UN​ ផ្តល់​ថវិកា​ប្រមាណ​ ៨លាន​ដុល្លារ​ ដើម្បី​បន្ត​លើកកម្ពស់​ការងារ​សមរម្យ​ដល់​យុវជន​កម្ពុជា​

0

ដោយ ​វុត្ថា

សៀម​រា​បៈ​ គណៈ​ប្រឹក្សា​ភិបាល​នៃ​កម្មវិធី​រួមគ្នា​ របស់​អង្គការសហប្រជាជាតិ​ក្រោម​កម្មវិធី​ «រួមគ្នា​ដើម្បី​មុខរបរ​ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ៨លាន​ដុល្លារ​ លើ​ការអនុវត្ត​ជំហាន​ទី២នៃ​ «គម្រោងការ​ងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» រយៈពេល៤ឆ្នាំ​ទៀត​ (២០២០​-២០២៣​)។

លោក​ ហេង​ សួរ​ រដ្ឋលេខាធិការ​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៥​ រវា​លោក​លោកស្រី​ Pauline​ Tamesis​ អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃទី៩​-១០​ ខែធ្នូ​ ឆ្នាំ២០១៩​នេះ​ឱ្យ​ដឹង​ថា​ ថវិកា​ទាំងនេះ​ បាន​មក​ពី​ការ​រួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ ភ្នាក់ងារ​ស្វីស​ដើម្បី​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC​) និង​ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការសហប្រជាជាតិ​ និង​ដៃគូ​ឯកជន​នានា​ផង​ដែរ​។

លោក​បន្ត​ថា​ “កិច្ចប្រជុំ​នេះ​រៀបចំឡើង​នៅពេល​នេះ​ ក្នុង​គោលបំណង​ពិនិត្យមើល​ទៅលើ​លទ្ធផល​ ដែល​សម្រេច​បាន​របស់​កម្មវិធី​នៅក្នុង​ជំហាន​ទី១ពិភាក្សា​ និង​អនុម័ត​អំពី​ជំហាន​ទី២​ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ២០២០​ និង​ដាក់​ឱ្យ​ដំណើរការ​នៃ​ជំហាន​ទី២​ ដែល​មាន​រយៈពេល៤ឆ្នាំ​ ចាប់ពី​ឆ្នាំ២០២០​-២០២៣​”។

លោក​ហេង​ សួរ​បន្ថែម​ថា​ ជំហាន​ទី១នៃ​គម្រោង​រួមគ្នា​នេះ​ ត្រូវ​បាន​អនុវត្ត​ក្នុង​ខែកញ្ញា​ ឆ្នាំ២០១៧​ នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ នៅក្នុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ដែល​មាន​រយៈពេល២ឆ្នំា​ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន៤​,៤៧៨​,០០០ដុល្លា​អាមេរិក​ ក្រោម​ជំនួយ​គាំទ្រ​សប្បុរសធម៌​ និង​ការចូលរួម​ជា​យុទ្ធ​សាស្រ្ត​ពីទី​ភ្នាក់ងារ​ស្វីស​ សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC​) និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ ដោយមាន​សហការ​ជា​ដៃគូ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

ជំហាន​ទី១នេះ​ បាន​រួមចំណែក​ក្នុង​ការសម្រួល​ ដល់​ការ​ចូលក្នុង​ទីផ្សារ​ការងារ​របស់​យុវជន​ និង​បាន​កាត់បន្ថយ​បញ្ហា​វិសមភាព​ ជាពិសេស​សម្រាប់​ក្រុម​ដែល​បាត់បង់​ឱកាស​ និង​ងាយ​រងគ្រោះ​ និង​ធានា​ថា​យុវនារី​ និង​យុវជន​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ការងារ​បាន​កាន់តែ​ល្អ​ជាង​មុន​។

ជំ​ហា​ទី២ដែល​គ្រោង​នឹ​ ងចាប់​អនុវត្តន៍​ចាប់ពី​ឆ្នាំ២០២០​ គឺ​មាន​រយៈពេល៤ឆ្នាំ​ (២០២០​-២០២៣​) មានឈ្មោះ​ថា​ «ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» និង​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ៨លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​រួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ ភ្នាក់ងារ​ស្វីស​ដើម្បី​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC​) ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការសហប្រជាជាតិ​ និង​ដៃគូ​ឯកជន​នានា​ផង​ដែរ​។

ជំហាន​ទី២នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​បន្ត​រួមចំណែក​ផ្តល់​ឱកាស​ដល់​យុវ​ជន​ទំាង​បុរស​ និង​ស្ត្រី​កាន់តែ​ច្រើន​ទទួល​បានការ​ងារ​សមរម្យ​ និង​ប្រកបដោយ​ផលិតភាព​ ដើម្បី​សម្រេច​បាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ២០៣០​ ជាពិសេស​គោលដៅ​ទី៨​ «លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ ផលិតភាព​ការងារ​ និង​ការងារ​សមរម្យ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន​ សម្រាប់​ជន​គ្រប់រូប​» ដែល​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០​-២០៥០​ និង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ២០១៦​-២០៣០​។

កិច្ចប្រជុំ​ក៏បាន​អនុម័ត​ ទៅលើ​គោលការណ៍​ប្រតិបត្តិ​នៃ​គណៈ​ប្រឹក្សា​ភិបាល​ ក្រុមប្រឹក្សា​យោបល់​ គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​។ អនុម័ត​ និង​ដាក់​ឱ្យ​ដំណើរ​កម្មវិធី​រួមគ្នា​ជំហាន​ទី២​ សម្រាប់​រយៈពេល៤ឆ្នាំ​ ចាប់ពី​ខែមករា​ ឆ្នាំ២០២០​-២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here