អ្នកឧកញ៉ា​គិត​ ម៉េ​ងសហការ​ជាមួយ​ចិន​បោះទុន​ជាង​ ២ ពាន់​លា​នយ័ន​អភិវឌ្ឍន៍​កោះ​រ៉ុង​

0

ដោយ​ វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រប់​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​បាន​បោះទុន​ប្រមាណ២​ ពាល់​លា​នយ័ន​ ( ជាង​ ១៨​ លាន​ដុល្លារ​អាមេរិក​) ដើម្បី​អភិ​ឌ្ឍ​ន៍​កោះ​រ៉ុង​ ជា​ «រមណីយដ្ឋាន​លំហែកាយ​ឆ្នេរខ្សាច់​»។

លោក​ Zhou​ Shuagngli​ ប្រធាន​ក្រុមហ៊ុន​ Royal​ Galaxy​ Group​ បានឱ្យ​ដឹង​នៅក្នុង​ពិធី​ជួបជុំ​ដៃគូ​រវិ​និ​យោគ​ចិន​ ដើម្បី​អភិវឌ្ឍន៍​កោះ​រ៉ុង​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ឱ្យ​ដឹង​ថា​ កោះ​រ៉ុង​ គឺជា​កោះ​ដែល​មាន​ឆ្នេរខ្សាច់​ដែល​ស្រស់​ស្អា​តសចែងចាំង​និង​ទឹកសមុទ្រ​កែវ​ផ្កាថ្ម​ចម្រុះ​ពណ៌​និង​មេឃ​ពណ៌ខៀវ​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ដែល​វា​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ជា​ឆ្នេរ​មួយ​ក្នុងចំណោម​ឆ្នេរ​ស្អាត​បំផុត​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ដោយ​ទស្សនាវដ្តី​ភូមិសាស្ត្រ​អាមេរិកាំង​។

លោក​បន្ត​ថា​ កោះ​រ៉ុង​ ត្រូវ​បាន​ចាត់ទុកជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្ត​ធ្វើដំណើរ​ទូទាំង​ពិភពលោក​ ដោយ​នៅពេល​នេះ​ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ គ្រុប​ និង​ រ៉ូ​យ៉ា​ល់​ ហ្គា​ឡាក់​ស៊ី​ គ្រុប​ បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ២ ពាន់​លា​នយ័ន​ ដើម្បី​សាងសង់​«រមណីយដ្ឋាន​លំហែកាយ​ឆ្នេរខ្សាច់​» ដែល​ជា​ការ​អភិវឌ្ឍ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ទីផ្សារ​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ តាមរយៈ​ការសាងសង់​ សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ កន្លែង​កម្សាន្ត​និង​ការកម្សាន្ត​បែប​ក្នុងទឹក​និង​កម្សាន្ត​បែប​ចិន​និង​លោកខាងលិច​ ក្លិប​កម្សាន្ត​ទូក​ ក្លិប​សមុទ្រ​ ហាង​ដែល​មិន​បង់ពន្ធ​និង​ផ្សារ​ទំនើប​ធំ​ ៗ ជាពិសេស​ ផ្ទះ​ វីឡា​ទេសភាព​សមុទ្រ​ជាង​ ៦០០ខ្នង​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ៣.០០០នាក់​នៅ​លើ​កោះ​ក្នុង​ពេល​តែមួយ​។

អ្នកឧកញ៉ា​ គិ​តម៉េ​ង ប្រធាន​ក្រុមហ៊ុន​ រ៉ូ​យ៉ា​លគ្រុប​ ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ បាន​ទទួល​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ទាំងមូល​ឱ្យ​ក្លាយទៅជា​លំដាប់​តំបន់​ទេសចរណ៍​ពាណិជ្ជកម្ម​ធម្មជាតិ​លំដាប់​ពិភពលោក​។ ដោយ​ទទួល​បាន​សិទ្ធិប្រទាន​ពី​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​កិច្ច​ព្រមព្រៀង​សម្បទាន​កោះ​រ៉ុង​ត្រូវ​បាន​ចុះ​លេខា​កាលពី​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០០៨​ រវាង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បន្ត​ថា​ ផែនការមេ​អភិវឌ្ឍន៍​កោះ​រ៉ុង​បាន​ទទួលការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងនាម​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែតុលា​ ឆ្នាំ២០០៨​ ដោយ​បាន​ប្រគល់​ទីតាំង​កោះ​រ៉ុង​ជា​ផ្លូវការ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​នៅ​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​ ២០០៨​។ ​

អនុលោម​តាម​អនុក្រឹត្យ​លេខ​ ១១៤​ អន​ក្រប​កចុះ​ថ្ងៃទី​ ២៩​ ខែសីហា​ឆ្នាំ​ ២០០៧​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រុមហ៊ុន​បាន​ធ្វើការ​ចុះបញ្ជី​ដីធ្លី​នៅ​បាន​ទទួល​វិញ្ញាបនបត្រ​ជួល​រយៈពេល​វែង​ចំនួន៣០​ ប័ណ្ណ​ នៅ​ថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០១៩​ ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ជា​ប័ណ្ណ​រឹង​សម្រាប់​ធ្វើការ​អភិវឌ្ឍ​អនុលោម​តាម​ផែនការមេ​ដែល​បាន​ទទួលការ​អនុម័ត​រួចហើយ​។

