ក្រសួងទេសចរណ៍ជំរុញឱ្យមានការស្រាវជ្រាវក្នុងគោលនយោបាយទេសចរណ៍

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានដាក់ផែនការ និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចជាអ្នកដែលអាស្រ័យផលក្នុងវិស័យទេសចរណ៍នៅកម្ពុជា ត្រូវសិក្សាស្រាវជ្រាវ និងមានគោលនយោបាយលើវិស័យទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យមួយនេះឱ្យមានការរីកចម្រើន និងអភិវឌ្ឍបន្ថែមទៀត។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី “ការសិក្សាស្រាវជ្រាវ និងគោលនយោបាយជាតិលើវិស័យទេសចរណ៍” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ការសិក្សាស្រាវជ្រាវ
គឺជាចំណេះដឹងយ៉ាងសំខាន់សម្រាប់ជួយពង្រឹងវិស័យទេសចរណ៍។

លោកបានមានប្រសាសន៍ថា “ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវស្របតាមចក្ខុវិស័យ បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើនបានមកទស្សនា និងសិក្សាពីកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ”។

លោកបានបន្តទៀតថា បានបញ្ជាក់ថា “សារៈសំខាន់នៃការសិក្សាស្រាវជ្រាវក្នុងគោលនយោបាយទេសចរណ៍ធ្វើឱ្យយើងអាចមើលឃើញពីបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយ ជួយក្នុងការអភិវឌ្ឍ និងផ្តល់បទពិសោធន៍ទេសចរណ៍ដែលអាចឆ្លើយតប ឬបន្ថែមលើសពីការរំពឹងទុករបស់ភ្ញៀវទេសចរ និងជួយបង្កើតការច្នៃប្រឌិតនិងគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍”។

នាយកវិទ្យាស្ថានជាតិទេសចរណ៍ លោកស្រី ប៉ូច វរលក្ខណ៍ បានមានប្រសាសន៍ផងដែរថា ៖ ការស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់និស្សិត និងអ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់អ្នកជំនាញទាំងអស់ ជាពិសេស ការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ត្រូវធ្វើឡើងក្នុងភាពជាដៃគូ ដើម្បីចងក្រងជាឯកសារស្នាដៃឆ្នើម និងផ្សព្វផ្សាយទេសចរណ៍ ដោយត្រូវផ្តោតទៅលើរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និងការគោរពនូវតម្លៃប្រពៃណី ទំនៀមទំលាប់របស់ជាតិ ក្នុងន័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយដែលមានការជ្រើសរើសពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ដោយធ្វើការបង្កើតយន្តការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ សមស្របតាមសន្ទុះរីកចម្រើននៃវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវដើរតួនាទីជាស្ពានដើម្បីសំរេចគោលដៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here