ស្ពានអាកាសលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ

0

ដោយ ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសអ្នកដំណើរថ្មើរជើងដែលមានឈ្មោះថា «ស្ពានតេជោសន្តិភាពកំពង់ស្ពឺ» នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ស្ថិតក្នុងភូមិក្រាំងពលទេព និងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្សេព្វផ្សាយនៅក្នុងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ នេះឱ្យដឹងថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ នៅក្នុងបរិវេណប្រារព្វពិធីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលធ្វើចរាចរចេញ-ចូលឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោមចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដល់ម៉ោង ១០:០០នាទីព្រឹក។

១-ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុតាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣

២-ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមច្រកកណ្តោលដុំ (ផ្លូវលេខ១០៤និង១០៥) និង តាមផ្លូវបំបែកត្រង់ចំណុចចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចចភ្លើងស្តុបផ្លូវបំបែកច្បារមន។

លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “ខ្ញុំបាទ សូមគោរពជំរាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី ដែលជាខួប២០ឆ្នាំ នៃនយោបាយ«ឈ្នះ ឈ្នះ» ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសមួយនេះទទួលបាននូវសន្តិភាពយ៉ាងពេញលេញ ហើយផ្តល់ឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ”។

លោកបន្តថា “ជាក់ស្តែងនៅថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសដែលមានឈ្មោះ «ស្ពានតេជោសន្តិភាពកំពង់ស្ពឺ » ស្ថិតនៅត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាយោគយល់អធ្យាស្រ័យឱ្យរដ្ឋបាលយើងខ្ញុំបិទចរាចរណ៍មួយរយៈ (មួយព្រឹក)”។

ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវ ជាតិលេខ៤ ដែលមានប្រវែង ៣០ម៉ែត្រ កម្ពស់ ៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្រោមជំនួយឧបត្ថម្ភ ពីលោកស្រី សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here