ដោយគង់ សូរិយា
ភ្នំពេញៈ សណ្ឋាគារកម្រិតផ្កាយ៥ ដែលមានកំពស់ខ្ពស់ជាងគេលើកដំបូងនៅក្រុងភ្នំពេញ The Great Duke Phnom Penh បានប្រកាសបិទទ្វារចាប់ពីថ្ងៃទី៣១ ធ្នូស្អែកនេះ។
ជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះបានប្រកាសបិទទ្វារសោកស្តាយ ខណៈព៌តមានលំអិតពីការបិទទ្វារនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងលំអិតនោះទេ។
-->
គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូងកាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ The Great Duke Phnom Penh បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កាយ៥ ដែលមានអាយុជាង២ទសវត្សរ៍នេះបិទទ្វារ គឺដោយសារបញ្ហាសេដ្ឋកិច្ច។
សេចក្តីជូនដំណឹងបានលើកឡើងថា ជូនចំពោះបុគ្គលិកទាំងអស់។ អាស្រ័យដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយ សូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅបុគ្គលិកទាំងអស់ ត្រូវបានស្នើឲ្យសម្រាកមិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀត សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការ បិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោកធួន ស៊ីណានបានសម្តែងការសោកស្កាយ និងបានមានប្រសាសន៍ថា ការបិទទ្វារសណ្ឋាគារនេះសុខៗ នឹងធ្វើឲ្យប៉ះពាល់ផងដែរដល់មុខមាត់ទីក្រុងភ្នំពេញ ប៉ុន្តែលោកមិនបញ្ជាក់លំអិតនោះទេ៕