ដោយ ៖ រ៉ាណេត
កំពត ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងជោគជ័យបំផុត។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២ នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់។
លោកបានបន្តទៀតថា នៅក្នុងចំណោមទេសចរទាំងអស់នោះ មាន ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់ ដោយមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។
ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោក ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា នាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។
ជាមួយគ្នានោះ លោកក៏បានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នរឱ្យប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។
លោក ថោង ខុន បានមានប្រសាសន៍បញ្ជាក់ថា “បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន។
ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងនោះ ទឹកដីកម្ពុជានឹងកាន់តែមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស ជីវភាពរស់នៅកាន់តែបានរីកចម្រីកឥតឈប់ឈរ”៕