ដោយ វុត្ថា
ភ្នំពេញៈ សហគ្រិន គឺជាបុគ្គលម្នាក់ ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេងហើយបង្កើតនិងធ្វើអាជីវកម្មតូចមួយ តាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យនិងរង្វាន់នៃការរកស៊ី។
សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។
សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញនិងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ននិងអនាគតនឹងនាំយកគំនិតថ្មីៗល្អៗ ទៅទីផ្សារ។
សហគ្រិនដែលទទួលបានជោគជ័យ ក្នុងការចាប់ផ្ដើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។
សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ ដូចជា ៖១-ជាដំបូងសហគ្រិនត្រូវចូលរួមវាយតំលៃសក្តានុពលសំរាប់អាជីវកម្ម និងបន្ទាប់មកត្រូវដោះស្រាយបញ្ហានានាក្នុងពេលចាប់ផ្តើម។ ២-ចាប់ផ្តើមដំណើរការធ្វើផែនការអាជីវកម្មថ្មី។៣-ត្រូវក្រឡេកមើលពីការចាត់ចែងអាជីវកម្ម។ ៤-ចាប់ផ្តើមដំណើរការអាជីវកម្ម។
៥-គ្រប់គ្រងអាជីវកម្មអោយដំណើរការប្រកបដោយជោគជ័យ។ ដំណាក់កាលនេះទាក់ទិនទៅនឹងការធ្វើការសំរេច ការធ្វើផែនការសកម្មភាព ការវិភាគពីបរិស្ថាននានាដែលជាឱកាស និងការគំរាមកំហែង ព្រមទាំង ធ្វើការវាស់វែង និង វាយតម្លៃពីលទ្ធផលនានា ។ និង ៦-ដំណាក់កាលចុងក្រោយ សហគ្រិន ចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការគ្រប់គ្រងការលូតលាស់នៃអាជីវកម្ម។
បុគ្គលិកលក្ខណៈដែលសហគ្រិន មានភាពខុសពីអ្នកមិនមែនជាសហគ្រិនរួមមាន ៖
• កំរិតនៃការលើកទឹកចិត្តខ្ពស់
• មានជំនឿលើខ្លួនឯង
• សមត្ថភាពដែលពាក់ព័ន្ធមានរយៈពេលវែង
• កំរិតថាមពលខ្ពស់
• អ្នកដោះស្រាយបញ្ហាអចិន្ត្រៃយ៍
• កំរិតនៃគំនិតផ្តួចផ្តើមខ្ពស់
• សមត្ថភាពដាក់ចេញគោលដៅ
• ឆន្ទៈ និងសមត្ថភាពធ្វើការដឹកនាំខ្លួនឯង
• មានភាពស្វិតស្វាញនឹងការងារបានល្អ
• ភាពប៉ិនប្រសព្វក្នុងការកែច្នៃ ៕