តើ​ទិស​ទាំង៤ជុំវិញ​ក្រុងភ្នំពេញ​មាន​សក្ដានុពល​ និង​ទាក់ទាញ​ខុសគ្នា​ដូចម្ដេច​លើ​វិស័យ​អចលនទ្រព្យ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បណ្តា​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ សុទ្ធតែ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ទៅលើ​តំបន់​ជាយក្រុង​នានា​ ជាពិសេស​តំបន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៣០​-៤០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗចំនួន៤​ រួមមាន​ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ ៦​A។

តំបន់​ដែល​ស្ថិតនៅ​ជាប់​រាជធានី​ភ្នំពេញ​ ឬតំបន់​ជាយក្រុង​ស្ទើរគ្រប់​ទីកន្លែង​ គឺ​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ដីធ្លី​យ៉ាង​ផុសផុល​ សម្រាប់​អភិវឌ្ឍ​ជា​វិស័យ​លំនៅ​ដ្ឋាន​ វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំ​ពន់​ទាំងអស់​នេះ​មានការ​កើនឡើង​ជាប់​ជាប្រចាំ​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​នេះ​ ប៉ុន្តែ​លោកស្រី​បាន​អះអាង​ថា​ សក្ដានុពល​ និង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក៏ដូចជា​តម្លៃនៅលើទីផ្សារ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​តំបន់​អភិវឌ្ឍន៍​នៃ​វិស័យ​នី​មួយ​ៗផ្សេងគ្នា​។

លោកស្រី​បាន​មានប្រសាសន៍​ប្រាប់​ តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២០កន្លងមក​ថា​ “តាម​បទពិសោធន៍​ និង​ការយល់ឃើញ​របស់ខ្ញុំ​ គឺ​ឱ្យ​តែ​នៅ​តំបន់​ជាយក្រុង​ក្រុង​ ជាពិសេស​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ តែងតែ​ជា​តំបន់​មាន​សក្ដានុពល​ទាំងអស់​នៅ​ឆ្នាំ២០២០នេះ​ ហើយនឹង​នៅតែ​បន្ត​ទៅ​ឆ្នាំ​បន្ទាប់​ទៀត​ក្នុងរយៈពេល​យូរ​ មិនថា​ស្ថិតនៅ​ក្នុង​កាល​ទេស​ណា​នោះ​ទេ​” ។

ទោះជា​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដីធ្លី​ ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ក៏ដូចជា​តំបន់​ជាយក្រុង​មានកម្រិត​ខ្ពស់​ពិតមែន​ ប៉ុន្តែ​ចំពោះ​តម្លៃ​ដីធ្លី​វិញ​ គឺ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​ ដែល​វា​អាស្រ័យ​ទៅលើ​ការប្រើ​ប្រាស់​ដី​ បម្រើ​ឱ្យ​វិស័យ​នី​មួយ​ៗ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​លំនៅ​ដ្ឋាន​ វិស័យ​ឧស្សាហកម្ម​ និង​រោងចក្រ​ ក៏ដូចជា​វិស័យ​ឃ្លាំង​ជាដើម​។

លោកស្រី​ តាំង​ ហួរ​ បាន​លើកឡើង​ថា​ សម្រាប់​តំបន់​ដែល​មាន​សក្ដានុពល​ និង​សមស្រប​ទៅ​នឹង​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ ជាពិសេស​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​ថ្មី​ស្ថិត​ក្នុង​ខណ្ឌដង្កោ​ ដោយសារតែ​តំបន់​ទាំងនេះ​មាន​អំណោយផល​ទៅ​ទីតាំង​ភូមិសាស្ត្រ​ កៀក​នឹង​ទីប្រជុំជន​ក្រុង​ មាន​គម្រោង​មណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ រួម​ជាមួយនឹង​ហេ​ដ្ឋា​រចនា​សម្ព័ន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ តំបន់​បន្ទាប់​ដែល​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ស្ថិតនៅ​តាមផ្លូវ​ជាតិ១​ និង​ផ្លូវជាតិ​លេខ៦​ ។ ដោយឡែក​ សម្រាប់​តំបន់​ក្បែរផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ តំបន់​ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥១​ ភាគច្រើន​គឺ​ស័ក្ដិសម​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ និង​ឃ្លាំង​ ដោយសារតែ​តំបន់​ទាំងនេះ​ មាន​ភាព​អំណោយផល​ និង​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ ឆ្ពោះទៅ​កាន់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​។

លោក​កាង​ សុធី​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Land​ Station ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តម្លៃ​ដី​នៅ​ជាយក្រុង​នៅតែ​មាន​ឳកាស​កើនឡើង​បន្ត​ទៀត​ ហើយ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗ ពិសេស​ផ្លូវជាតិ​លេខ៦អា​ តំបន់​ស្រុក​មុខកំពូល​នឹង​មានការ​អភិវឌ្ឍ​លឿន​ ហើយ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ លេខ៣​ ក៏​នឹង​មាន​ចរន្ត​នៃ​ការ​វិនិយោគ​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “ជា​ស្វ័យប្រវត្តិ​ ពេលណា​មាន​គំរោង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ទៅដល់​ មាន​មនុស្ស​រស់នៅ​ច្រើន​នឹង​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ នឹង​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here