ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល បានជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយលើបញ្ហាសំណង់ដែលគ្មានគុណភាព ដែលជាកង្វល់មួយរបស់រដ្ឋាភិបាល។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល បានជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយលើបញ្ហាសំណង់ដែលគ្មានគុណភាព ដែលជាកង្វល់មួយរបស់រដ្ឋាភិបាល។

ដោយក្ដីបង្ហាញពីក្ដីព្រួយបារម្ភពាក់ព័ន្ធ ទៅនឹងគុណភាពសំណង់នៅកម្ពុជា ទាំងគ្រោងសំណង់ដែលបាច់ដំណើរការសាងសង់ សំណង់បញ្ចប់ការសាសង់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍សំណង់ថ្មីៗជាច្រើន ដែលនឹងបង្ហាញវត្តមានក្នុងពេលខាងមុខនេះ ក្រុមអ្នកជំនាញ ដែលភាគច្រើនជាសមាសភាពសាស្ត្រាចារ្យ ជំនាញផ្នែកស្ថាបត្យកម្ម និងវិស្វកម្មសំណង់ស៊ីវិល បានបង្កើតជាវេទិកាជួបជុំជជែក និងពិភាក្សាគ្នាពាក់ព័ន្ធទៅនឹងការរកដំណោះស្រាយបញ្ហា និងក្ដីបារម្ភ រាប់ចាប់តាំងពីកម្រិតថ្នាក់សិក្សាជំនាញឡើងទៅ។
លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជានៃ ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងសាកលវិទ្យាធិការរងសាកលវិទ្យាល័យវេស្ទើន និងជាស្ថាបត្យករអាស៊ាន ដែលមានបទពិសោធន៍ជាង២០ឆ្នាំ និងជាអធិបតីនៅក្នុងវេទិកា ដែលបានរៀបចំកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានមានប្រសាសន៍ថា វេទិកាមួយនេះ បានរៀបចំឡើងនៅមហាវិទ្យាល័យស្ថាបត្យកម្ម និងវិស្វកម្មសំណង់ នៃសាកលវិទ្យាល័យ វេស្ទឺន ក្រោមការចូលរួមពីសំណាក់អ្នកជំនាញ ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះជាច្រើន ក៏ដូចជាបណ្តាក្រុមហ៊ុនប្រឹក្សានានា ព្រមទាំងបណ្តានិស្សិតជាច្រើននាក់។
លោកសាស្ត្រាចារ្យបន្តថា “តាមរយៈកម្មវិធីនេះយើងបានពិភាក្សា និងស្វែងរកដំណោះស្រាយ ដោយចូលរួមជាមួយរដ្ឋាភិបាល តាមរយៈការពង្រឹងគុណភាព ពង្រឹងសមត្ថភាពរបស់និស្សិតតាំងពីសាលាឡើងទៅ ដើម្បីឱ្យជ្រោតជ្រាបពីក្រមសីលធម៌ វិជ្ជាជីវៈបន្ថែម ពីលើជំនាញរបស់ពួកគាត់នៅពេលពួកគាត់ ចេញបំពេញបេសកកម្មការងារក្រោយពេលរៀនចប់ ជាពិសេសបណ្តុះគំនិតពួកគេឱ្យគោរព និងអនុវត្តទៅតាមច្បាប់”។
លោកបានបន្តទៀតថា យើងធ្លាប់មានបទពិសោធន៍រួចហើយ ពាក់ព័ន្ធទៅនឹងការមិនគោរពច្បាប់សំណង់ និងច្បាប់សាងសង់ ជាក់ស្ដែងដូចជានៅក្រុងព្រះសីហនុ ឃើញមានច្រើនករណី នៅរាជធានីភ្នំពេញក៏ឃើញមាន ដោយនេះនៅមិនទាន់សិក្សាសំណង់នៅតាមបណ្តាខេត្តដទៃទៀតនោះផង ហើយទាំងអស់នេះ គឺសុទ្ធតែជាបញ្ហាសម្រាប់វិស័យសំណង់នៅកម្ពុជាទាំងអស់។
លោកបន្តថា “ភាពរីកចម្រើននៃការវិនិយោគក្នុងវិស័យសំណង់ គឺកើតឡើងដោយភាពមានទំនុកចិត្ត ប្រសិនបើគុណភាពសំណង់គ្មានគុណភាព មិនស្របតាមបទដ្ឋានដែលកំណត់ដោយច្បាប់ តើមានអ្នកវិនិយោគណាហ៊ានបោះទុន ចំណាយរាប់សិបលានដុល្លារ” ? នេះ គឺជាការចោទសួរពីសំណាក់លោកសាស្ត្រាចារ្យ ទួស សាភឿន។
អគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទួស សាភឿន បានលើកឡើងបន្ថែមថា ការសិក្សាពីបញ្ហាគុណភាពសំណង់គឺជារឿងមួយ ដែលមន្ត្រីជំនាញត្រូវតែអនុវត្តន៍ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកទទួលគម្រោងសាងសង់តែម្ដង ថាតើខ្លួនមានភាពស្មោះត្រង់ មានក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈឬទេ ? ប្រើសិនបើរកឃើញពីចំណុចអវិជ្ជមាន សម្រាប់អ្នកទទួលសាងសង់ក្រៅពីប្រឈមនឹងសំណង ថែមទាំងមានទោសព្រហ្មទណ្ឌថែមទៀត។
លោកបានបញ្ជាក់ថា “ទាំងអស់នេះយើងត្រូវតែបណ្តុះគំនិត តាំងពីពួកគេសិក្សានៅសាលា មុនពេលពេលចេញអនុវត្តការងារជាក់ស្ដែង។ បន្ថែមពីនេះ មន្ត្រីពាក់ព័ន្ធក៏ត្រូវតែប្រាកដថា ចៀសផុតពីអំពើពុករលួយ ស៊ីសំណូក សមគំនិតអាក្រក់ជាមួយជនខិតខូលផងដែរ ទើបបញ្ហាដែលកំពុងប្រឈមនេះអាចដោះស្រាយបាន”៕