រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​កណ្តាល​ក្រុងភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​សិក្សា​ គម្រោង​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ កណ្តាល​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​ និង​បញ្ចៀស​ការ​កកស្ទះ​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​។

លោក​ទេស​រដ្ឋ​មន្ដ្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១​ ខែធ្នូ​ ម្សិលមិញ​នេះ​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​រថភ្លើង​ ចាប់ពី​ស្ថានីយ​រាជាយស្ម័យ​យាន​ ឆ្ពោះទៅ​ស្ថានីយ​ពោធិ៍​ចិន​តុង​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុ​លន​បាន​មានប្រសាសន៍​ថា​ ការ​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង​ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ សាងសង់​ផ្លូវ​បេតុង​អា​មេ​ អម​សងខាង​ផ្លូវ​រថភ្លើង​ ចាប់ពី​ចំណុច​មហា​វិ​ថី​គឹម​អ៊ី​លសុង​ ដល់​វិថី​ឈ្នះ​ឈ្នះ​ (ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​) តភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី​ ក៏ដូចជា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ និង​សម្រួល​ដល់​ការ​ដឹកទំនិញ​ឆ្លងកាត់​ចូល​ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បន្ត​ថា​ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​រាជាយស្ម័យ​យាន​កម្ពុជា​ ធ្វើការ​សិក្សា​លទ្ធភាព​ និង​ផល​ប៉ះពាល់​កំណាត់ផ្លូវ​នេះ​ ដើម្បើ​លើក​សំណើ​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​ និង​ស្វែងរក​ថវិកា​សាងសង់​ផង​ដែរ​”។

លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ដែរ​ថា​ គម្រោង​ស្ថាបនា​ផ្លូវ​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​រំដោះ​ការ​ធ្វើ​ចរាចរណ៍​ នៅ​តាម​បណ្តោយ​ផ្លូវ​វសហព័ន្ធ​រុស្សី​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ខណៈ​ផ្លូវ​សហព័ន្ធ​រុស្សី​បច្ចុប្បន្ន​ កំពុង​ប្រឈម​ការ​កកស្ទះ​យ៉ាង​ខ្លាំង​ស្ទើ​តែ​រៀងរាល់ថ្ងៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here