ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយអាណត្តិទី២ ដែលដឹកនាំដោយលោក ឃាង ពុទ្ធី ត្រូវបានបញ្ចប់ នៅត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal Co,.Ltd បានជាប់ឈ្មោះជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២០ ។
សម្រាប់បេក្ខភាពដែលឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២០ខាងមុខនេះ មានចំនួន២រូប រួមមានលោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal Co,.Ltd លេខរៀងទី១ និងលោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,. Ltd ។
-->
បន្ទាប់ពីបានឆ្លងកាត់នូវការបោះឆ្នោតសម្ងាត់ និងប្រកបដោយតម្លាភាព ដែលគាំទ្រដោយសមាជិករបស់សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាពេញសិទ្ធិ៤០រូប តំណាង៤០ក្រុមហ៊ុន ក្នុងចំណោមសមាជិកសរុបទាំងអស់៧៩ក្រុមហ៊ុននោះ លោកស្រី ចេវ សុឃុនត្រូវបានជាប់ឈ្មោះជាប្រធាន ដើម្បីដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាក្នុងអាណត្តិទី៣ ឆ្នាំ២០២០ ខាងមុខនេះ ដែលទទួលបានសម្លេងគាំទ្រចំនួន ២១សម្លេង ខណៈដែលលោក ចក់ ស៊ីណាត ទទួលបានសម្លេងគាំទ្រចំនួន១៩សម្លេង។
នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាក្នុងអាណត្តិទី៣ ឆ្នាំ២០២០ខាងមុខនេះ លោក ឃាង ពុទ្ធី ដែលជាអតីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អាណត្តិទី២ ជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិទី៣ផងដែរ ៕

