គង់ សូរិយា
ភ្នំពេញ ស្របពេលកម្ពុជាមិនទាន់មានក្រុមហ៊ុនច្រើន មានជំនាញខាងការគ្រប់គ្រងអចលនទ្រព្យ(property Management) អ្នកអភិវឌ្ឈន៍មួយចំនួនមិនសូវមានការយល់ដឹង ពីផ្នែកដ៏មានសារៈសំខាន់នេះនោះទេ ខណៈសេវាគ្រប់គ្រងអចលនទ្រព្យ គឺជាសេវាមួយដែលបានជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញ បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិមួយនេះ ទទួលបានសិទ្ឋគ្រប់គ្រងអាគារDiamond Twin Towerនៅទីក្រុងកោះពេជ្រថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។
អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអចលនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ”។