ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​កម្ពុជា​ ឆ្នាំ២០២០​ ជិត​មកដល់​ហើយ​!

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ កម្ពុជា​បាន​ទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ចាប់ពី​ថ្ងៃទី០៤​-០៦​ ខែមករា​ ឆ្នាំ២០២០​ ដោយ​ត្រូវ​ប្រណាំង​កាត់​ខេ​ត្ដ​ចំនួន​ ៤ រួមមាន​៖ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​ខេត្ត​កែប​ ហើយក៏​កំពុង​ខិតខំ​សហការ​យ៉ាង​សស្រាក់​សស្រាំ​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិភពលោក​នេះ​ផង​ដែរ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​លើកឡើង​ថា​ ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១នេះ​ នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់ឆ្នេរ​កម្ពុជា​ និង​រួមចំណែក​ផលិត​ធនធានមនុស្ស​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ ឆ្នាំ២០២៣​ នៅ​កម្ពុជា​ទៀតផង​។

ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ រៀបចំ​វគ្គ​បណ្ដុះ​បណ្ដា​លម​ន្ដ្រី​បច្ចេកទេស​កម្ពុជា​ ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ទទួលស្គាល់​ដោយ​ UCI​ ដែល​វគ្គ​នេះ​រៀន​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ផ្ទាល់​ ហើយ​ការអនុវត្ត​នឹង​យក​ព្រឹត្តិ​ការណ៍​នេះ​ជា​ពេលវេលា​សម្រាប់​អនុវត្ដ​។

លោក​ ថោង​ ខុន​ បាន​សង្កត់ធ្ងន់​ថា​ ក្រៅពី​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​របស់​តំបន់ឆ្នេរ​កម្ពុជា​ ក្រៅពី​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​ ក៏បាន​ជួយ​បំប៉ន​សមត្ថភាព​កីឡាករ​ជាតិ​កាន់តែ​ច្រើន​ផង​ដែរ​ ធនធានមនុស្ស​ក្នុង​ផ្នែក​ជំនាញ​ ធនធានមនុស្ស​ក្នុង​ផ្នែក​ទទួល​បដិសណ្ឋារ​កិច្ច​ និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​កម្រិត​ពិភពលោក​ ដែល​នឹង​ទទួល​បាន​ពី​ការរៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​លើកដំបូង​នេះ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត​ ស្រុក​ ក្រុង​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ជំរុញ​ និង​រៀបចំ​កិច្ចការ​ងារ​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ ក្រុមកីឡា​ករ​ជាតិ​-អន្តរជាតិ​ ពី​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ពួកគេ​ និង​ផ្សព្វផ្សាយ​ពីមុខ​មាត់​ប្រទេសជាតិ​ផង​ដែរ​។

មកដល់ពេលនេះ​មាន​ក្រុមកីឡា​ករ​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ ២០​ក្រុម​ហើយ​ ក្នុង​នោះ​ក្រុមកីឡា​ករ​កម្ពុជា​មាន​ចំនួន​ ២ក្រុម​ ហើយ​មាន​ក្រុមកីឡា​ករ​បរទេស​មក​ពី១៦ប្រទេស​ចូលរួម​ផង​ដែរ​។

ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ដែល​ធ្វើឡើង​នា​ដើមឆ្នាំ២០២០​ នឹង​បែងចែក​ជា៣ដំណាក់កាល​ ទី១​៖ ប្រណាំង​ថ្ងៃទី០៤​ ចេញពី​តារា​សាគរ​ ឆ្ពោះទៅ​ទីរួមខេត្ត​កោះកុង​ ទី២​៖ ប្រណាំង​ថ្ងៃទី០៥​ ចេញពី​រង្វង់​មូល​សាយ​ភូ​ថង​ ឆ្ពោះទៅ​ភ្នំបូកគោ​ ដោយ​ឆ្លងកាត់​ស្រុក​ព្រៃនប់​ និង​ទី៣​៖ ប្រណាំង​ថ្ងៃទី០៦​ ចេញពី​ជើងភ្នំ​បូកគោ​ក ឆ្ពោះទៅ​ខេត្ត​កែប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here