ដោយៈ រ៉ាណេត
កំពតៈ ខេត្តកំពតមួយរយៈពេលចុងក្រោយ គឺកំពុងតែព្យាយាមបង្ហាញពីសក្ដានុពល រួមជាមួយគម្រោងអភិវឌ្ឍនានាជាច្រើន ជាពិសេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍កម្សាន្តបែបធម្មជាតិ និងតំបន់សមុទ្រ ខណៈដែលគម្រោងកំពង់ផែទេសចរណ៍របស់រដ្ឋាភិបាល កំពុងតែស្ថិតនៅក្នុងដំណាក់ដំបូង នៃការសាងសង់នៅឡើយ។
ទឹកដីខេត្តកំពត ដែលកំពុងតែមានភាពទាក់ទាញខ្លាំង លើការវិនិយោគក្នុងវិស័យទេសចរណ៍យ៉ាងគំហុក និងច្រើនគម្រោងនៅពេលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា ខេត្តដែលស្ថិតនៅជាប់តំបន់សមុទ្រ និងព្រៃភ្នំមួយនេះ មានសក្ដានុពលខ្លាំងទៅលើវិស័យទេសចរណ៍ច្រើនជាង ការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ។
នាយកក្រុមហ៊ុនអចលទ្រព្យ KEY Real Estate លោកសន សៀប បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។
លោកបានបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ រួមជាមួយនឹងគម្រោងថ្មីបន្តបន្ទាប់ទៀត មិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាក់មិនខាន”។
លោកសន សៀបបានបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃចំនួនទេសចរនៅខេត្តកំពត និងកែប គឺកើនជាប្រចាំ ព្រោះជះឥទ្ធិពលមកពីក្រុងព្រះសីហនុ ដែលកំពុងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអគារនានាផងដែរនោះខេត្តកំពត ងាយស្រួលក្នុងការធ្វើដំណើរ និងមានភាពអំណោយផលពីធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ទេសចរកម្សាន្ត។
លោកបន្តថា “ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំង ទៅលើការអភិវ ឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍ វិស័យលំនៅដ្ឋានបែបលមហែរកាយផងដែរ”។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន នៅក្នុងខេត្តកំពត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន លោកឧកញ៉ានួន រិទ្ធី បានលើកឡើងថា កំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា។
លោកឧកញ៉ាបានបន្តទៀតថា “វិស័យលំនៅដ្ឋានទូទៅនៅក្នុងខេត្តមួយនេះ ហាក់មិនសូវមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែបើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយ កម្សាន្តនៅតំបន់កម្សាន្តមួយចំនួនអាចមានតម្រូវការ ដែលនឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់”។ លោកបានបញ្ជាក់ថា “បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ហាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះលឿនឬឆាប់ គឺអាស្រ័យទៅលើសន្ទុះ នៃកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង”។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា កំពត ជាខេត្តដែលមានភាពទាក់ទាញលើការវិនិយោគនិងអភិវឌ្ឍលើវិស័យទេសចរណ៍ និងលំហែរកាយ។ លោកបានបន្តទៀតថា ដោយសារតែសម្លឹងឃើញពីសក្ដានុពលទាំងនេះ គម្រោង FOREST HAMONY បានបង្ហាញវត្តមាននៅក្នុងខេត្តនេះ ហើយក៏ជាការចូលរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តកំពតឱ្យកាន់់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា “នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឱ្យខេត្តកាន់តែមានភាពទាក់ទាញ ដោយសារគំរោងFOREST HAMONY សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅប្រកបដោយភាពបៃតង និងការលំហែរប្រកបដោយស្តង់ដាអន្តរជាតិ”។
ទាក់ទងនឹងគម្រោង FOREST HAMONY ត្រូវបានផ្តោតទៅលើប្រភេទវីឡាលំហែរកាយ មានចំនួន៩០ខ្នង សាងសង់នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ឋ ។
ផ្ទះនិមួយៗ មានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួនជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។ ដោយផ្តោតលើការសម្របខ្លួន ជាមួយនឹងលក្ខខ័ណ្ឌប្រែប្រួលអាកាសធាតុ គំរោងនេះត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើងដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅមានផាសុខភាព។
វីឡានិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី៣៦០ ទៅ៧២០ម៉ែត្រការ៉េកំពស់២ជាន់ និងមានការរៀបចំសួនច្បារយ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡាលំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិកដល់ជាង២២ម៉ឺនដុល្លារ ហើយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ។បច្ចុប្បន្នក្រុមហ៊ុន Forest Hamony បាននិងកំពុងទទួលការកក់ប្រាក់ពីអតិថិជនបណ្តើរៗហើយ៕