ដោយ វុត្ថា
ភ្នំពេញ៖ ខេត្តកំពតមានកន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនសម្បូរបែប ដោយក្នុងនោះមានដូចជាសណ្ឋាគារ បឹងហ្គាឡូ និងផ្ទះសំណាក់ជាដើម មានចំនួនសរុប ២៦៥កន្លែង ស្មើនឹង ៣ ៥៨៥ បន្ទប់ ជាមួយនឹងការរៀបចំបានយ៉ាងត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩នេះ ឱ្យដឹងថា បច្ចុប្បន្ន សេវាកម្មស្នាក់នៅទេសចរណ៍ភាគច្រើននៅខេត្តកំពត បាន និងកំពុងឈានដល់ការរៀបចំអាជីវកម្មរបស់ខ្លួនស្របតាមបរិបទ «ស្អាត និងបៃតង» ដែលបានគិតបន្ថែមជាមួយកិច្ចការពារបរិស្ថាន ការចូលរួមទទួលខុសត្រូវសង្គម និងការបែងចែកប្រកបដោយសមធម៌។
របាយការណ៍ដដែលបន្តថា មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅក្នុងខេត្តកំពត បានគិតគូរយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យ ព្រមជាមួយគ្នានោះ ក៏បានរៀបចំតាំងបង្ហាញបញ្ជីរាយនាមសេវាកម្ម ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងការថែរក្សាអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណអាជីវកម្ម ពិសេសបានពង្រឹងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរផងដែរ។
របាយការណ៍ដដែលបន្ថែមថា ; គ្រប់អាជីវកម្មទាំងអស់ក៏បានយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខសុវត្ថិភាពនៃការស្នាក់នៅ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក និងការរៀបចំឯកសណ្ឋានសម្រាប់បុគ្គលិកគ្រប់គ្នាផងដែរ។ ខេត្តកំពតស្ថិតនៅភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលមានអាកាសធាតុអំណោយផលគួរជាទីមនោរម្យ ដល់ការសម្រាកលម្ហែកម្សាន្តរបស់ភ្ញៀវទេសចរនៅគ្រប់រដូវកាល។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងដែរថា សម្រាប់ពិធីបុណ្យសមុទ្រខាងមុខនេះ ខេត្តមានបន្ទប់ជាង ៣០០០ បន្ទប់ និងមានកន្លែងបោះតង់ទាំងនៅបូកគោមានប្រហែល៥០០ ស្តង់ ហើយក៏មានសេវាស្នាក់នៅក្នុងទីក្រុងដែលជាផ្ទះរបស់បងប្អូនរបស់ប្រជាពលរដ្ឋដែលយើងរៀបចំស្នាក់នៅ ប្រមាណជាង ១០០ បន្ទប់ទៀត ដូច្នេះសរុបទាំងអស់ប្រមាណជា ៤០០០ បន្ទប់។
លោកបន្តថា បើទោះបីចំនួននេះមិនទាប់គ្រប់យ៉ាងណាក្តី តែការរៀបចំនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងពិធីបុណ្យសមុទ្រ ខាងមុខនេះ បន្ថែមពីភ្ញៀវទេសចរក៏អាចទៅស្នាក់នៅក្នុងខេត្តកែបបានផងដែរដែលមានចំងាយប្រមាណ២០ គីឡូពីខេត្តកំពត ហើយមានកន្លែងស្នាក់នៅប្រមាណ ២០០០ បន្ទប់ បន្ថែមទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅក្នុងខេត្តកំពតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ នេះ នឹងទាក់ទាញភ្ញៀវទេសចរប្រមាណកន្លះលាននាក់៕