ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីនៅកម្ពុជាចំនួន ២ បានប្រកាសពីផ្លូវហោះហើរថ្មីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់គោលដៅនានាក្នុងប្រទេសចិន។ នេះបើយោងតាមកាសែតភាសាអង់គ្លេសមួយចុះផ្សាយកាលពីម្សិលមិញ។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹងចាប់ផ្តើមជើងហោះហើររវាងភ្នំពេញ និងសិនជិននៅភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី ២៧ ខែ ធ្នូ។ក្រុមហ៊ុននេះនឹងចាប់ផ្តើមហោះហើរពីរាជធានីភ្នំពេញនៅថ្ងៃទី ២ ខែ មករា ទៅកាន់តំបន់ Chengdu ដែលជារដ្ឋធានីនៃខេត្តស៊ីឈួនភាគនិរតីប្រទេសចិន ។
ទីក្រុងសិនជិន និងទីក្រុងឆេងឌូគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់។ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ផ្លូវថ្មីនឹងធ្វើឱ្យការធ្វើដំណើររវាងទីក្រុងទាំងបី កាន់តែមានភាពងាយស្រួល និងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកដំណើរ”។
សេចក្តីរាយការណ៍បានបន្ថែមថា “យើងបានទន្ទឹងរងចាំការបើកដំណើរការផ្លូវទាំងពីរនេះជាយូរមកហើយ ហើយយើងរំពឹងថានឹងជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
ក្រុមហ៊ុន JC Airlines នឹងចាប់ផ្តើមហោះហើរពីភ្នំពេញទៅតំបន់ Guiyang នៅថ្ងៃទី ២៩ ខែ ធ្នូ។ តំបន់ Guiyang គឺជារដ្ឋធានីនៃខេត្តគួយចូវនៅភាគនិរតីប្រទេសចិន។ ចំនួនជើងហោះហើរត្រង់ជាមួយចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំង។
អាកាសយានដ្ឋានកម្ពុជាបច្ចុប្បន្នមានជើងហោះហើរប្រមាណ ៥០០ ជើងទៅនិងមកពីគោលដៅនានាក្នុងប្រទេសចិនជារៀងរាល់សប្តាហ៍។ នេះបើយោងតាមរបាយការណ៍ពីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ។លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ភ្នំពេញត្រូវបានតភ្ជាប់ជាមួយទីក្រុងចំនួន ២៣ នៅក្នុងប្រទេសចិនតាមរយៈអាកាសចរណ៍ ខណៈខេត្តសៀមរាបត្រូវបានភ្ជាប់ទៅនឹងទិសដៅចំនួន ២៣ និងខេត្តព្រះសីហនុ ភ្ជាប់ទៅនឹងទិសដៅចំនួន ១៥ នៅក្នុងប្រទេសចិន។
ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៩ ប្រតិបត្តិការផ្លូវហោះហើររវាងប្រទេសទាំងពីរ។ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងនេះគឺមកពីចិន និងនៅសល់គឺជាក្រុមហ៊ុនក្នុងស្រុក។ចិននៅតែបន្តជាប្រភពទេសចរណ៍ធំបំផុតសម្រាប់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនជាង ២ លាននាក់ក្នុងរយៈពេល ១០ ខែឆ្នាំ ២០១៩ កើនឡើង ២៤,៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជនជាតិចិនតំណាងឱ្យ ៣៨ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសទាំងអស់។ក្រសួងមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចិន ៣ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២០ ចំនួន ៥ លាននាក់នៅឆ្នាំ ២០២៥ និង ៨ លាននាក់នៅឆ្នាំ ២០៣០៕