឹកនាំ ១ឆ្នាំម្តង នឹងត្រូវធ្វើការបោះឆ្នោតជ្រើសតាំងជាថ្មី ចំណែកប្រធានក្រុមប្រឹក្សា គឺមានរយៈពេល២ឆ្នាំម្តង ។
ទើបតែឆ្នាំនេះទេ ដែលយើងតម្រូវឱ្យប្រធានសមាគមមានមួយអាណត្តិ ហើយប្រធានសមាគមម្នាក់ អាចឈរឈ្មោះរយៈពេល ២អាណត្តិ ជាប់គ្នាបាន ប៉ុន្តែក្នុងមួយអាណត្តិ មានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ។ ដូចគ្នា ប្រធានក្រុមប្រឹក្សា មានអាណត្តិ២ឆ្នាំ និងឈរឈ្មោះជាប់គ្នា ២អាណត្តិដែរ”។

បន្ទាប់ពីធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមសម្រាប់អាណត្តិទី២ ក៏មានពិធីជួបជុំទទួលទានអាហារសាមគ្គី ជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកជំនាញអចលទ្រព្យកម្ពុជា (CREA) ផងដែរ ចាប់ពីម៉ោង ៥ រហូតដល់ម៉ោង ៩យប់។ សម្រាប់ការចូលរួមក្នុងកម្មវិធីនេះ សូមទូរស័ព្ទ៖ កញ្ញា ណានី ០១៧ ៧៨ ៧៩ ៧២ ។