ដោយ ប៊ី
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាអចលនទ្រព្យនៅតាមបណ្តាខេត្ត ក្រុមហ៊ុន Century21 Cambodia គ្រោងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាចាប់ពីដើមឆ្នាំ ២០២០ នេះតទៅ ដោយបើកការិយាល័យថ្មី ៣៨ បន្ថែម។

-->
ការិយាល័យថ្មីទាំង ៣៨ នេះនឹងដំណើរការក្រោមឈ្មោះ Century21 Zillion Holding ដែលជាក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នៅកម្ពុជាដែលបានទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោក្រុមហ៊ុន Century21 នៅកម្ពុជា។ ខុសប្លែកពីក្រុមហ៊ុនរួមគ្រួសារ Century21 ផ្សេងទៀតបន្តិច ប្រតិបត្តិការរបស់ ក្រុមហ៊ុន Century21 Zillion Holding នឹងផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមានការទិញ លក់ និងជួល។
លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century21 Cambodia បានលើកឡើងថា ក្នុងចំណោមការិយាល័យថ្មីទាំង ៣៨ មានការិយាល័យ ១៤ នឹងដាក់ទីតាំងនៅខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ (ខណ្ឌមួយ ការិយាល័យថ្មីមួយ) ខណៈការិយាល័យ ២៤ ទៀតនឹងបើកនៅតាមខេត្តទាំង ២៤ នៅកម្ពុជា។
ស្របពេលការិយាល័យថ្មីនេះ គ្រោងចាប់ផ្តើមដំណើការនៅដើមឆ្នាំ ២០២០ ខាងមុខ លោកស្រី រចនីហ្វុង បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្វែងរកទីតាំងដែលមានសក្តានុពលដើម្បីបើកដំណើរការការិយាល័យទាំង ៣៨ នេះ។
លោកស្រីបញ្ជាក់ថា “សម្រាប់បងប្អូន ម្ចាស់អចលនទ្រព្យដែលមានទីតាំងល្អៗនៅតាមបណ្តាខេត្ត ខណ្ឌទាំងអស់ សូមទាក់ទងមកក្រុមកាងាររបស់ Century21 Cambodia ដើម្បីឲ្យយើងបានដឹង និងពិនិត្យទីតាំងនោះដើម្បីជួលបើកការិយាល័យឲ្យចំទីកន្លែងសម្រាប់ភាពងាយស្រួលដល់អតិថិជន។
យើងនៅមានសក្តានុពលច្រើនណាស់ក្នុងការពង្រីកការិយាល័យ Century21 នៅប្រទេសកម្ពុជា ស្របពេលបណ្តាខេត្តជាច្រើនកំពុងមានកំណើនទិញលក់ដីធ្លីទាំងសម្រាប់យកចំណេញ និងសម្រាប់អភិវឌ្ឍន៍គម្រោងផ្សេងៗ”។
លោកស្រី ហ្គ្រែស រចនីហ្វុងបញ្ជាក់ថា “យើងរំពឹងថា ការិយាល័យថ្មីរបស់យើងទាំង ៣៨ នឹងជួយបំពេញចន្លោះដែលធ្លាប់ខ្វះខាតកន្លងមក ហើយនឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព”។
ក្រុមហ៊ុន Century21 Zillion Holding គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយមានការសហការវិនិយោគដោយភាគទុនិកពីម្ចាស់ Franchise របស់សមាជិកគ្រួសារ Century21 ដែលមានស្រាប់ ដោយសារភាគទុនិកបានស្គាល់ច្បាស់ពីសក្តានុពលនៃយីហោក្រុមហ៊ុន Century21 និងជឿជាក់លើដំណើរការវិជ្ជមាននៃវិស័យអចលនទ្រព្យកម្ពុជា។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Century21 Zillion Holding បានរៀបចំនីតិវិធីសំខាន់ៗដើម្បីអនុវត្តន៍គម្រោងនេះស្ទើររួចរាល់អស់ហើយ។ ក្រុមហ៊ុនបានចុះបញ្ជីស្របច្បាប់ និង មានអជ្ញាប័ណ្ណត្រឹមត្រូវពីបណ្តាក្រសួងពាក់ព័ន្ធ ហើយទន្ទឹមនេះ ក្រុមហ៊ុនក៏មានធនធានមនុស្សគ្រប់គ្រាន់ដោយបានជ្រើសរើសប្រធានសាខាប្រចាំការិយាល័យនីមួយៗរួចជាស្រេច។
ធនធានមនុស្សសម្រាប់ការិយាល័យថ្មីទាំង ៣៨ ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ ហើយត្រូវបានក្រុមហ៊ុនផ្តល់វគ្គបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវដោយមានគ្រូបណ្តុះបណ្តាលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស។
យោងតាមលោកស្រី ហ្គ្រែស រចនីហ្វុង វិស័យអចលនទ្រព្យកម្ពុជាបានទទួលលទ្ធផលគួរជាទីពេញចិត្តសម្រាប់ឆ្នាំ ២០១៩ ដោយសារទីផ្សារសំណង់លំនៅដ្ឋាន ទីផ្សារអគារការិយាល័យ និង សំណង់សម្រាប់វិស័យពាណិជ្ជកម្មផ្សេងៗបានបន្តលូតលាស់យ៉ាងរឹងមាំ។
កំណើនគម្រោងទាំងនេះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារដីធ្លី ដែលបានធ្វើឲ្យតម្លៃ និងប្រតិបត្តិការទិញលក់មានការកើនឡើង។
លោកស្រីថ្លែងថា “តម្រូវការទិញលក់អចលនទ្រព្យនឹងនៅតែល្អសម្រាប់ឆ្នាំ ២០២០ ខាងមុខ ហើយទី ផ្សារដីធ្លីនៅតាមបណ្តាខេត្តទាំងអស់ ជាពិសេសខេត្តសំខាន់ៗដូចជា កំពត កែប ព្រះសីហនុ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តកោះកុងជាដើមនឹងមានសកម្មភាពទិញលក់ដីធ្លីកាន់តែរស់រវើក”។
លោកស្រីបន្ថែមថា “យើងឃើញមានវិនិយោគិនក្រៅប្រទេសដូចជាមកពី សិង្ហបុរី និង ជប៉ុន ជាដើមបន្ថែមលើវិនិយោគិនដែលមានស្រាប់ដូចជាចិន ហើយពួកគេបានចាប់ផ្តើមមកអភិវឌ្ឍខុនដូ និង គម្រោងអចលនទ្រព្យផ្សេងទៀតនៅកម្ពុជា ដែលជាសញ្ញាល្អមែនទែនសម្រាប់ទីផ្សារអចលនទ្រព្យនារយៈពេលយូរទៅមុខទៀត”៕