រដ្ឋមន្ត្រី​ការងារ​ជំរុញ​ឱ្យ​និស្សិត​ស្រាវជ្រាវ​លើ​វិស័យ​វិស្វកម្ម​សំណង់​ស៊ីវិល​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​អ៊ិ​ត សំ​ហេង​បាន​ជំរុញ​ឲ្យ​និស្សិត​ ពង្រឹង​ការសិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ ខណៈ​លោក​គ្រោង​ប្រែក្លាយ​វិទ្យាស្ថាន​ជាតិ​ បណ្តុះបណ្តាល​បច្ចេកទេស​(NTTI​) ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ថ្មី​។

លោក​ អ៉ិ​ត សំ​ហេង​បាន​មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ ខួប២០ឆ្នាំ​ របស់​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​បានឱ្យ​ដឹង​ថា​ ទន្ទឹម​នឹង​នេះ​ មជ្ឈមណ្ឌល​មួយ​នេះ​ ក៏​ជា​កន្លែង​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ការចែក​រំលែក​បទពិសោធន៍​ជាមួយ​វិស័យ​ឯកជន​ និង​គ្រឹះស្ថាន​នានា​។

លោក​បន្ត​ថា​ ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចាប់ផ្ដើម​អនុវត្ត​យុទ្ធសាស្ត្រ​ទំនើបកម្ម​ ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​ បច្ចេកទេស​ វិជ្ជាជីវៈ​ (TVET​) និង​ដាក់ចេញ​អនុសាសន៍​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន​ ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ទៅដល់​សិក្ខាកាម​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​ទំនើប​ ឬហៅ​ថា​បដិវត្ត​ឧស្សាហកម្ម​ ៤.០​។

លោក​ អ៉ិ​ត សំ​ហេង​ បាន​លើកទឹកចិត្ត​ដល់​សាស្រ្តា​ចារ្យ​ នៅក្នុង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ត្រូវ​ខិតខំ​បន្ត​ការអប់រំ​ បណ្ដុះបណ្ដាល​ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​ និស្សិត​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​តាម​ជំនាញ​របស់​ខ្លួន​ ធ្វើ​យ៉ាង​ឱ្យ​វិទ្យាស្ថាន​ជាតិ​មួយ​នេះ​ក្លាយជា​គ្រឹះស្ថាន​នាំមុខ​មួយ​ ក្នុង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ របស់ក្រ​សួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ សមត្ថភាព​គ្រូ​បណ្ដុះបណ្ដាល​ និង​គុណភាព​របស់​សិស្ស​-និស្សិត​ សិក្ខាកាម​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​ទាញ​ការចាប់អារម្មណ៍​ទៅដល់​យុវជន​កម្ពុជា​ទាំងឡាយ​ គប្បី​ងាក​មក​ចាប់អារម្មណ៍​ការសិក្សា​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដែល​កំពុង​មាន​ភាព​ចាំបាច់​ និង​កំពុង​មាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​អនាគត​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ការ​ធ្វើបែប​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ធនធានមនុស្ស​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ចំ​បាច់​ក្នុង​ដំណាក់កាល​ថ្មីនេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here