ដោយៈ វុត្ថា
ភ្នំពេញៈ ផ្អែកតាមការសិក្សាថ្មី ដោយការធ្វើស្ទង់មតិទៅលើមនុស្សជាច្រើននាក់ ដែលភាគច្រើន ជាអ្នកស្ថិតនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានបង្ហាញថា ស្ថានភាពនៃតម្រូវការទីផ្សារអចលនទ្រព្យ ក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ នៅតែរក្សាបានអត្រាខ្ពស់ដដែល ហើយភាគច្រើនជាអតិថិជនក្នុងស្រុក។

-->
នៅក្នុងរបាយការណ៍ដែលចេញដោយគេហទំព័រ Realestate.com.kh ដែលបានធ្វើការស្ទង់មតិអំពីវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងអ្នកចូលរួមផ្តល់ចម្លើយចំនួនប្រមាណ២,០០០នាក់ ក្នុងនោះមានជនជាតិខ្មែរ៧៣.៤ភាគរយ និងជនជាតិចិនមាន២៣ភាគរយ និងក្រៅពីនេះជាជនជាតិផ្សេងៗ។
ការស្ទង់មតិនេះបានបង្ហាញថា មនុស្សជាច្រើនចង់ទិញដី នៅក្នុងទីក្រុងភ្នំពេញ ដែលមានចំនួន៧៧.៧ភាគរយ នៅឆ្នាំ២០១៩ កើនឡើងបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយទីតាំងបន្ទាប់ ដែលមានតម្រូវការខ្ពស់ គឺខេត្តសៀមរាប ព្រះសីហនុ កំពត កែប និងក្រុងប៉ោយប៉ែត។ ខេត្តសៀមរាបមានចំនួន៧.៤ភាគរយ ចំណែកឯខេត្តកំពតមាន៥.៣ភាគរយ ហើយខេត្តព្រះសីហនុមានចំនួន៤.២ ភាគរយ ។ ខេត្តផ្សេងៗក៏សង្កេតឃើញថាមានការចាប់អារម្មណ៍ដែរ ដូចជា កែប មាន២ភាគរយ តំបន់ប៉ោយប៉ែត មាន ១.៨ភាគរយ និងខេត្តបាត់ដំបង១.៤ភាគរយ ។
ប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានទទួលស្គាល់ទៅលើរបាយការណ៍ខាងលើនេះ ហើយលោកមានជំនឿថា តម្រូវការទាំងនេះ នឹងនៅតែបន្តរហូតដល់ឆ្នាំបន្ទាប់ខាងមុខទៀត។
លោកបានបន្តថា “រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងសកម្មបំផុតរបស់ប្រទេសកម្ពុជា ដែលវាមានតម្រូវការខ្ពស់ មិនមែនជារឿងចម្លែកនោះទេ”។

លោកច្រឹក សុខនីមបានមានប្រសាសន៍ថា សម្រាប់ខេត្តដទៃទៀត ដូចជា ព្រះសីហនុ បើទោះជាមានតម្រូវការទាបជាងរាជធានីភ្នំពេញ ប៉ុន្តែនៅតែមានអត្រាខ្ពស់បើប្រៀបជាមួយបណ្តាខេត្តដទៃទៀត ជាពិសេសខេត្តដែលជាប់តំបន់ឆ្នេរសមុទ្រដូចគ្នា រួមមានខេត្តកំពត កែប និងខេត្តកោះកុង” ៕