ការ​វិនិយោគ​លើ​គំរោង​លំនៅ​ដ្ឋាន​បែប​លំហែ​រកា​យកើន​ឡើង​នៅ​កម្ពុជា​

0

ដោយ ​ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ការ​វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​ បែប​លំហែ​រកា​យកំ​ពុង​កើនឡើង​នៅ​កម្ពុជា​ ខណៈ​ដែល​ការស្វែងរក​កន្លែង​លំ​ហែរ​ និង​សម្រាក​កំសាន្ត​ពី​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​ទេសចរណ៍​កើនឡើង​។

ជាក់ស្តែង​គំរោង​ជាច្រើន​បាន​លេចឡើង​ ដូចជា​ គំរោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្ម​ជាតិ​ស្រះ​ខ្វាវ​ និង​ដី​ឡូត៍​ សម្រាប់​សាងសង់​ផ្ទះ​លំ​ហែរ​កាយ​ ភូមិឋាន​សំណាង​ គំរោង​វិ​និ​យោក​គ Relax​ Resort​ វិនិយោគ​របស់​ក្រុមហ៊ុន​ Macau​ Legend​ Development​ Limited​ ដែល​មាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ក្រុង​ហុងកុង​ ដែល​ក្រុមហ៊ុន​នេះ​បាន​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន ​Howing​ Enterprises​ នៅ​កម្ពុជា​ក្នុង​តម្លៃ៩០លាន​ដុល្លារ​ ក្នុង​គោលបំណង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណកម្ម​ (IR​) នៅ​ខេត្តសៀមរាប​។

ប្រធាន​នាយក​ប្រតិបត្តិ​ Macau​ Legend​ Development​ លោក​ Chow​ Kam​ Fai​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការទិញ​ដី​នេះ​មានបំណង​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណកម្ម​នៅ​ខេត្តសៀមរាប​ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ និង​ទទួល​នូវ​អត្ថ​ប្រយោជន៍​ពី​ឧស្សាហកម្ម​ទេសចរណ៍​ដែល​កំពុង​រីក​ ចម្រើន​របស់​កម្ពុជា​។

លោក​ឲ្យដឹង​បន្ត​ថា​ “ក្រុមប្រឹក្សា​ភិបាល​ចាត់ទុកថា​ លក្ខខណ្ឌ​នៃ​ការទិញ​លក់​នេះ​ត្រឹមត្រូវ​ និង​សម​ហេតុផល​ ហើយ​ការទិញ​នេះ​ស្ថិត​ក្នុង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគ​ទុ​និក​ទាំងអស់​របស់​ខ្លួន​”។ មក​ពីទី​ក្រុង​ម៉ាកាវ​ ដែល​គ្រោង​វិនិយោគ​រមណីយដ្ឋាន​ សមាហរណកម្ម​បែប​វិស្សមកាល​លើ​ផ្ទៃដី១២០០ហិ​កតា​ នៅ​ខេត្តសៀមរាប​ និង​គំរោង​ជាច្រើន​ទៀត​នៅ​ជាយក្រុង​ភ្នំពេញ​។

ទោះជាយ៉ាងណា​គំរោង​នេះ​ បា​នព​ន្យា​ពេល​រហូត​មកទល់​ពេលនេះ​ ដោយសារ​បញ្ហា​ការិយាធិបតេយ្យ​ ដែល​បាន​និង​កំពុង​ចាក់ស្រេះ​នៅ​តាម​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​។

ជាមួយគ្នា​នេះ​ លោក​ម៉ោង​ ម៉ា​តាំង​សហ​ស្ថាបនិក​ និង​ក្រុម​ភា​គហ៊ុនិ​កនៃ​គំរោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្មជាតិ​ស្រះ​ខ្វាវ​ និង​ដី​ឡូត៍​ សម្រាប់​សាងសង់​ផ្ទះ​លំ​ហែរ​កាយ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គំរោង​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ជាង២៣ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ជាង៤ហិ​កតា​ នឹង​ត្រូវ​រៀបចំ​ជា​រំ​ណី​យដ្ឋាន​ធម្មជាតិ​ ដោយមាន​អាងហែលទឹក​ ផ្ទះ​លំ​ហែរ​ កន្លែង​បោះតង់​ សួនច្បារ​ ស្ពាន​សម្រាប់​ទស្សនា​ព្រៃ​សហគមន៍​ជាដើម​។

លោក​បន្ត​ថា​ “ដោយសារ​យើង​មើលឃើញ​ប្រជាពលរដ្ឋ​ កាន់តែ​ច្រើន​បាន​ចាកចេញ​ពីទី​ក្រុង​នៅ​ចុង​សប្តាហ៍​ ដើម្បី​ស្វែងរក​កន្លែង​សំរាក​កាយ​ និង​លំ​ហែរ​ចុង​សប្តាហ៍​ ទើប​យើង​វិនិយោគ​គម្រោង​នេះ​ឡើង​”។ លោក​បន្ត​ថា​ “គំរោង​នេះ​មាន​ទីតាំង​ជាប់​ផ្ទះសំណាក់​បៃតង​ និង​គំរោង​រមណីយដ្ឋាន​ធម្មជាតិ​ស្រះ​ដូន​រីក​ ដែល​អភិវឌ្ឍន៍​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP​)”។

ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ក៏បាន​វិនិយោគ​រមណីយដ្ឋាន​និង​ផ្ទះ​លំ​ហែរ​កាយ​ចុង​សប្តាហ៍​នៅ​រមណីយដ្ឋាន​គិរីរម្យ​ផង​ដែរ​ ដែល​គម្រោង​នេះ​រួមមាន​ផ្ទះ​ស្នាក់នៅ​ច្រើន​ប្រភេទ​ ទីលាន​បោះតង់​ដែល​អាច​ផ្ទុក​មនុស្ស​បាន២០០០នាក់​ និង​គំរោង​ទីលាន​វា​យកូនហ្គោល​ជាដើម​។

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ A2A​ Town​ Cambodia ​លោ​កហ៊ិ​ន សុ​ជាតិ​ បាន​មានប្រសាសន៍​ថា​ វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បីឲ្យ​គំរោង​នេះ​ដំណើរការ​ ខណៈ​ការសាងសង់​ផ្ទះ​សម្រាប់​លំ​ហែរ​កាយ​លក់​ ទទួល​បាន​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​ ច្រើនជាង​អ្នក​វិនិយោគ​ក្នុង​ស្រុក​។លោក​បន្ត​ថា​ ក្នុងចំណោម​ផ្ទះ​លំ​ហែរ​កាយ​ ដែល​សាងសង់​សម្រាប់​លក់​ប្រមាណ៨០ផ្ទះ​ រហូត​មកទល់​ពេលនេះ​លក់​អស់​បាន​ប្រមាណ៦០ទៅ៧០ភាគរយ​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ ការ​វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​បែប​រមណីយដ្ឋាន​ ពិតជា​បាន​និង​កំពុង​កើនឡើង​ ដោយសារ​ប្រជាជន​ចាប់ផ្តើម​ស្វែងរក​ពេលវេលា​លំ​ហែរ​ ព្រោះ​ប្រាក់ចំណូល​ពួកគេ​កើនឡើង​។លោក​បន្ត​ថា​ យើង​អាច​ចាត់ទុកជា​ផលិតផល​ថ្មី​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​ តែ​មិនមែន​ជា​រឿង​ថ្មី​នៅ​បណ្តា​ប្រទេស​នានា​នោះ​ទេ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​បែបនេះ​ក៏​ជាផ្នែក​មួយ​ ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ផង​ដែរ​ ហើយ​ជា​ការ​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here