ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលបាននឹងកំពុងពង្រីក ហេដ្ឋារចនាសម្ព័ន្ធធំជាច្រើនៅក្នុងខេត្តព្រះសីហុន ជាពិសេសគម្រោងហេដ្ឋារចនាម្ព័ន្ធធំចំនួន៤ ដែលរួមមានការពង្រីកកំពង់ផែទឹកជ្រៅ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ គម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធចំនួន៣៤ខ្សែ នៅក្នុងព្រះសីហនុ ដើម្បីធ្វើឱ្យការដឹកជញ្ជូនកាន់តែទំនើប និងរហ័សទាន់ពេលវេលា។

-->
១) ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ
ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក។ តាមទិសដៅរបស់រដ្ឋាភិបាល នឹងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ អោយទៅជាកំពង់ផែរទឹកជ្រៅធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យកាប៉ាល់ធំៗគ្រប់ប្រភេទចូលចតបាន។
២) ការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិ ដ៏ទំនើបផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក។ បន្ថែមពីនេះរដ្ឋាភិបាល បាននិងកំពុងជំរុញការពង្រីកព្រលានយន្តហោះអន្តរជាតិនេះ ក៏អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បីបម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល ខណៈចំនួនយន្តហោះ និងអ្នកធ្វើដំណើរតាមផ្លូវអាកាសកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
៣) គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ
គម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង ដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ។ រហូតមកទល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន៧,៣០%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ។ ការសាងសង់ផ្លូវដ៏សំខាន់នេះ គ្រោងប្រើរយៈពេលសាងសង់៤៨ខែ។

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានចំណាយថវិកាប្រមាណ២ពាន់លានដុល្លារ។ផ្លូវនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខ។
៤) ការស្ថាបនាផ្លូវ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ
រដ្ឋាភិបាលបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវចំនួន៣៤ខ្សែ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ ដោយរហូតដល់ចុងខែធ្នូឆ្នាំ២០១៩កន្លងមកនេះ ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយ កាយផ្លូវយ៉ាងសកម្ម ដើម្បីសម្រេចតាមផែនការកំណត់ និងប្រកបដោយគុណភាពខ្ពស់។

ការស្ថាបនាផ្លូវទាំង៣៤ខ្សែនេះ មានប្រវែង៨៤.៥០៥គីឡូម៉ែត្រ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាបញ្ហាចរាចរាណ៍ ដោយមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ និងចំណាយទុនប្រមាណ ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិតផងដែរ។
តាមគំរោងផ្លូវនេះ នឹងត្រូវប្រើរយៈពេលក្នុងការសាងសង់ ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា៕