ដោយ វុត្ថា
ភ្នំពេញៈ អាជ្ញាធរជាតិអប្សរាគ្រោងអនុវត្តន៍ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរ ឲ្យកាន់តែមានភាពទាក់ទាញនៅឆ្នាំ២០២០ខាងមុខនេះ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឱ្យដឹងថា ក្រៅតែពីអាជ្ញាធរជាតិអប្សរា បានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការងារជួសជុល អភិរក្ស និងថែរក្សាប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ។
លោកបន្តថា គម្រោងជួសជុលផ្លូវមួយចំនួនមានដូចជា ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ ចូលប្រាសាទបាគងនិងព័ទ្ធជុំវិញ ប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តី និងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្ត មកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាប មកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។
លោកបន្ថែមថា ចំពោះគម្រោងពាក់ព័ន្ធ ការលើកកម្ពស់សោភ័ណភាពប្រាសាទដែលនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០នោះ មានដូចជាគម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្តឱ្យមានភាពបៃតងជានិច្ច។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងបន្តពង្រីកតំបន់ទេសភាពបៃតង ដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរា បានអនុវត្តរួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កា នៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្ត នៅពាក់កណ្តាលឆ្នាំ២០១៩។ ដូច្នេះ ការងារពង្រីកតំបន់ទេសភាពបៃតងនឹងត្រូវពង្រីកបន្តទៀត។
លោកបន្ថែមទៀតថា រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្ត ប្រវែង៣៥០ម៉ែត្រក៏នឹងត្រូវជួសជុលកែលម្អ ដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