អ្នកជំនាញ​៖ ខណ្ឌដូនពេញនៅតែ​ជា​តំបន់​ដែល​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេ​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយសារតែ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ បាន​ជម្រុ​ញឱ្យ​តម្លៃ​ដី​មាន​កំណើន​ខ្ពស់​ ជាពិសេស​នៅក្នុង​ខណ្ឌដូនពេញ​ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ មានកម្រិត​ខ្ពស់​ជាងគេ​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ស្ថិត​ជាប់គ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌដូនពេញ​ គឺ​មានកម្រិត​ខ្ពស់​ ប៉ុន្តែ​មិនមែន​ស្មើគ្នា​គ្រប់តំបន់​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ពាណិជ្ជកម្ម​ពិសេស​ ទំហំ​ និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ថា​។លោក​ថា​ ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវ​ និង​មហាវិថី​សំ​ខាន់​ៗក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​តម្លៃ​ខុស​ៗពីគ្នា​ ហើយក៏​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ ដូច​ដី​នៅ​តំបន់​ផ្សេងទៀត​នោះ​ដែរ​ រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា​ ជា​តំបន់​ដី​កម្រ​។

ជាក់ស្ដែង​ដូចជា​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ដោយ​រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​ អាច​មានតម្លៃ​ចន្លោះ​ពី៥​,០០០​ ទៅ៦​,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ប្រសិនបើ​នៅ​កាន់​កៀ​គនឹង​តំបន់​ផ្សារ​ធំ​ថ្មី​ ឬជុំវិញ​ផ្សារថ្មី​កាន់តែ​មានតម្លៃ​ថ្លៃជាង​នេះ​។

ដោយឡែក​សម្រាប់​ដី​នៅក្នុង​ខណ្ឌដូនពេញ​រួមគ្នា​ ប៉ុន្តែ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​វិញ​ ត្រូវ​បាន​លោក​ ស៊ា​ ឆៃ​លីន​ នាយក​ក្រុម​ហ៊ុន​ឆៃ​លីន​ ស៊ា​ រៀល​ធី​ ខូ​អីល​ធី​ឌី​ប្រាប់​ឱ្យ​ដឹង​ថា​ ខ័ណ្ឌ​ដូនពេញ​តម្លៃ​ដី​ហាក់​មាន​ភាព​ខ្ពស់​ជាង​ នៅ​តាម​បណ្តា​ផ្លូវ​ធំ​មួយចំនួន​ទៀត​។ លោក​បាន​បញ្ជាក់​ថា​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ចាប់ពី​វិមានឯករាជ្យ​ ឆ្ពោះ​មកកាន់​តំបន់​វត្តភ្នំ​ពេញ​ គឺ​មិន​មាន​ដី​ទំនេរ​នោះ​ទេ​ ដែល​សូម្បី​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជា​អគារ​ពាណិជ្ជកម្ម​ត្រឹម​ទំហំ១ហិ​កតា​ ក៏​ស្ទើរតែ​រក​មិនបាន​ផង​។ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ មានកម្រិត​ខ្ពស់​ជាក់ស្ដែង​ត្រឹម​ដី​ទំហំ ២​,០០០​ ម៉ែត្រការ៉េ​ចុះក្រោម​ អាច​មានតម្លៃ​រហូតដល់៨០០០ដុល្លារ​ ឬអាច​ឈាន​ដល់១០​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ តម្លៃ​ដីធ្លី​ខ្ពស់​ឬទាប​ វា​អាស្រ័យ​ទៅលើ​ទីតាំង​ ដែល​អាច​មាន​ភាព​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

ចំណែក​លោក​សន​ សៀ​ប នា​យក​ក្រុមហ៊ុន ​Key​ Real​ Estate​ Co​,.Ltd​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​ រុក្ខ​វិថិ​ក្រមួនស​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ធនាគារពាណិជ្ជ​ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។លោក​បន្ត​ថា​ ចាប់​គិត​ពី​ចំ​ណុច​ស្តុ​បធនាគារ​កា​ណា​ឌី​យ៉ា​ រហូត​ដល់​ស្តុ​បម​ន្ទីរ​ពេទ្យ​អង្គឌួង​ បច្ចុប្បន្ន​ ក៏​មានតម្លៃ​ខ្ពស់​ផង​ដែរ​ ពោល​គឺ​គិតជា​មធ្យម​មាន​ចន្លោះ​ចាប់ពី៦​,០០០​ ទៅ​ ៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here