ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា តំបន់ភាគខាងត្បូងឈៀងខាងលិចនៃរាជធានីភ្នំពេញ ដែលភាគច្រើនស្ថិតនៅក្នុងខណ្ឌដង្កោ នឹងមានភាពរីកចម្រើនខ្លាំង ពិសេសវិស័យលំនៅដ្ឋានសំរាប់ឆ្នាំ២០២០ ដែលទើបមកដល់នេះ។

ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោកស្រីចេវ សុឃុន ដែលទើបតែឡើងកាន់តំណែងកាលពីពេលកន្លងទៅថ្មីៗនេះ បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិកថា នៅក្នុងឆ្នាំ២០២០នេះ តំបន់ដែលមានភាពទាក់ទាញក្នុងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានខ្លាំងជាងគេ គឺនៅតែស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញដដែល។
លោកស្រីបន្តទៀតថា “តាមការយល់ឃើញរបស់ខ្ញុំតំបន់ ដែលមានសក្ដានុពលក្នុងក្នុងវិនិយោគ គឺនៅតែស្ថិតនៅប៉ែកខាងត្បូង រាជធានីភ្នំពេញដដែល ដែលវានៅមិនទាន់មានអ្វីប្រែប្រួលខុសប្លែកកាលពីឆ្នាំចាស់២០១៩នៅឡយនោះទេ”។ លោកស្រីបានបញ្ជាក់ទៀតថា “ជាក់ស្ដែងគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗមួយចំនួនកំពុងតែផ្តោតទៅកាន់តំបន់មួយនេះ ដោយសារតែតំបន់នេះ ភាពល្អប្រសើរអំណោយផលដល់ការវិនិយោគ ជាពិសេសស្ថិតនៅក្បែរគម្រោងធំៗបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះ”។
គម្រោងផ្សារទំនើប AEON3 គម្រោងផ្សារទំនើបជីពម៉ុង គម្រោងផ្សារទំនើបរបស់ក្រុមហ៊ុនប៉េងហួត រួមជាមួយនឹងគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិមួយចំនួនទៀតបាននិងកំពុងចាប់ផ្តើម និងត្រៀមនឹងចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។
លោកស្រីចេវ សុឃុនបានបន្តថា “អាស្រ័យដោយគម្រោងវិនិយោគធំជាច្រើនបាន និងកំពុងបាញ់ឆ្ពោះទៅតំបន់នេះ គាប់ជូននឹងវិស័យលំនៅដ្ឋាន ហាក់នៅមានកម្រិតនៅឡើយនោះ វានឹងអំណោយផលដល់វិស័យមួយនេះបន្ថែមទៀត ដែលកាន់តែផ្តល់ឱកាសដល់ការវិនិយោគ និងអភិវឌ្ឍលើវិស័យលំនៅដ្ឋានផងដែរ ហើយមិនយូរមិនឆាប់វានឹងប្រែក្លាយទៅជាទីក្រុងថ្មីមួយទៀត”។
នាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោកម៉ម សិរីបញ្ញាបានមានប្រសាសន៍ថា សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន នៅក្នុងតំបន់នេះ ក៏មានសួនឧស្សាហកម្មមួយចំនួនផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។

ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្ន តំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដី ក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកម៉ម សិរីបញ្ញាបានបញ្ជាក់ទៀតថា “អ្វីដែលធ្វើឱ្យខណ្ឌដង្កោ ដែលស្ថិតតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ”។

អគ្គនាយកក្រុមហ៊ុន ខ្មែរ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានយល់ស្របទៅនឹងការលើកឡើងខាងលើនេះថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួន ទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លោកបានបន្តទៀតថា “ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញ លើវិស័យអចលនទ្រព្យមានទំនោរវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅតំបន់នេះ។
អ្នកវិនិយោគនៅតំបន់នេះផ្ទាល់បានសម្តែងសុទិដ្ឋិនិយមផងដែរ ទាក់ទងនឹងតំបន់នេះនាពេលអនាគត។

លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិគម្រោងបុរីលំនៅដ្ឋាន GALAXY 11 ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងកំពុងតែសម្រុកដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលស្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ពិតជាមានគម្រោងអភិវឌ្ឍធំៗ ចូលមកកាន់តំបន់នេះប្រាកដមែន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមនិងក្រោមមធ្យម។
លោកបានបន្តទៀតថា “សម្រាប់គម្រោងរបស់បុរី GALAXY 11 ដែលកំពុងសាងសង់នៅពេលនេះ គឺជាប្រភេទលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ដែលមានចែកចេញជា៣ប្រភេទ រួមមានដូចជា ប្រភេទ Shop House ផ្ទះវីឡាទោល និងវីឡាព្រីនស៍ (Prince) ដោយគ្រប់ប្រភេទនៃផ្ទះទាំងអស់ សុទ្ធតែត្រូវបានរៀបចំរចនាយ៉ាងវិចិត្រពីសំណាក់អ្នកជំនាញ”។

លោកបានបន្តទៀតថា ក្រៅពីយកចិត្តទុកដាក់ទៅលើការរចនាម៉ូត ប្លង់មេរបស់បុរីទាំងមូលដែលធានាថា ស្អាតទំនើបល្អឥតខ្ចោះនោះ នៅក្នុងបុរីក៏មានការស្ថាបនាផ្លូវភ្លោះទំហំ១៣ម៉ែត្រ មានរៀបចំជាកន្លែងកម្សាន្ត សួនច្បារសាធារណៈ មានពិភពបៃតងផ្តល់នូវបរិយាកាសដ៏ល្អ និងខ្យល់ត្រជាក់បក់មកពីស្ទឹង មានអាងហែលទឹក ជាពិសេស មានការរៀបចំជាក្លឹបហាត់ប្រាណបែបទំនើប ដោយមិនចាំបាច់ចំណាយពេលចេញទៅហាត់ប្រាណនៅក្រៅបុរីនោះឡើយ។

គម្រោងបុរី GALAXY 11 នៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយចំណាយពេលត្រឹម៥នាទីក្នុងការធ្វើដំណើរពីទីតាំង គម្រោងផ្សារទំនើប AEON3 តែប៉ុណ្ណោះ។ ប្រភេទលំនៅដ្ឋានប្រភេទShop House មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារឡើងទៅ។
ប្រភេទលំនៅដ្ឋាន វីឡាទោលមានតម្លៃចាប់ពីជាង១៤ម៉ឺនដុល្លារឡើងទៅ ។ ប្រភេទលំនៅដ្ឋាន វីឡា ព្រីនស៍មានតម្លៃចាប់ពីជាង ៣០ម៉ឺនដុល្លារឡើងទៅ ដោយគ្រប់ប្រភេទលំនៅដ្ឋានទាំងអស់ លោកអ្នកគ្រាន់តែកក់ត្រឹម៣០ភាគរយ ជាមួយនឹងការបង់រំលស់រយៈ១៨ខែដោយគ្មានការប្រាក់៕






