ការសិក្សា​៖ ឆ្នាំ២០១៩​ ផ្ទះ​តម្លៃ​ក្រោម​ ៥ម៉ឺន​ដុល្លារ​មាន​តម្រូវការ​ខ្ពស់​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ តម្រូវការ​លំនៅឋាន​របស់​ពលរដ្ឋ​កម្ពុជា​ នៅតែ​បន្ត​មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយសារតែ​មានការ​កើនឡើង​នៃ​មនុស្ស​វ័យក្មេង​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ មានការ​រីក​លូតលាស់​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យោង​តាម​ការសិក្សា​របស់​គេហទំព័រ​ក្នុង​ស្រុក១​ ដែល​បាន​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​កន្លងមក​នេះ​ឱ្យ​ដឹង​ថា​ ផ្ទះ​តម្លៃ​សមរម្យ​ (ក្រោម​ ៥ ម៉ឺន​ដុល្លារ​) នៅតែ​មាន​តម្រូវការ​ច្រើនជាង​គេ​ នៅក្នុង​ឆ្នាំ២០១៩នេះ​ ​បើ​ទោះបីជា​ភាគរយ​បាន​ថយ​ចុះ​ប្រមាណ១០ភាគរយ​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ គឺ​គម្រោង​ចំណាយ​ចាប់ពី៥ម៉ឺន​ដុល្លារ​ទៅ​ ៧.៥​ ម៉ឺន​ដុល្លារ​ មានការ​កើនឡើង​ពី២១​% (ឆ្នាំ​ ២០១៨​) ទៅ​ ២៦​% (ឆ្នាំ២០១៩​)។

របាយការណ៍​បន្ថែម​ថា​ “យើង​អាច​សន្មត់​បាន​ថា​ការប្រែប្រួល​នេះ​ ដោយសារតែ​ការ​កើនឡើង​នៃ​ថវិកា​ និង​គម្រោង​ដ៏​ច្រើន​ ដែល​ទាក់ទាញ​ឲ្យ​អ្នកទិញ​ហ៊ាន​បោះទុន​ប្រកបដោយ​ជំនឿ​ជឿជាក់​”។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​គាំទ្រ​ ចំពោះ​ការបង្កើត​លំនៅ​ដ្ឋាន​ ដែល​មាន​តំលៃ​សមរម្យ​ ដើម្បី​ដោះស្រាយ​ការ​កើនឡើង​ចំនួន​ប្រជាជន​នៅ​កម្ពុជា​។ លោក​បន្ត​ថា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កំពុង​យកចិត្ត​ទុកដាក់​ បន្ថែម​ទៀត​ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រាប់​ផ្តល់​លំនៅ​ដ្ឋាន​ ដែល​មាន​តំលៃ​សមរម្យ​ សម្រាប់​ប្រជាជន​ចំណូល​ក្រោម​មធ្យម​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទទួល​បាន​លំនៅ​ដ្ឋាន​ប្រកបដោយ​ភាព​កក់ក្តៅ​ សេចក្តី​ថ្លៃថ្នូរ​ និង​សុវត្ថិភាព​ “។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ក្រសួង​ដែនដី​ កំពុងធ្វើការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​កំណត់​តម្លៃ​ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ​ និង​លើកទឹកចិត្ត​ចំពោះ​ពន្ធដារ​ និង​និយ័ត​កម្ម​នានា​ ដើម្បី​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​អនុវត្ត​ភារកិច្ច​នេះ​”។

ជា​រួម​តម្រូវការ​លំនៅឋាន​ ដែល​មាន​តំលៃ​សមរម្យ​នៅក្នុង​រាជធានី​ភ្នំពេញ​ គឺជា​និន្នាការ​មួយ​ ដែល​នឹង​បន្ត​កើនឡើង​ពេញ​មួយឆ្នាំ២០១៨​ និង​ឆ្នាំ​បន្តបន្ទាប់​។ ជាមួយនឹង​ការ​រំពឹង​ទុក​ថា​ ចំនួន​ប្រជាពលរដ្ឋ​នឹង​កើនឡើង​ នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ខាងមុខ​ ការ​គាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​ និង​អ្នក​អភិវឌ្ឍន៍​ដែល​បាន​សម្រប​ទៅ​នឹង​ទីផ្សារ​ក្នុង​ស្រុក​ គ្រួសារ​ជាច្រើន​នៅ​កម្ពុជា​នឹង​មាន​ ឱកាស​ទទួល​បាន​លំនៅ​ដ្ឋាន​សមរម្យ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​មុខ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here