លោក​បន្ត​ថា​ក្រុមហ៊ុន​បាន​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​គឺ​សណ្ឋាគារ​ The​ Royal​ Sand​ Koh​ Rong​ ជា​ប្រភេទ​ផ្ទះ​វីឡា​មាន​អាងហែលទឹក​ចំនួន៦៧ខ្នង​ មាន​ជាង​ ១០០បន្ទប់​ ត្រូវ​បាន​សម្ពោធ​ធដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់ពី​សាងសង់​អស់​រយៈពេល​ជាង៣ឆ្នាំ​ បើ​គិត​ចាប់តាំងពី​ការ​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៥​ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

អ្នកឧកញ៉ា​គិត​ ម៉េ​ង បន្ថែម​ថា​ នៅក្នុង​ដំណាក់​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ទៀត​នេះ​ ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​សណ្ឋាគារ​និង​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​ ព្រមទាំង​កាស៊ីណូ​ច្រើន​ទៀត​ដើម្បី​អភិវឌ្ឍ​កោះ​រ៉ុ​ងនេះ​ឱ្យ​ប្រែក្លាយ​ជា​កោះ​ប្រវត្តិសាស្ត្រ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​និង​ព្រះរាជាណាចក្រ​កម្ពុជាក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បាន​សង្កត់ធ្ងន់​ថា​ ក្នុងនាម​ជា​អ្នកជំនួញ​មួយ​រូប​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​វិនិយោគិន​និង​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​បន្ថែម​ទៀត​មកកាន់​ប្រទេស​កម្ពុជា​។

ជាមួយគ្នា​នេះ​ដែរ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​សារ​ក្រវាត់​និង​ផ្លូវ​ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​នៅ​ប្រធានាធិបតី​ស៊ី​ជីង​ពីង​របស់​ប្រទេស​ចិន​និង​ដោយសារ​ភាព​មាន​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ចិន​និង​កម្ពុជា​កោះ​រ៉ុង​គឺជា​កន្លែង​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ​សម្រាប់​មក​វិនិយោគ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បន្ថែម​ថា​ ក្នុង​ពេល​កន្លងមក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មកលេង​ទីក្រុង​ភ្នំពេញ​នៅ​ខេត្តសៀមរាប​សម្រាប់​វិស្សមកាល​របស់​គេ​ គឺ​ត្រូវ​ទៅលេង​កម្សាន្ត​ឆ្នេរសមុទ្រ​នៅ​ប្រទេស​វៀតណាម​ឬ ប្រទេស​ថៃ​ ប៉ុន្តែ​នៅពេល​នេះ​ ពួកគេ​អាច​លេងកម្សាន្ត​ឆ្នេរខ្សាច់​នៅ​សណ្ឋាគារ​ផ្កាយ​ ៥ ដែល​មានស្រាប់​នៅ​លើ​កោះ​រ៉ុង​ ក៏​ដូច​តំបន់​វិ​សម្ស​កាល​ប្រណិត​ មានឈ្មោះ​ថា​ រមណីយដ្ឋាន​សណ្ឋាគារ​និង​កាស៊ីណូ​ Koh​ Rong​ Royal​ Silver​ Amusment​ Resorts​ and​ Casino​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​សាងសង់​ដោយក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ ហ្គា​ឡាក់​ស៊ី​ គ្រុប​ របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នៅ​លើ​កោះ​រ៉ុង​ ដោយ​នាំមក​នូវ​ផល​ចំណេញ​កាន់តែ​ច្រើន​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ការបង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ ឧ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​លើកទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​ជាតិ​-អន្តរជាតិ​ ដែល​បាន​ បណ្តាក់​ទុន​វិនិយោគ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកប​ ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។»។

លោក​បន្ត​ថា​ កោះ​រ៉ុង​ មានផ្ទៃ​ក្រឡា​ប្រមាណ​ ៧៨គីឡូម៉ែត្រ​ក្រឡា​ ជា​កោះ​ធម្មជាតិ​ដែល​មាន​ទំហំ​ធំជាង​គេ​លំដាប់​ទីពីរ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រ​ ពី​ក្រុង​ព្រះសីហនុ​។នៅ​ឆ្នំា២០១៦​ សង្កាត់​កោះ​រ៉ុង​ត្រូវ​បាន​រាជរដ្ឋាភិបាល​បំបែក​ជា​ពីរ​សង្កាត់​ គឺ​សង្កាត់​កោះ​រ៉ុង​ និង​សង្កាត់​កោះ​រ៉ុង​សន្លឹម​ ។

នៅ​ឆ្នាំ២០១៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុង​កោះ​រ៉ុង​ ដោយ​កាត់​យក​សង្កាត់​ចំនួន​ ០២​ ពី​ក្រុង​ព្រះសីហនុ​ គឺ​សង្កាត់​កោះ​រ៉ុង​ និង​សង្កាត់​កោះ​រ៉ុង​សន្លឹម​ តាមរយៈ​អនុក្រឹត្យ​លេខ​ ០២​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០៨​ ​ខែមករា​ ឆ្នាំ២០១៩​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here