ខេត្តកំពត​បាន​ដាក់​ផែនការ​លើកកម្ពស់​សម្រស់​ទីក្រុង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយ​ ប៊ី​

កំពត​៖ ខេត្តកំពត​បាន​ដាក់​ផែនការ​ជំរុញ​ឱ្យ​ស្ថាប័ន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បង្កើន​ថែមទៀត​ ពាក់ព័ន្ធ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​ សោភ័ណភាព​ និង​អនាម័យ​ នៅក្នុង​ក្រុង​កំពត​សម្រាប់​ត្រៀម​រៀបចំខ្លួន​បម្រើ​ដល់​សកម្មភាព​នូវ​ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​ និង​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ ប្រចាំឆ្នាំ​មួយចំនួន​ទៀត​ ប្រកបដោយ​ភាព​ជោគជ័យ​។

ការ​ដាក់​ផែនការ​ និង​ជំរុញ​បែបនេះ​ធ្វើឡើង​នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ ខណៈ​ឯកឧត្តម​ អភិបាលខេត្ត​ ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​ការ​ពាក់ព័ន្ធ​ បញ្ហា​សណ្ដាប់ធ្នាប់​ សោភ័ណភាព​ និង​អនាម័យ​តាម​ដងផ្លូវ​ នៅ​ជុំវិញ​ក្នុង​ក្រុង​កំពត​។ ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​នឹង​ចាប់ពី​ថ្ងៃទី២០​ ដល់​ ២២​ ខែធ្នូ​ ឆ្នាំ២០១៩​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ ក៏បាន​បញ្ជាក់​ថា​ ពេលវេលា​នៃ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​ លើក​ទី៨​ ជុំ​ទី២​ ដែល​ខេត្តកំពត​ ត្រូវ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ឆាប់​ៗខាងមុខនេះ​ហើយ​ បើ​គិត​ត្រឹម​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ពេលវេលា​មានត្រឹមតែ​ រយៈពេល​ប្រមាណ​ ៩ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

ទន្ទឹម​នេះ​ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​ចៅសង្កាត់​ និង​អភិបាលក្រុង​ រួម​និង​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវតែ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ អំពី​តួនាទី​ភារកិច្ច​ របស់​ខ្លួន​តាម​មុខសញ្ញា​បន្ថែម​ទៀត​។

ពិសេស​អាជ្ញាធរ​ក្រុង​ សង្កាត់​ ទាំង​ប្រាំ​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ សហការ​គ្នា​ដោយ​ទទួលខុសត្រូវ​ឱ្យ​បាន​សស្រាក់​សស្រាំ​ទាំងអស់គ្នា​ បន្ថែម​ទៀត​ លើ​ការងារ​កែ​លម្អ​សោភ័ណ្ឌភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​អនាម័យ​បរិស្ថាន​ក្រុង​។

ការងារ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​សំខាន់​ថែមទៀត​ដែរ​នោះ​ គឺ​អាជ្ញាធរ​ក្រុង​ សង្កាត់​ ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ ក្នុង​ចលនា​បំផុស​ផ្សព្វផ្សាយ​ប្រកាស​ តាមរយៈ​មធ្យោបាយ​ផ្សេង​ៗ ដល់​មហាជន​ ប្រជាជន​ ក៏​ដូច​សាធារណៈ​ជន​ទូទៅ​ ឱ្យ​បាន​យល់​ជ្រួតជ្រាប​ទទួលដឹង​ ដើម្បី​ចូលរួម​អនុវត្ត​ និង​លើកកម្ពស់​ទាំងអស់គ្នា​ ពី​បញ្ហា​សោភ័ណភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​អនាម័យ​បរិស្ថាន​ ក្នុង​ក្រុង​កំពត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ព្រោះថា​ការងារ​ជោគជ័យ​ ត្រូវតែ​មានការ​ចូលរួម​ឱ្យ​បាន​ព្រមគ្នា​ មិនថា​ឡើយ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ ឬប្រជាពលរដ្ឋ​ឡើយ​ ទើប​ការងារ​ទាំងអស់​នោះ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ល្អ​ប្រសើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here