ដោយ វុត្ថា
ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា កម្ពុជាបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរជាតិ និងអន្តរជាតិជិត៥០បាននិងកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Sengdaove KATTIGNASACK អគ្គនាយកក្រសួងដឹកជញ្ចូនប្រទេសឡាវ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះឱ្យដឹងថា នាឆ្នាំ១៩៩៣ មានតែក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិមួយគត់ហោះមកប្រទេសកម្ពុជា និងមានអាកាសយានដ្ឋានអន្តរជាតិ ដែលមានចំណតយន្តហោះអាចចតបានតែ១០យន្តហោះប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ មានក្រុមហ៊ុនអាកាសចរអន្តរជាតិ ហោះមកកម្ពុជា ចំនួន ៤៤ ក្រុមហ៊ុន បូកនឹងក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន៥ទៀត។
-->
ដោយឡែកចំណតយន្តហោះ ដែលអាចចតបានយន្តហោះ បានកើនដល់ចំនួន៤០ ដែលក្នុងនោះយន្តហោះប្រភេទធំអាចចតបានចំនួន១០យន្តហោះ និងគិតត្រឹមចុងខែវិច្ឆិកានេះ កម្ពុជាបានទទួលអ្នក១០,៥លាននាក់។
លោក Sengdaove KATTIGNASACK អគ្គនាយក ក្រសួងដឹកជញ្ចូនប្រទេសឡាវ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន វិស័យអាកាសចរស៊ីវិលនៅកម្ពុជា និងស្វែងរកនូវទំនាក់ទំនងរវាងស្ថាប័ទាំង២ ឱ្យកាន់តែជិតស្និតថែមទៀត។

វិស័យអាកាសចរស៊ីវិលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍនៃវិស័យនេះ ជាពិសេសការដឹកជញ្ជូន និងទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។ ស្របពេលដែលចំនួនភ្ញៀវទេសចរចូលមកកម្ពុជា និងពីកម្ពុជាទៅកាន់បរទេសមានកំណើនជាលំដាប់នោះ ការវិនិយោគលើវិស័យអាកាសចរណ៍របស់សហគ្រិនក្នុងស្រុក ក៏កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ៕