ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Urban Living Solutions គ្រោងនឹងកែប្រែក្រុងសៀមរាបទៅជាក្រុង ដែលគួរឱ្យចង់រស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍទីក្រុងរណបថ្មីមួយនៅខេត្តសៀមរាប។
គម្រោងនេះ មានផ្ទៃដីរហូតទៅដល់២១៥ហិកតា ដោយដាក់ឈ្មោះថា “សៀមរាបខាងកើត” មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ១០នាទីពីក្រុង និង៥នាទីពីបុរីរដ្ឋបាល។
ដំណាក់កាលអភិវឌ្ឍន៍ ផ្តោតលើការបង្កើតតំបន់ទេសចរណ៍បន្ថែម និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឡើងវិញ ដោយកែប្រែក្រុងសៀមរាប ទៅជាក្រុងដែលគួរឱ្យចង់រស់នៅបំផុតនៅតំបន់អាស៊ីអាគ្នេយ៍
ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិវន្តរភាព ក្រុមហ៊ុនសម្រេចធ្វើវឌ្ឍកម្មលើកត្តា៤យ៉ាង ទី១ វិស័យធុរកិច្ចក្នុងតំបន់ផ្លូវ៦០ម៉ែត្រ ទី២ ពង្រីកវិស័យទេសចរណ៍បន្ថែមលើសពីតំបន់គយគន់ប្រាសាទ ទី៣ វិស័យអប់រំអន្តរជាតិ និងទី៤ បង្កើតឱ្យមាននូវការរស់នៅបែបសហគមន៍ទំនើប និងព័ទ្ធជុំវិញដោយធម្មជាតិ។
ជាក់ស្តែងគម្រោងបុរីភូមិបាគង ជាសមិទ្ធផលផ្តួចផ្តើមមួយក្នុងចំណោមវឌ្ឍកម្មទាំង៤ ក្នុងទឹកដី “សៀមរាបខាងកើត” ដោយមានអតិថិជនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ទៅលើប្លង់មេគម្រោងដែលកែច្នៃផ្ទៃដី៤.៧ហិកតា ទៅជាកន្លែងប្រមូលផ្តុំការរស់នៅបែបសហគមន៍ដែលពុំធ្លាប់មានពីមុនមក។
គោលដៅមិនអនុញ្ញាត្តិយានជំនិះបើកបរឆ្លងកាត់ និងជំនួសដោយការដើរថ្មើរជើងត្រូវបានអនុវត្តន៍ សម្រាប់អ្នករស់នៅក្នុងតំបន់ភូមិបាគង។ គម្រោងនេះត្រូវបានគេឱ្យតម្លៃខ្ពស់ លើការរៀបចំប្រដូចនឹងទីក្រុងថ្មី ដោយរស់នៅអមជាមួយបរិយាកាសអំណោយផលពីធម្មជាតិ ទេសភាពភ្នំដែលមិនឆ្ងាយពីក្រុង បណ្តុំនៃសួនច្បារ២ហិកតា សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។
លោកងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer Property បានមានប្រសាសន៍ថា “គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី ក្នុងតំបន់សៀមរាបខាងកើត ពិតជាមានលទ្ធភាព និងសក្តានុពលខ្ពស់ដោយដំណាក់ទីមួយ”។លោកបន្ថែមថា “ក្រុមហ៊ុនមានទុនវិនិយោគជាង៣៥លានដុល្លារ និងការអនុវត្តន៍ផែនការទាំងស្រុង ក្រោមក្រុមរចនាប្លង់ទីក្រុង Gehl មកពីប្រទេសដាណឺម៉ាក ដែលជាក្រុមសិក្សា Master Plan ទីក្រុងដ៏ល្បីឈ្មោះទូទាំងពិភពលោក”។
លោក Esben Neander Kristensen នាយកគ្រប់គ្រងក្រុមស្ថាបតេយ្យ Gehl បានបង្ហាញអំពីការគូរប្លង់ “សៀមរាបខាងកើត” ទាំងមូលដោយសិក្សា ពីតំណរភ្ជាប់លក្ខណៈរស់នៅ ប្រជាជនក្នុងទីក្រុង ទៅនឹងតំបន់ប្រាសាទបេតិកភ័ណ្ឌ ពិភពលោកដ៏អស្ចារ្យបំផុត។
លោកថូនី សុជាតិ សក្តិសុនលី ប្រធានគ្រប់គ្រងគម្រោងបុរីភូមិបាគង បានលើកឡើងថា “សៀមរាបខាងកើតនឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំង ដល់អតិថិជនដែលទិញលំនៅដ្ឋានក្នុងគម្រោងបុរីភូមិបាគង”។ លោកបន្តថា“ទាំងនេះជាការបោះជំហានវិនិយោគដ៏ត្រឹមត្រូវបំផុត លើវិស័យអចលនទ្រព្យទាំងភាពច្នៃប្រឌិត គុណភាពសំណង់ ដ៏ដូជាវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ”៕
តើទីតាំងតាំងពិពណ៌នឹងនៅកន្លែងណា? អាចប្រាប់ទីតាំងបានទេ?