ឆ្នាំ២០២០​ ជិត​ចូល​មកដល់​ អ្នកជំនាញ​នៅតែ​មាន​សុទិដ្ឋិនិយម​លើ​ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ខណៈ​ដែល​ឆ្នាំ២០១៩ជិត​កន្លង​ផុត​ ត្រៀម​ស្វាគមន៍​ឆ្នាំ២០២០ឈាន​ចូល​មកដល់​ បណ្តា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅតែ​មាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​មួយ​នេះ​ដដែល​ ជាមួយនឹង​ការ​លើកយក​ហេតុ​ផល​ផ្សេង​ៗពីគ្នា​មក​ធ្វើជា​សំអាង​។

នៅក្នុង​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ផ្អែក​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង​ បាន​បញ្ជាក់​ថា​ វិស័យ​សំណង់​ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុងចំណោម​ផ្នែក​ដទៃទៀត​នៃ​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​ប្រមាណ​ ៧៨,៨៨​ ភាគរយ​ ជាមួយនឹង​ទុន​វិនិយោគ​សរុប​ចំនួន​ ៩ ៣៥៣​ ៦៩៧​ ៤៧៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ឆ្នាំ២០១៨​ ទុន​វិនិយោគ​មានត្រឹមតែ​ ៥ ២២៨​ ៩៩២​ ៥២២​ ដុល្លារ​ប៉ុណ្ណោះ​ ។ ទាំងនេះ​គឺជា​ការ​បញ្ជាក់​ថា​ វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។

ដោយឡែក​សម្រាប់​ការព្យាករណ៍​នៅក្នុង​ឆ្នាំ២០២០​ ដែល​នឹង​ឈាន​មកដល់​ឆាប់​នេះ​បណ្តា​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ភាព​សុទិដ្ឋិនិយម​ដដែល​ ដោយ​សំអាង​ទៅលើ​ហេតុផល​មួយចំនួន​ដែល​បន្សល់ទុក​ពីឆ្នាំ​ចាស់​ រួម​ជាមួយនឹង​គម្រោ​ងថ្មី​ៗមួយចំនួន​គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ នៅ​ឆ្នាំ២០២០ខាងមុខនេះ​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដែល​វា​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ឱនភាព​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ “ខ្ញុំ​ដូចជា​មិន​មើលឃើញ​សញ្ញា​ណាមួយ​ដែល​អូសទាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​ធ្លាក់ចុះ​ជាង​ឆ្នាំ​ចាស់​នោះ​ទេ​ ផ្ទុយទៅវិញ​ គឺ​អាច​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៩​”។ លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​ ក៏ដូចជា​នៅ​ឆ្នាំ​បន្ទាប់​ គម្រោង​អភិវឌ្ឍ​ជាច្រើន​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ បើ​ទោះជា​នៅ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ជាដើម​ជួប​បញ្ហា​ក៏ដោយ​។

កម្ពុជា​ជា​ចំណុច​គោលដៅ​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ ដោយសារតែ​យើង​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ នៅ​មាន​សក្ដានុពល​ច្រើន​ក្នុង​ការ​វិនិយោគ​ ជាពិសេស​ការ​ព្យាយាម​ជំរុញ​ និង​អូសទាញ​ពីសំណាក់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​មក​ពី​ប្រទេស​ផ្សេង​ៗឱ្យមក​កាន់​កម្ពុជា​ ដោយ​បាន​ជួយ​សម្រួល​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​មួយចំនួន​ទៀតផង​។ ដូច្នេះ​ វា​ដូចជា​មិន​មាន​អ្វី​ដែល​ជា​សញ្ញា​បង្ហាញ​ពី​ឱនភាព​នោះ​ទេ​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោកស្រី​ តាំង​ ហួរ​ នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ “វា​ដូចជា​មិន​អ្វី​ប្រែប្រួល​នោះ​ទេ​។ មនុស្ស​មួយចំនួន​គាត់​និយាយ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០២០​ នឹង​ធ្លាក់ចុះ​ខ្លាំង​ ដោយសារតែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មួយចំនួន​ក្រោយ​ការ​បិទ​ Game​ Online​ ។

ហេតុផល​នេះ​គ្រាន់តែ​ជា​ចំណុច​តូច​តែប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្ដែង​គឺ​មិន​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ព្រោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ មិនមែន​មានតែ​ក្រុមហ៊ុន​តែមួយ​នោះ​ទេ​ គឺ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មក​ពី​បណ្តា​ប្រទេស​នានា​ជាច្រើន​ទៀត​ រួមមាន​ដូចជា​ កូរ៉េ​ ជប៉ុន​ និង​មួយចំនួន​ទៀត​មក​ពី​ប៉ែក​អឺរ៉ុប​”។

លោកស្រី​នៅតែ​មាន​ជំនឿ​ថា​ ឆ្នាំ២០២០ខាងមុខនេះ​ វិស័យ​អចលនទ្រព្យ​នៅតែ​រក្សា​ភាពល្អ​ប្រសើរ​ដដែល​ ឬអាច​ល្អ​ជាង​ឆ្នាំ​ចាស់​ជាមួយ​ចំណូល​វិនិយោគទុន​ថ្មី​មក​ចាក់​បំពេញបន្ថែម​ទៀត​។

ដោយឡែក​សម្រាប់​នាយិកា​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ ហាក់​យល់ឃើញ​ខុសពី​អ្នកជំនាញ​ទាំង២រូប​ខាងលើ​នេះ​ ដោយ​លោកស្រី​បាន​ព្យាករណ៍​ថា​ ឆ្នាំ២០២០​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ អាច​មាន​សភាព​ស្រដៀងគ្នា​នឹង​ឆ្នាំ២០១៩​ ឬអាច​ធ្លាក់ចុះ​បន្តិច​ក៏អាច​ថា​បាន​ដោយសារតែ​កត្តា​មួយចំនួន​ដែល​ពាក់ព័ន្ធ​។

លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ថា​ “តាម​ការ​មើលឃើញ​របស់ខ្ញុំ​ ក្នុង​ឆ្នាំ២០២០​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ទំនងជា​មិន​លូតលាស់​ខ្លាំង​នោះ​ទេ​ប្រើ​ធៀប​នឹង​ឆ្នាំ២០១៩​ ឬអាច​ធ្លាក់ចុះ​បន្តិច​ក៏បាន​ដែរ​។ ភាព​រីកចម្រើន​នៅក្នុង​វិស័យ​មួយ​មិនមែន​សំអាង​តែ​សកម្មភាព​ និង​សេដ្ឋកិច្ច​ក្នុង​ស្រុក​តែមួយ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ពាក់ព័ន្ធ​នឹង​បរិបទ​ជាច្រើន​នៅ​ជុំវិញ​ ទាំង​កត្តា​សេដ្ឋកិច្ច​ នយោបាយ​ កិច្ច​ទំនាក់ទំនង​ និង​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​បើ​និយាយ​ពី​សេដ្ឋកិច្ច​ពិភពលោក​ គឺ​ស្ថិតនៅ​ក្នុង​សញ្ញា​មិនល្អ​នៅឡើយ​ ហើយ​សូម្បីតែ​បណ្តា​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ដូចជា​គ្នា​ក៏​កំពុង​ជួប​ឱនភាព​ដែរ​ ដូចជា​ប្រទេស​ចិន​ និង​ថៃ​ ជាដើម​ ដូច្នេះ​ទាំងអស់​នេះ​ហើយដែល​ជាហេតុ​ផល​ដែល​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដោយប្រយោល​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here