ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ​ចែករំលែក​ក្ដី​ស្រឡាញ់​ ដោយ​ផ្តល់​អំណោយ​ដល់​កុមារ​ជាង​ ៥០០នាក់​ ក្នុង​ថ្ងៃបុណ្យ​ណូអែល​

0

ដោយ វល័ក្ខ

ភ្នំពេញ៖ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​រៀបចំ​ និង​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​ដ៏​ពិសេស​មួយ​សម្រាប់​កុមារ​ក្រខ្សត់​ជាង៥០០នាក់​ នៅ​ភោជនីយដ្ឋាន​ និង​ផ្ទះបាយ​កុមារ​ LRDE​។

លោក​បណ្ឌិត​ Raymond​ Choi​ ជា​ប្រធាន​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​មានប្រសាសន៍​ថា​ “ទោះបីជា​ពួក​យើង​មាន​ភាព​មមាញឹក​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​របស់​ក្រុមហ៊ុន​យ៉ាងណាក៏ដោយ​ ​ក៏​ពួក​យើង​នៅតែ​បំពេញបេសកកម្ម​របស់​ពួក​យើង​ក្នុង​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​ ដើម្បី​ជួយ​ដល់​កុមារ​ជាច្រើន​រយ​នាក់​ដែល​កំពុងតែ​ជួប​ភាព​ខ្វះខាត​ ហើយ​ម្យ៉ាងទៀត​ ក៏ដូចជា​លើកទឹកចិត្ត​ក្រុមហ៊ុន​ដទៃទៀត​ឲ្យ​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជាមួយគ្នា​ ដែល​ទង្វើ​ដ៏​ល្អ​មួយ​នេះ​ គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការចែក​រំលែក​ក្តី​ស្រលាញ់​ទៅកាន់​មនុស្ស​គ្រប់រូប​ និង​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នៅក្នុង​សង្គម​ដែល​យើង​កំពុង​រស់នៅ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ” ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​ផ្តោត​សំខាន់​យ៉ាង​ខ្លាំង​ទៅលើ​ការងារ​ក្នុង​សង្គម​ ហើយក៏​តែងតែ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​ឱ្យ​ចូលរួម​គ្រប់​កម្មវិធី​សប្បុរសធម៌​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ វា​គឺជា​ច្បាប់​របស់​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងអស់​អាច​ចូលរួម​គ្រប់​កម្មវិធី​សប្បុរសធម៌​បាន​ទាំងអស់​ក្នុង​កំឡុង​ម៉ោង​ធ្វើការ​។

គោលបំណង​ដ៏​ចម្បង​របស់​ពួក​យើង​នោះ​គឺ​ ចង់ឱ្យ​ប្រជាជន​គ្រប់រូប​មានទម្លាប់​ល្អ​ក្នុង​ការ​ជួយ​សហគមន៍​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ឱ្យ​បាន​កាន់តែ​ច្រើន​។ “អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ នៅក្នុង​ឆ្នាំនេះ​ គឺជា​ឆ្នាំទី២ហើយ​ ដែល​លោក​បណ្ឌិត​ Raymond​ Choi​ បាន​តុបតែង​ខ្លួន​ជា​លោកតា​ណូអែល​(Santa​ Claus​) ហើយ​បាន​ផ្តល់​នូវ​កាដូ​ជាច្រើន​ទៅកាន់​កុមារ​ទាំងនោះ​ ដែល​មាន​ដូចជា​ អាហារ​ សម្លៀកបំពាក់​ ប្រដាប់​ប្រដា​ក្មេង​លេង​ និង​អនុស្សាវរីយ​ជាច្រើន​ ជាមួយនឹង​ក្រុម​គ្រួសារ​របស់​គាត់​ និង​ បុគ្គលិក​ដែល​ធ្វើការ​រួមគ្នា​ទាំងអស់​នៅផ្ទះ​បាយ​កុមារ​ LRDE​ ។

ជា​ការពិត​ណាស់​ Les​ Restaurant​ des​ Enfants​ (LRDE​) ឬក៏​ផ្ទះបាយ​កុមារ​ LRDE​ គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​ក្នុង​ស្រុក​មួយ​ ដែល​តែងតែ​ផ្តល់​អាហារ​ជាប្រចាំ​ថ្ងៃ​ដល់​កុមារ​ដែល​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​។

សម្រាប់​ពិធីបុណ្យ​ណូអែល​ក្នុង​ឆ្នាំ២០១៩​ នេះ​ផង​ដែរ​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​ចូលរួម​ជាមួយនឹង​ក្រុម​សប្បុរសធម៌​ជាច្រើន​ ក្នុង​ការ​ផ្តល់​នូវ​សេចក្តី​ស្រលាញ់​ និង​ ការ​យកចិត្ត​ទុកដាក់​ទៅកាន់​កុមារ​ដែល​រស់នៅ​ផ្ទះបាយ​កុមារ​ LRDE​ ទាំងអស់​ជាមួយនឹង​ស្នាម​ញញឹម​គ្រប់​ៗគ្នា​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ Urban​ Village​ ក៏បាន​បរិច្ចាគ​សម្លៀក​បំពាក់​ថ្មី​ៗជាង​ ៥០០​ កំប្លេ​ទៅដល់​កុមារ​ដែល​រស់នៅ​ផ្ទះបាយ​កុមារ​ LRDE​ ទាំងអស់​ផង​ដែរ​។

លោក​ Russel​ Tizon​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​និយាយ​ថា​ ” រាល់ពេល​ដែល​ខ្ញុំ​ឲ្យ​កាដូ​ទៅ​កាន់​ក្មេង​ៗទាំងអស់​នោះ​ ដែល​ពិតជា​ត្រូវការ​ក្តី​ស្រលាញ់​ និង​ការ​យកចិត្ត​ទុកដាក់​មនុស្ស​ជុំវិញ​ខ្លួន​ គឺ​ខ្ញុំ​តែងតែ​ប្រាថ្នា​នូវ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ​ឲ្យ​ក្លាយជា​ការពិត​ខ្លាំង​ណាស់​”។

សម្រាប់​ក្រុមការងារ​របស់​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ម្នាក់​ក៏បាន​បញ្ចេញ​ពី​អារម្មណ៍​ពិត​ក្នុង​ការ​តាំងចិត្ត​ថា​ គាត់​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នៅ​លើ​កក្រោយ​ៗទៀត​។

គាត់​បាន​និយាយ​ថា​ ” នេះ​គឺជា​លើក​ទី១របស់​នាងខ្ញុំ​ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​បែបនេះ​ ហើយ​នាងខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែល​ខ្ញុំ​បាន​ក្លាយជា​ធនធានមនុស្ស​ម្នាក់​ដែល​អាច​ផ្តល់​នូវ​សុភមង្គល​ទៅ​កាន់​ក្មេង​ៗទាំងអស់​នោះ​បាន​។

“នាងខ្ញុំ​នឹង​ធ្វើ​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរសធម៌​បែបនេះ​នៅ​លើ​កក្រោយ​ៗទៀត​” បើ​តាម​សម្តី​របស់​កញ្ញា​ ចាន់​ធា​ អ្នក​ប្រឹក្សា​ផ្នែក​លក់​ និង​ជួល​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ Prestige​ Home​ Cambodia​។

គួរ​ឱ្យ​រំលឹក​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​, ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ ” ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​” នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ Squarefoot​ Best​ of​ the​ Best​ លើក​ទី១០​ ក្នុង​ឆ្នាំ២០១៩​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here