ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនបានសរសេរនៅលើបណ្តាញ ទំនាក់ទំនងសង្គមអំពីការខិតខំប្រឹងប្រែងក្នុងកិច្ចអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ដើម្បីបម្រើដល់ផលប្រយោជន៍ ក្នុងវិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមជាមួយនឹងលើកយកកម្រងរូបភាពនៃការកសាងផ្លូវល្បឿនលឿន ដែលទើបដំណើរការបាន៧ភាគរយមកបង្ហាញផងដែរ។

-->
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាង និងកែលម្អអោយមាន គុណភាព ដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធុនធ្ងន់ ដើម្បីជំរុញអោយសេវាកម្មការដឹកជញ្ជូនកាន់តែមានប្រសិទ្ឋភាពខ្ពស់ និងចំណេញពេលវេលាដល់ពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលកម្ពុជាបាន និងកំពុងផលិតនូវផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល និងផលិតផលប្រើប្រាស់ជាច្រើនទៀត ចេញពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ”។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់វិនិយោគិន និងពាណិជ្ជករទាំងក្នុង និងក្រៅប្រទេសផងដែរថា “អរគុណដល់ការចូលរួមរបស់វិនិយោគគិន និងពាណិជ្ជករទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមជំរុញវិស័យឯកជនអោយមានសន្ទុះកាន់តែរីកចម្រើនលឿនទៅមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន”។
គិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងសាងសង់ផ្លូវល្បឿលឿន ភ្នំពេញ – ព្រះសីហនុ ទើបតែបានសម្រេចប្រមាណ ៧ភាគរយ ខណៈដែលកាលកំណត់ពេលនៃការសាងសង់ត្រូវបញ្ចប់ទាំងស្រុងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់មានទំហំរហូត២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖- គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿន រហូតដល់១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
– ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។- ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង២,៥០ម៉ែត្រសងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។

– សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
– សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។- សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។

– បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សា បច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD៕
