រដ្ឋាភិបាល​សម្រេច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជាង​ ៥,៥លាន​ប័ណ្ណ​នៅ​ទូទាំង​ប្រទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ បាន​ចំនួន៥​,៥៧១​,៤២២បណ្ណ​ ស្មើនឹង​ប្រមាណ៧៩​,៥៩ភាគរយ​នៃ​ក្បាលដី​សរុប​ ដែល​ប៉ាន់ស្មាន​ប្រមាណ៧លាន​ក្បាលដី​។

ការចុះបញ្ជី​ដីធ្លី​ នឹង​ផ្តល់​ដល់​កម្មសិទ្ធិករ​នូវ​សិទ្ធិ​ពេញលេញ​ ក្នុង​ការប្រើ​ប្រាស់​ អាស្រ័យផល​ និង​ចាត់ចែង​លើ​ដី​នោះ​។ ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​(វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​) ជូន​ប្រជាពលរដ្ឋ​ នឹង​ចូលរួម​ធានា​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី​ បញ្ចៀស​វិវាទ​ លើក​តម្លៃ​សេដ្ឋកិច្ច​នៃ​ដី​ និង​បង្កើត​ជា​ទុន​សម្រាប់​ការ​អភិវឌ្ឍ​ទៀតផង​។

សរុប​លទ្ធផល​ ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ដល់​ត្រឹម​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រសួង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន៥​,៥៧១​,៤២២បណ្ណ​ ស្មើនឹង៧៩​,៥៩​% នៃ​ក្បាលដី​ប៉ាន់ស្មាន៧លាន​ក្បាលដី​ ក្នុង​នោះ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេច​បាន​ជិត៥លាន​បណ្ណ​ និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង៤​,៦លាន​បណ្ណ​ (ក្នុង​នោះ​តាម​បទបញ្ជា​លេខ០១បប​ បាន​ចំនួន៦៤២​ ៦០៣បណ្ណ​ សម្បទា​ដី​សង្គមកិច្ច​បាន​ចំនួន៦​ ៥០៤បណ្ណ​) និង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេច​បាន៦១៧​ ៤៤៣បណ្ណ​ (ដី​រដ្ឋ​បាន១​ ៨៥៤បណ្ណ​ ទំហំ៧៧៨​,៧២៥ហិ​កតា​ ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន៦១៤​ ,៧៧០បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ បាន៣០សហគមន៍​ ស្មើនឹង៨១៩បណ្ណ​ ទំហំ២៨​ ៥២២​,៥២ហិ​កតា​សម្រាប់៣០៣៣គ្រួសារ​)។

បណ្ណ​កម្មសិទ្ធិ​ ក៏​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ម្ចាស់ដី​ មាន​ភាព​នឹងនរ​ចិត្ត​ និង​អាច​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការប្រើ​ប្រាស់​និង​/ ឬអភិវឌ្ឍ​ដី​របស់​ខ្លួន​បាន​ច្បាស់លាស់​ និង​ជឿជាក់​ជាង​មុន​។ លើស​ពីនេះ​ ការចុះបញ្ជី​ដី​ក៏​ជួយ​ដល់​រដ្ឋ​ ក្នុង​ការគ្រប់គ្រង​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​និង​ពន្ធ​លើ​អចលនវត្ថុ​ បង្កើន​ប្រាក់ចំណូល​ដល់​ថវិកាជាតិ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here