ប្រធាន​ CREA​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​លើ​ការទិញ​អចលនទ្រព្យ​ដែល​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ​ច្បាស់លាស់​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោល​កឃាង​ ពុទ្ឋី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ពិចារណា​ឲ្យបាន​ច្បាស់លាស់​ និង​ម៉ត់ចត់​ មុន​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​គ្មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​ ជៀសវាង​ហានិភ័យ​នៅពេល​ក្រោយ​។

លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៧​ ធ្នូ​នេះ​ថា​ ការទិញ​ដីធ្លី​ ដែល​គ្មាន​សិទ្ឋ​ច្បាស់លាស់​ នឹង​មាន​ហានិភ័យ​ច្រើន​ ហេតុនេះ​ការទិញ​ដីធ្លី​ដែល​គ្មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​គួរ​ជៀសវាង​ ហើយ​ស្វែងរក​ដីធ្លី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ គឺជា​ការកាត់បន្ថយ​បញ្ហា​ខ្លួនឯង​ផង​ និង​ជួយ​ដល់​រដ្ឋាភិបាល​ផង​ ដើម្បី​កាត់បន្ថយ​ជម្លោះដីធ្លី​នានា​។

លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ ខ្ញុំ​អំពាវនាវ​ឲ្យ​មន្រ្តី​ពាក់​ព័ន្ឋពន្លឿន​និ​តិ​វិធី​ នៃ​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋ​ដីធ្លី​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យបាន​ឆាប់រហ័ស​ ដល់​អ្នក​អភិវឌ្ឍន៍​នានា​ ដើម្បី​ជួយ​លើក​កំពស់​បរិយាកាស​វិនិយោគ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​”។លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ លោក​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំ​ណង់់​ ដែល​បាន​ពន្លឿន​ការ​ធ្វើ​ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ឋ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ លោក​សង្ឃឹមថា​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋ​ បាន​ទាន់ពេល​វេលា​ និង​បាន​កាន់តែ​ឆាប់រហ័ស​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​ជម្លោះដីធ្លី​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​ថា​ នៅ​ឆ្នាំ២០១៩​ នេះ​ រាជរដ្ឋាភិបាល​ បានសម្រេច​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ចំនួន៤៤៣​ ៥៩៨បណ្ណ​ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន៣៥៣​ ៤៣៣បណ្ណ​ រួមមាន​ ទី១​ កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ ៖ បាន​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចំនួន៧៤៤ភូមិ​ បាន​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ចំនួន៥៧៧ភូមិ​ ស្មើនឹង៥២៩​ ៩៥០ក្បាលដី​ ចេញ​បណ្ណ​ចំនួន៤៤២​ ០៣៦បណ្ណ​ និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន៣៥១​ ៨៧១បណ្ណ​ (ក្នុង​នោះ​សម្បទាន​ដី​សង្គមកិច្ច​បាន៣​ ១៤០បណ្ណ​)។

​ទី២​ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​៖ សម្រេច​បាន១​ ៥៦២បណ្ណ​ (ដី​រដ្ឋ​បាន៨៥បណ្ណ​ ទំហំ៤៣​ ៤៣៥ហិ​កតា​ ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន១​ ៣៤២បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ ៦សហគមន៍​ ស្មើនឹង១៣៥បណ្ណ​ ទំហំ៥៨៤០​,៥២ហិ​កតា​ ស្មើនឹង​ ៤៦៥គ្រួសារ​)។

សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ដល់​ត្រឹម​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រសួង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន​ ៥ ៥៧១​ ៤២២បណ្ណ​ ស្មើនឹង៧៩​,៥៩​% នៃ​ក្បាលដី​ប៉ាន់ស្មាន៧លាន​ក្បាលដី​ ក្នុង​នោះ​ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេច​បាន​ ៤ ៩៥៣​ ៩៧៩​ បណ្ណ​ និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៤ ៦១៣​ ៤៦១​ បណ្ណ​ (ក្នុង​នោះ​តាម​បទបញ្ជា​លេខ​ ០១បប​ បាន​ចំនួន៦៤២​ ៦០៣បណ្ណ​ សម្បទា​ដី​សង្គមកិច្ច​បាន​ចំនួន​ ៦ ៥០៤បណ្ណ​) និង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេច​បាន៦១៧​ ៤៤៣បណ្ណ​ (ដី​រដ្ឋ​បាន១​ ៨៥៤បណ្ណ​ ទំហំ៧៧៨​ ៧២៥ហិ​កតា​ ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន៦១៤​ ៧៧០បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន៣០សហគមន៍​ ស្មើនឹង​ ៨១៩បណ្ណ​ ទំហំ២៨​ ៥២២​,៥២ហិ​កតា​សម្រាប់​ ៣០៣៣​ គ្រួសារ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here