ដោយគង់ សូរិយា
ភ្នំពេញៈ លោក Rick Davidson ដែលជាអ្នកជំនាញដ៏សំខាន់មួយរូបក្នុងការធ្វើឲ្យម៉ាកយីហោក្រុមហ៊ុន អចលនទ្រព្យCentury 21 Real Estate របស់អាមេរិកល្បីល្បាញលើពិភពលោកបានធ្វើបឋកថាលើកដំបូងស្តីពី វិស័យអចលនទ្រព្យនៅកម្ពុជាតាមរយៈក្រុមហ៊ុន Centuruy21 Cambodia។

-->
លោក Rick Davidson បានចំណាយពេលពេញ៣ទសវត្សរ៍ ក្នុងអាជីពក្នុងវិស័យអចលនទ្រព្យ និងការអភិវឌ្ឍន៍យីហោក្រុមហ៊ុន Century21។ ការមកដល់កម្ពុជានាពេលនេះ លោកនឹងចែករំលែកចំណេះដឹងលើប្រធានបទស្តីពី «គន្លឹះនៃភាពជោគជ័យក្នុងការកសាងម៉ាកយីហោ Century 21 Everest»។

លោកស្រី Grace Rachny Fong នាយិការក្រុមហ៊ុន Century21 Cambodia បានចាត់ទុកព្រឹតិ្តការចែករំលែកចំណេះដឹងនេះ គឺជាឱកាសកម្រសម្រាប់អ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ហើយលោកស្រីរំពឹងថា អ្នកជំនាញនៅកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ និងដើម្បីប្រើប្រាស់ជាទុនសម្រាប់កសាងម៉ាកយីហោក្រុមហ៊ុន ឲ្យកាន់តែទទួលបានទំនុកចិត្តខ្លាំង ពីសាធារណៈជន។
លោកស្រីថ្លែងថា៖ «ការដែលអ្នកជំនាញដូចជាលោក Rick Davidson អាចនៅជាមួយក្រុមហ៊ុនមួយរហូតដល់ទៅ៣០ឆ្នាំ គឺជារឿងកម្រ និងជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត”។ លោកស្រីបន្ថែមថា “ទាំងនេះគឺដោយសារម៉ាកយីហោក្រុមហ៊ុន Century21 Real Estate គឺជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យដ៏គួរឲ្យទុកចិត្ត និងរឹងមាំ និងតែងមានការអភិវឌ្ឍន៍ជារៀងដរាប”។

ក្នុងនាមជាអ្នកជំនាញជាន់ខ្ពស់ លោក Davidson តែងចែករំលែកពេលវេលាដ៏មមាញឹករបស់លោក ដើម្បីធ្វើបាឋកថាដល់ភ្នាក់ងារអចលនទ្រព្យ នៅតាមប្រទេសដែលមានសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរីកចម្រើនខ្លាំង។ ដូច្នេះ វត្តមានរបស់លោកនៅកម្ពុជានាពេលនេះ ឆ្លុះបញ្ជាំងពីការរីកចម្រើន នៃវិសយអចលនទ្រព្យរបស់កម្ពុជា ហើយលោកប្រាកដជាសម្លឹងឃើញឱកាស ឬសក្តានុពលល្អណាមួយ ពីការរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាមិនខាន។

លោក Rick Davidson បានចំណាយពេលជិត១០ ឆ្នាំក្នុងតួនាទីជា នាយកប្រតិបត្តិក្រុមហ៊ុន Century21 Real Estate មានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនមេគ្រប់គ្រង លើការិយាល័យ Century21 ទូទាំងពិភពលោក។ លោក Davidson ត្រូវបានចាត់បញ្ចូលក្នុងបញ្ជី អ្នកមានឥទ្ធិពលខ្លាំង នៅក្នុងវិស័យអចលនទ្រព្យ Inman’s Real Estate Influencers របស់សារព័ត៌មានអចលនទ្រព្យ Inman នៅចន្លោះពីឆ្នាំ២០១១ ដល់ ឆ្នាំ ២០១៧។

រហូតដល់ឆ្នាំ ២០១៧ លោក Davidson ត្រូវបានផ្ទេរតួនាទីទៅជា Principle and President របស់ក្រុមហ៊ុន Everest Group ដែលជាក្រុមហ៊ុនមេរបស់ Century21 Everest-Troop Real Estate ដែលមានការិយាល័យ១៧ នៅរដ្ឋ Utah និងរដ្ឋCalifornia សហរដ្ឋអាមេរិក ហើយបានធ្វើឲ្យ Century21 Everest ក្លាយជាក្រុមហ៊ុនអចលនទ្រព្យលេខ១លើពិភពលោកនៅឆ្នាំ ២០១៩ នេះ។

សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ គិតមកទល់ពេលនេះ ការិយាល័យ Century21 នៅកម្ពុជាមាន២៣ ការិយាល័យ (ភ្នំពេញ ២២ និង ព្រះសីហនុ ១) ហើយស្របពេលវិស័យអចលនទ្រព្យកម្ពុជា បន្តរីកចម្រើនខ្លាំង។

លោក Grace Rachny Fong បានបញ្ជាក់ថា នៅមានឱកាសជាច្រើនទៀតសម្រា ប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ហើយការជ្រើសរើសក្រុមហ៊ុនដែលមានម៉ាកយីហោល្បីល្បាញ និងមានបណ្តាញជុំវិញពិភពលោកដូចជា Century21 នឹងជួយឲ្យអាជីវកម្មកាន់តែប្រសើរឡើង។

លោកស្រីបន្តថា “យើងនឹងពង្រីកការិយាល័យ Century21 ឲ្យបាន៣៨ការិយាល័យនៅតាម រាជធានី និងខេត្តទាំង២៥ នៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់យោបល់ល្អៗដល់ការិយាល័យ Franchise Century21ថ្មីៗ ដោយទទួលបានកិច្ចសហការផ្តល់ប្រឹក្សាយោបល់ ពីស្នាក់ការ Century21 ពីសឹង្ហបុរី ជប៉ុន តៃវ៉ាន់ និងចិនជាដើម”។

លោកស្រីបន្តថា ក្រុមហ៊ុន Century21 Cambodia ដែលមានលោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល មានទីប្រឹក្សាជំនាញៗជាច្រើន សម្រាប់ផ្តល់យោបល់ និងយុទ្ធសាស្រ្ត សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារក្នុងប្រទេសអាស៊ី។ ក្នុងនោះ លោក ឈិន ភារុណ និង លោក Sambath Sprung គឺជាទីប្រឹក្សាសម្រាប់ទីផ្សារកម្ពុជា លោក Philip Fong ជាទីប្រឹក្សាពីប្រទេសសឹង្ហបុរី លោក Gino Chen សម្រាប់ទីផ្សារតៃវ៉ាន់ និងលោក Nagamatsu Hideyuki ជាអ្នកជួយផ្តល់ប្រឹក្សាសម្រាប់ទីផ្សារប្រទេសជប៉ុន។
លោកទីប្រឹក្សាទាំង៥រូប បានលើកឡើងនៅក្នុងសេចក្តីថ្លែងរួមមួយថា “វាជាសមទ្ធិផលមួយដែលយើងបានរួមចំណែក និងបានឃើញការរីកលូតលាស់របស់ក្រុមហ៊ុន Century21 Cambodia រហូតបានក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលត្រូវបានទទួលស្គាល់ខ្លាំងជាងគេតំណាងកម្ពុជាសម្រាប់តំបន់អាស៊ី និង ប៉ាស៊ីហ្វិក”។
លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century21 Imperial Realty Co., Ltd ដែលជាសមាជិកការិយាល័យមួយរបស់ Century21 Cambodia បានបញ្ជាក់ថា ម៉ាកយីហោក្រុមហ៊ុន Century21 ពិតជាបានរួមចំណែកបង្កើនទំនុកចិត្ត ដល់អតិថិជន ហើយបានធ្វើឲ្យអាជីវកម្មរបស់លោកមានការរីកចម្រើនជាបន្តបន្ទាប់។
លោកថ្លែងថា “វត្តមានរបស់អ្នកជំនាញជាន់ខ្ពស់ ដូចជាលោក Davidson នៅទីផ្សាររបស់យើងនាពេលនេះ គឺជាសារដ៏សំខាន់បញ្ជាក់ថា ទីផ្សារយើងកំពុងមានភាពល្អឡើង សេដ្ឋកិច្ចយើងកំពុងមានភាពរឹងមាំ ហើយវិស័យអចលនទ្រព្យយើងនឹងនៅបន្តរីកចម្រើនថែមទៀត”។

សេចក្តីសង្ខេបអំពីក្រុមហ៊ុន
ក្រុមហ៊ុន Century21 Cambodia គឺជាក្រុមហ៊ុនសេវាអចលនទ្រព្យ ដែលមានបណ្តាញនៅជុំវិញពិភពលោក និងជាក្រុមហ៊ុនមេនៅកម្ពុជា ដែលទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century21 Real Estate ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century21 Cambodia បានផ្តល់សិទ្ធបន្តដល់ក្រុមហ៊ុនអចលនទ្រព្យដែលប្រើយីហោ Century21 ដល់ ២៣ ក្រុមហ៊ុន។
ក្រុមហ៊ុន Century21 Real Estate ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ ហើយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការនៅ៨១ប្រទេស និងមានការិយាល័យសរុបជាង៧ ២៥០កន្លែង។ កម្ពុជាជាប្រទេសទី៧៥ ដែលក្រុមហ៊ុនលំដាប់អន្តរជាតិរបស់អាមេរិកមួយនេះបានដាក់ប្រតិបត្តិការ៕