ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ នាពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញ និងវិនិយោគក្នុងវិស័យនេះអះអាងថា កំពុងមានភាពទាក់ទាញខ្លាំង ខណៈដែលវិស័យសំណង់នៅតំបន់នេះក៏កំពុងមានភាពរីកចម្រើនយ៉ាងគំហុក។

-->
នាយិកាក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហួរបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងចំណោមតំបន់ជាយរាជធានីភ្នំពេញ ខណ្ឌសែនសុខ បាននិងកំពុងបង្ហាញពីសក្តានុពលយ៉ាងខ្លាំង ជាពិសេសចាប់ពីតំបន់ក្បែរផ្សារទំនើប AEON 2 និងផ្សារMakro រហូតធ្លាយទៅដល់តំបន់ទំនប់កប់ស្រូវ។
លោកកស្រីបានបន្តថា នៅតំបន់នេះមានភាពទាក់ទាញខ្លាំង ដែលនៅថ្ងៃខាងមុខវាអាចនឹងក្លាយទៅជាទីក្រុងថ្មីមួយទៀត ដោយមានផ្សារទំនើបAEON2 ផ្សារMakro បុរីធំៗ ក៏ដូចជាមណ្ឌលពាណិជ្ជកម្មមួយចំនួន បានអភិវឌ្ឍន៍នៅតំបន់នេះរួចជាស្រេច ហើយក៏មានមនុស្សកំពុងតែចាប់អារម្មណ៍ទៅរស់នៅច្រើនដែរ។
លោកស្រីបន្តថា “ភាពទាក់ទាញទាំងនេះ បានជម្រុញឱ្យតម្លៃដីនៅប៉ែកខាងជើងឈៀងខាងលិចមួយនេះ មានការកើនឡើងជាបន្តបន្ទាប់ ដែលជាទូទៅស្ថិតនៅក្នុងតម្លៃ ជាង២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានឱ្យដឹងថា សម្រាប់តំបន់ណាដែលមានសក្ដានុពល ឬយ៉ាងណានោះ គឺត្រូវបែងចែកជា២ ដែលគិតរយៈពេលខ្លី និងរយៈពេលវែងនៅថ្ងៃខាងមុខ។ លោកថា រយៈពេលខ្លី បច្ចុប្បន្ននៅទំបន់ផ្លូវជាតិជាយក្រុងជាប់ផ្លូវជាតិ៤ តំបន់ AEON2 គឺមានល្អប្រសើរ និងទាក់ទាញខ្លាំង ដោយសារតែមានផ្សារទំនើប មានមណ្ឌលពាណិជ្ជកម្មចម្រុះរួចទៅហើយ។
ដោយឡែកសម្រាប់តំបន់ ដែលមានសក្ដានុពលរយៈពេលវែង គឺនៅតំបន់តាមផ្លូវជាតិ៦ ជាពិសេសក្រោយពេលស្តាតពហុកីឡាដ្ឋានមរតកសម្ដេចតេជោ ត្រូវបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលធ្វើឱ្យមានមនុស្សចរាចរណ៍ច្រើន។
លោកបន្តថា”តំបន់ដែលមានមនុស្សចរាចរណ៍ច្រើន គឺជម្រុញឱ្យមានតម្រូវការខ្ពស់លើផ្នែកអចលនទ្រព្យ ហើយចរន្តតម្លៃដីក៏មានការឡើងថ្លៃដោយស្វ័យប្រវត្តិ”។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់នោះបានរីកចម្រើន និងអភិវឌ្ឍន៍រួចទៅហើយ ប៉ុន្តែវាអាចនឹងបន្តរាលដាលរហូតដល់តំបន់ជិតខាងមួយចំនួនទៀត ដូចជានៅប៉ែកខាងសង្កាត់ក្រាំងធ្នង់ រហូតអាចដល់ទំនប់កប់ស្រូវ ហើយមួយប៉ែកទៀតអាចធ្លាយទៅខាងតំបន់ភ្នំប្រសិទ្ឋ ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃដីនៅលើទីផ្សារ គឺមិនខ្ពស់ដូចតំបន់ដែលមានការអភិវឌ្ឍរួចរាល់នោះទេ៕