លោក​ ថេង​ ចាន់​ថន​ ៖ ចង់​បង្កើត​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ជោគជ័យ​ត្រូវតែ​ព្យាយាម​អនុវត្ត​ទាំង៤ចំណុច

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ មិន​ពិបាក​ទេ​ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ គឺ​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ បើ​ទោះជា​ការ​ខិតខំ​ និង​ព្យាយាម​ត្រូវ​បាន​ធ្វើ​យ៉ាង​ពេញទំហឹង​ក៏ដោយ​។

ជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ លោក​ ថេង​ ចាន់​ថន​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ PAPA​ &​ MAMAReal​ Estate​ Co​.,Ltd​ បាន​លើកឡើង​ថា​ ចង់ឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​ទទួល​បាន​ជោគជ័យ​ គឺ​ត្រូវ​ព្យាយាម​ដោយ​ភាព​ស្មោះត្រង់​ ជាមួយនឹង​ការអនុវត្ត​នូវ​ចំណុច​សំ​ខាន់​ៗទាំង៤ខាងក្រោម​នេះ​ ។

លោក​ ថេង​ ចាន់​ថន​ ដែល​កំពុង​មាន​ភាព​ជោគជ័យ​លើ​ការ​លក់​គម្រោង​អគារ​ធំៗ​ ដែល​មានតម្លៃ​រាប់​សិប​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​មានប្រសាសន៍​ប្រាប់​ថា​ គ្រប់​កិច្ចការ​ទាំងអស់​ មិនថា​ចំពោះតែ​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ ឬកិច្ច​សហការ​គ្នា​ដើម្បី​ផលប្រយោជន៍​នោះ​ទេ​ ភាព​ស្មោះត្រង់​ ភាព​មានការ​ទទួលខុសត្រូវ​ និង​ការបង្កើត​បណ្តាញ​ការងារ​គឺ​មាន​សារៈសំខាន់​ ដើម្បី​កំណត់​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។ បន្ថែម​ពីនេះ​ ក៏​ត្រូវតែ​អនុវត្ត​នូវ​ចំណុច​សំ​ខាន់​ៗខាងក្រោម​នេះ​ផង​ដែរ​។

ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​

ការបង្កើត​ជំនួញ​មួយ​ មិនមែន​ចេះតែ​ធ្វើ​នោះ​ទេ​ តែ​ត្រូវ​មាន​ក្រុមហ៊ុន​មួយ​ ដែល​ត្រូវតែ​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ ព្រោះ​អាជ្ញាប័ណ្ណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​។ លើស​ពីនេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​នេះ​ ត្រូវ​រៀបចំខ្លួន​ឱ្យ​បាន​រៀបរយ​ មាន​របៀប​ ស័ក្ដិសម​ជា​ក្រុមហ៊ុន​ ដែល​អាច​ឱ្យ​អតិថិជន​ជឿ​ទុកចិត្ត​បាន​។

ការបង្កើត​ក្រុម​ និង​បណ្តាញ​

បើ​ចង់ទៅ​លឿន​ ត្រូវ​ដើរ​ម្នាក់ឯង​ តែបើ​ចង់ទៅ​មុខ​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​ ត្រូវ​ធ្វើជា​ក្រុម​។ ការងារ​ជា​ក្រុម​ និង​ការបង្កើត​បណ្តាញ​ជំនួញ​ជា​ការងារ​មួយ​ ដែល​មិន​អាច​មើល​រំលង​បាន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ និង​អាច​រួមចំណែក​ជួយគ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​។

ការបង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ ជា​រឿង​ដែល​មិន​អាច​រំលង​បាន​នោះ​ឡើយ​។ បច្ចុប្បន្ន​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វិស័យ​ជំនួញ​ ព្រោះ​បច្ចេកវិទ្យា​ កំពុង​មានការ​ពេញនិយម​នៅ​លើ​ពិភពលោក​។

ហេតុនេះ​ការ​មាន​គេហទំព័រ​ ឬគណ​នី​ផេ​កផ្ទាល់ខ្លួន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​។

ធ្វើ​ទីផ្សារ​ដោយខ្លួនឯង

​លោក​ ថេង​ ចាន់​ថន​ បាន​មានប្រសាសន៍​ថា​ គ្មាន​អ្នកណា​ធ្វើ​ទីផ្សារ​ជំនួស​យើង​បាន​នោះ​ទេ​ ទីផ្សារ​នៅ​ទីនេះ​សំដៅលើ​ការ​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ ឬធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​យើង​មានការ​ទទួលស្គាល់​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន​ និង​អតិថិជន​គោលដៅ​។

ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនវត្ថុ​ ឬក្រុមហ៊ុន​ជំនួញ​ផ្សេងទៀត​ ត្រូវ​បង្កើត​កាលវិភាគ​សម្រាប់​ការស្វែងរក​ព័ត៌មាន​និង​អតិថិជន​ ចូលរួម​ជួយ​ដល់​ការងារ​ក្នុង​សហគមន៍​។ រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ព្រោះ 75ភាគរយ​នៃ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​ លក់​អចលនទ្រព្យ​ជាទូទៅ​បាន​មក​ពី​ការ​ណែ​នាំ​តៗ​គ្នា​។ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​ ការ​លក់ខ្លួន​ឯង​បានសម្រេច​គឺជា​រឿង​សំខាន់​បំផុត​។

ធ្វើជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​

មនុស្ស​ជោគជ័យ​ មិនដែល​បញ្ចប់​ការសិក្សា​នោះ​ឡើយ​ ព្រោះ​ការ​បញ្ចប់​ការសិក្សា​មានន័យថា​ ធ្វើ​ឱ្យ​ខ្លួនឯង​ក្រិន​ចំណេះ​ លែង​ចង់​ដើរទៅ​មុខ​ទៀត​ ហេតុនេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ការសិក្សា​បន្ថែម​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ រាប់ទាំង​ឯកសារ​ ការ​ទទួលយក​បទពិសោធន៍​ពី​មនុស្ស​ជុំវិញ​ខ្លួន​ និង​ការ​ស្វែងយល់​បន្ថែម​ដោយខ្លួនឯង​ជាមួយ​មនុស្ស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ។ ប្រសិនបើ​អ្នក​អនុវត្ត​ចំណុច​ទាំងអស់​នេះ​បាន​ នោះ​ក្រុមហ៊ុន​របស់​អ្នក​នឹង​ទទួល​បាន​ភាគរយ​ជោគជ័យ​ខ្ពស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here