រាជរដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​តំបន់​អភិរក្ស​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​

0
រាជរដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​តំបន់​អភិរក្ស​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​
រាជរដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​តំបន់​អភិរក្ស​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​មានបំណង​ប្រែក្លាយ​តំបន់​អភិរក្ស​ដែល​មាន​បច្ចុប្បន្ន​នេះ​ ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដើម្បី​ឆ្លើយ​កំណើន​ឡើង​នៃ​វិស័យ​ទេសចរណ៍​ និង​តម្រូវការ​របស់​ប្រជា​ ពលរដ្ឋ​ក្នុង​ការ​ដើរកម្សាន្ត​។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ក្នុង​ឱកាស​បិទ​សន្និបាត​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​បច្ចុប្បន្ន​នេះ​ ទេសចរណ៍​ក្នុង​ស្រុក​ មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​សុខ​សន្តិភាព​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ប្រទេស​កម្ពុជា​មាន​ធនធាន​ធម្មជាតិ​ និង​ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប​។ ព្រៃឈើ​គ្រប​ដណ្តប់​ប្រមាណ៥០​% នៃ​ផ្ទៃ​ប្រទេស​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ មកទល់​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ ដែល​ស្ថិតនៅ​ក្រោម​យុត្តាធិការ​របស់ក្រ​សួង​បរិស្ថាន​ រហូតដល់​ប្រមាណ៤១​% នៃ​ផ្ទៃ​ប្រទេស​ គឺ​ស្មើនឹង​ប្រមាណ​ ៧,២លាន​ហិ​កតា​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ឈរ​លំដាប់​ទី២​ នៅ​អាស៊ី​ បន្ទាប់ពី​ប្រទេស​ប៊ូ​តាន​។

លោក​បន្ថែម​ថា​ ព្រៃឈើ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការធានា​ការ​ផ្គត់ផ្គង់​ទឹក​និង​ថាមពល​ កាត់បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ទេសចរណ៍​ធម្មជាតិ​ និង​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី​ ក៏អាច​ផ្តល់​នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា​ ដោយ​ជាមួយគ្នា​នោះ​ ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​ផង​ដែរ​។

រហូត​មកទល់​នឹង​ឆ្នាំ​ ២០១៩​ នេះ​ សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់​ ដែល​ស្ថិតនៅ​តំបន់​អភិរក្ស​ក្រសួងបរិស្ថាន​មាន​ចំនួន​ប្រមាណ​ ១៦៨​ សហគមន៍​។


លោក​រដ្ឋមន្ត្រី​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ ទិសដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម​ និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក​ ហើយ​របស់​ប្រជា​បល​រដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍​ ព្រមទាំង​ការ​បណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង​ និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ​ ការ​ដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង​ និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ​។

លោក​ថា​ «ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​ធ្វើឡើង​ដើម្បី​បង្កើត​ជា​ដៃគូ​សន្ទនា​រវាង​ប្រជា​សហគមន៍​និង​រាជរដ្ឋាភិបាល​ ផ្លាស់​ប្តូរ​យោបល់​គ្នា​ ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ ចូលរួម​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី​និង​អរូ​បិ​ឱ្យ​បាន​គង់វង្ស​ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត​អេកូ​ទេសចរណ៍​ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​»៕

LEAVE A REPLY

Please enter your comment!
Please enter your name here