អ្នកជំនាញ​៖ទីផ្សារ​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅ​តំបន់ឆ្នេរ​នា​ឆ្នាំ២០២០ខាងមុខ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ ការ​វិនិយោគ​ និង​តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ ជាប់​តំបន់ឆ្នេរ​ទាំង៤របស់​កម្ពុជា​ នឹង​ផ្លាស់ប្ដូរ​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ​នៅ​ឆ្នាំ២០២០ខាងមុខ​។

ខេត្ត​ទាំង៤ ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ និង​សមុទ្រ​ រួមមាន​ ខេត្ត​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ សុទ្ធតែ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ និង​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​គម្រោង​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​វិស័យ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​ថា​ ផ្អែក​តាម​ភាព​ជាក់ស្ដែង​ និង​ការ​មើលឃើញ​របស់​លោក​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤ខាងលើ​នេះ​ ហាក់​មិន​មាន​អ្វី​ប្រែប្រួល​ឬធ្លាក់ចុះ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “ភាគច្រើន​គេ​និយាយ​ថា​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទាំង៤ខាងលើ​គឺ​មានការ​ធ្លាក់ចុះ​ខ្លាំង​ ជាពិសេស​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​បើ​តាមមើល​ឃើញ​ គឺ​មិន​ដូច​គេ​លើកឡើង​នោះ​ទេ​”។ លោក​បន្ត​ថា​ “តម្រូវការ​ទីផ្សារ​គឺ​នៅតែ​បន្ត​មាន​ ទាស់​ត្រង់​តម្លៃ​ ដែល​ស្ថិតនៅ​ក្នុង​ការចរចា​គ្នា​រវាង​អ្នកលក់​ និង​អ្នកទិញ​តែប៉ុណ្ណោះ​”។

លោក​ច្រឹក​ សុ​ខនីម​ បាន​បន្ត​ទៀត​ថា​ សម្រាប់​ឆ្នាំ២០២០​ ខាងមុខនេះ​ តម្រូវការ​នៃ​ទីផ្សារ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង៤​ នឹង​បន្ត​កើនឡើង​ខ្លាំង​ ដែល​ក្នុង​ខេត្ត​ព្រះសីហនុ​ ស្ថិតនៅ​លំដាប់​កំពូល​ ខេត្តកំពត​ និង​កែប​ មាន​តម្រូវការ​ប្រហាក់​ហែល​គ្នា​ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ ហើយ​ខេត្តកោះកុង​ហាក់​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​។

ជាហេតុ​ផល​អំណះអំណាង​នូវ​ការព្យាករណ៍​ខាងលើ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូប​នេះ​បាន​លើកឡើង​ថា​ ខេត្ត​ព្រះសីហនុ​នឹង​លេចចេញ​នូវ​វត្តមាន​សំណង់​ព្រោងព្រាត​ជាច្រើន​ ដែល​ក្នុង​នោះ​សំណង់​អគារ​មួយចំនួន​ ជា​គម្រោង​ដែល​បន្សល់​ពីឆ្នាំ​ចាស់​ ហើយ​គម្រោង​ខ្លះទៀត​ជា​ការ​បណ្តាក់​ទុន​វិនិយោគ​ថ្មី​ នៅក្នុង​ឆ្នាំ២០២០​ខាងមុខនេះ​ ។

​;លោក​បញ្ជាក់​ថា​“សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ សន្ទុះ​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤ខាងលើ​នេះ​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៩​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Advance​ Property​ លោ​កឡុង​ គឹ​មសួគ៌​ បាន​លើកឡើង​ស្រដៀងគ្នា​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ២០២០​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤​ នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៩យ៉ាង​ពិតប្រាកដ​។

លោក​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​ នៅតែ​ស្ថិតនៅ​លំដាប់​កំពូល​ ក្រោម​ការចូលរួម​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ ជាពិសេស​ទៅលើ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម័ន្ធ​នានា​ នៅ​ទូទាំង​ខេត្ត​ ដែល​កាន់តែ​ទាក់ទាញ​ដល់​ការ​វិនិយោគ​”។លោក​បាន​បញ្ជាក់​ថា​ “ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំងក្លា​រួច​ទៅ​ហើយ​ទៅ​ និង​មាន​ភាព​អំណោយផល​យ៉ាងច្រើន​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ចំរុះ​ ដែល​ស្ថិតនៅ​ក្នុង​គោល​បម​ណងរ​បស់​រដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ជា​មណ្ឌល​ហិរញ្ញវត្ថុ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​”។

សម្រាប់​ខេត្ត​ជាប់​តំបន់ឆ្នេរ​ចំនួន២ទៀត​ រួមមាន​ ខេត្តកំពត​ និង​កែប​ គឺ​មាន​ភាពល្អ​ប្រសើរ​ដំណាលគ្នា​ ដោយសារតែ​ខេត្ត​ទាំង២នេះ​ មាន​អំណោយផល​លើ​វិស័យ​ទេសចរណ៍​ដូចគ្នា​ ប៉ុន្តែ​វិសាលភាព​គឺ​នៅ​ឆ្ងាយ​ពី​ខេត្ត​ព្រះសីហនុ​។

​ដោយឡែក​ចំពោះ​សក្ដានុពល​របស់​ខេត្តកោះកុង​ នឹង​បង្ហាញ​នៅក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​ ដោយសារតែ​ខេត្ត​នេះ​ បច្ចុប្បន្ន​ចំនួន​ប្រជាសាស្ត្រ​នៅ​មានកម្រិត​ ហើយ​នៅ​មិនទាន់​មាន​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ថ្ងៃ​អនាគត​នឹង​មានសន្ទុះ​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ទេសចរណ៍​ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​ ដោយសារតែ​កោះកុង​មា​នព្រ​លាន​យន្ត​ចំនួន២​ ដែល​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​ ជាពិសេស​មាន​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here